ភ្នំពេញ៖ ព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៦ លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួមជាមួយ ឯកឧត្តម លោកស្រី ឧកញ៉ា មន្រ្តីរាជការជុំវិញខេត្តស្វាយរៀង បានវេរនិងប្រគេនទៀនព្រះវស្សាដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន៤០វត្ត ហើយពិធីនេះត្រូវបានរៀបចំនៅវត្តជម្ពូរព្រឹក្សា ដែលស្ថិតនៅក្នុងសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
ក្នុងចំណោម ៤០វត្តនោះគឺមានមកពី ស្រុកស្វាយជ្រុំ២០វត្ត ស្រុកកំពង់រោទិ៍៥វត្ត និងក្រុងស្វាយរៀង១៥វត្ត ហើយក្នុងមួយវត្តៗទទួលបាន ទៀនធំ ១គូ ប្រេង ២០លីត្រ អង្ករ ៥០គីឡូក្រាមស្លាដល ១ ទឹកដោះគោ ១កេស មី ២កេស ទឹកក្រូច ២កេស ទឹកសុទ្ធ ២កេស ត្រី ខ ១ឡូ ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ ស្ករស ២គីឡូក្រាម ធូប ១ដុំ ទៀនតូច ១គីឡូក្រាម តែ ៥កញ្ចប់ ខ្ទឹមស ១ថង់ ប៊ីចេង ១ថង់ អំបិល ១ថង់ ប្រហុក ១ថង់ នំអន្សម ២ និងបច្ច័យ១០ម៉ឺនរៀល ហើយនិងបានប្រគេនចង្ហាន់ថ្ងៃត្រង់ដល់ព្រះសង្ឃដែលបាននិមន្តមកចូលរួមក្នុងកម្មវិធីនេះផងដែរ៕
ដោយ៖ សុវណ្ណារ៉ា