សិរីមង្គល ពិធីពិសាស្លាដក់កន្សែង កូនស្រីឯកឧត្តម ម៉ម ប៊ុននាង និងលោកជំទាវ រំលេចពីការប្រកាន់ភ្ជាប់នូវទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរ

ចែករំលែក៖

ភ្នំពេញ ៖ សិរីមង្គល ពិធីពិសាស្លាដក់កន្សែង កូនស្រីឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ និងជាអ្នកនាំពាក្យ នៃព្រឹទ្ធសភា (គណៈកម្មការទី១០) និងលោកជំទាវ ធុល ឡាវី «កូនស្រីនាម ម៉ម ពេជ្រសង្វារ ជាមួយ លោក ម៉ក់ ចាន់ដារាវុធ និងលោកស្រី សុង លីលី «កូនប្រុសនាម ម៉ក់ ចាន់ហង្សលី» ដែលបានប្រព្រឹត្តទៅនៅថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំថោះ បញ្ចាស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង៨ព្រឹក នៅភូមិគ្រឹះខាងស្រី លេខ២២២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ភ្ញៀវកិត្តិយស មាន ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ដើម្បីប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល ក្នុងពិធី ពិសាដក់ស្លាកន្សែង កូនប្រុស កូនស្រី ពិតជាជាប់ចិត្ត ផ្តោតអារម្មណ៍ មិនជិនណាយចោលក្រសែភ្នែកសំឡឹងមើល ឱ្យតម្លៃក្នុងសិរីមង្គលនេះ គ្រប់គ្នា ពីការរក្សាបាននូវរបៀប គោរពតាមទំនៀមទំលាប់ប្រពៃណីជាតិខ្មែរ គ្រប់ឈុតនៃសម្លៀកបំពាក់ នេះជាដើម។

ភ្ញៀវកិត្តិយស បានឃើញ សិរីមង្គល ពិធីពិសាស្លាដក់កន្សែង រៀបរាប់ជាលក្ខណះ ក្បួនខ្នាត សម័យបុរាណ ដែលអ្នករៀបចំកម្មវិធី មានបទពិសោធន៌ យល់ដឹងយ៉ាងច្បាស់ ធ្វើតាមលំដាប់លំដោយដល់ចប់កម្មវិធី ។

សូមបញ្ជាក់ថា ៖ កូនស្រីឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ និងជាអ្នកនាំពាក្យ នៃព្រឹទ្ធសភា (គណៈកម្មការទី១០) និងលោកជំទាវ ធុល ឡាវី «កូនស្រីនាម ម៉ម ពេជ្រសង្វារ ជាមួយ លោក ម៉ក់ ចាន់ដារាវុធ និងលោកស្រី សុង លីលី «កូនប្រុសនាម ម៉ក់ ចាន់ហង្សលី» យកសំអាងការ ប្រណិតពិធី -Pronith Pithy Wedding Planner , ថតរូបដោយហាង Stellar Picture , ផាត់មុខដោយ Mr Mo ,រៀប​ចំ​ដោយ​ហាង​ផ្តា​ Daisy Wedding ។

សិរីមង្គល ពិធីពិសាស្លាកន្សែង បើយោងតាមការដកស្រង់ពីសៀវភៅពិធីបុណ្យ ទំនៀមទម្លាប់ខ្មែរ បានរៀបរាប់ហូរហែរ ជាប្រពៃណីល្អផូផង់របស់ជាតិយើង ។ ដូចជាមានបញ្ជាក់តាមទម្លាប់ដូចខាងក្រោម ៖

ក . ការ ចែចូវ មាតាបិតាខាងកូនប្រុសកាលបើសម្គាល់ ឃើញកូនស្រី នរណាម្នាក់គួរជាទីពេញចិត្ត ហើយ ចង់បានធ្វើជាអនាគតកូនប្រសារ ត្រូវ ពឹងពាក់អ្នកស្រឡាញ់ទុកចិត្តណាម្នាក់ ( ហៅថាអ្នកផ្លូវ ) ឱ្យចូលទៅស៊ើបមើលថា ៖តើនាងកញ្ញានោះ នៅទំនេរដែរឬទេ ? ការ ចែចូវត្រូវមានបីលើក គឺ ៖
លើកទី១ ៖ អ្នកផ្លូវគ្រាន់តែចូលទៅ សួរសុខទុក្ខតែដៃទទេ ។     លើកទី២ ៖ អ្នកផ្លូវចូលទៅ តែដៃទទេ ទៀត ។ និយាយលេង ពីនេះ ពីនោះ ។ គ្រាន់តែស្ទង់ចិត្តថ្លើម មាតាបិតា ខាង កូនស្រី ។     លើកទី៣៖ បន្ទាប់ពីអ្នកផ្លូវ គិតថាមាន សង្ឃឹមលើកនេះ ត្រូវមានប្រដាប់កំដរដៃ បន្តិចបន្តួច យកទៅជាមួយផង ដូចជា បារី ម្លូ ស្លា ដាក់ក្នុងពាន ។
ខ . ការស្តីដណ្តឹង មាតាបិតាខាងប្រុស រកមនុស្ស អ្នកមុខ អ្នក ការ មានវោហា ៣ នាក់ ឱ្យធ្វើជា អ្នកផ្លូវ ចូលទៅស្តីដណ្តឹង កូនស្រី ដោយមានរង សម្ងាចមួយ គឺរង ឬ ថាស ប្រាក់ (ឬ ស្ពាន់) ក្រាលកន្សែង បញ្ចពណ៌ ( ច្របុច ) រៀប គ្រឿងប្រអប់ ស្លាគ្រប់ប្រដាប់ មានស្លា ម្លូ ថ្នាំជក់ ស្លា ជ្វា កំបោរ ជារបស់កំដរដៃ ដូច កាលពីពេលចែចូវ និងត្រូវមានផ្លែឈើ ឬ នំ មួយគូ ពីរគូទៀតផង ។ ពិធីស្តីដណ្តឹង ក៏ត្រូវមាន ៣លើកដែរ ប៉ុន្តែសព្វថ្ងៃគេនិយមធ្វើ តែមួយលើកជាការស្រេច ។
លើកទី១៖ អ្នកផ្លូវ ត្រូវជម្រាបទៅ មេបា ជា ពាក្យយ៉ាងនេះថា៖ “ សូមទានសូមជម្រាប អស់លោក មេបា តូចធំ ត្រកូល រៀមច្បង សូមទានជ្រាបដ្បិត ( ប្រាប់នាម និងងារ មាតាបិតា ខាងប្រុស ) ពឹងពរ រកយើងខ្ញុំ ទាំង៣ នាក់ឱ្យធ្វើជាអ្នកផ្លូវ នាំភ័ស្តុភារ បណ្ណាការមកជូនលោកមេបា សុំស្គាល់ សុំ ស្រឡាញ់ ជាសម្ព័ន្ធមិត្រ នឹង អស់លោក មេបាតូច ធំ ទាំងអស់តរៀងទៅហើយ សូម ស្តីដណ្តឹងកូនស្រី លោកមេបា ឈ្មោះ នាង ……… ថានៅទំនេរ ឥតមានទាក់ទាមសម្តី នឹងអ្នកណាទេ ឬដូចម្តេច ? មេបាឆ្លើយថា ៖ កូនស្រីរបស់ខ្លួន ជាប់សម្តី នឹងញាតិ គេបាននាវទុកតាំងពីតូចមក តែ ឥឡូវបាត់ដំណឹងសូន្យឈឹងមិនដឹងជាយ៉ាងណា ? ( សូម្បីគ្មានគេនាវទុកក៏ដោយ ក៏ មេបា ត្រូវតែប្រើពាក្យសម្តីបែបនេះដែរ ព្រោះដើម្បីឱ្យតម្លៃ និងលើកតម្កើង កិត្តិយសកូនស្រី ) ។           អ្នកផ្លូវជម្រាបបន្តថា ៖ បើដូច្នោះ សុំ លោកមេត្តា ដោះជំពាក់សម្តី នឹងញាតិនោះ ឱ្យទាន ក្រែងបានប្រកប និងបានជាសម្ព័ន្ធ មិត្រ នឹងគ្នាតរៀង ទៅ … ” ។
លើកទី២ ៖ អ្នកផ្លូវ ចូលទៅដូចមុន ហើយ និយាយថា ៖ “ … ដ្បិតជើងមុនយើងខ្ញុំ សុំឱ្យ លោកមេបាដោះពាក្យ ដែលជំពាក់នោះ ឥឡូវនេះ លោកបានដោះរួចហើយ ឬ នៅ ? ” មេបា ឆ្លើយតបថា ៖ “ យើងបានដោះពាក្យ ជំពាក់នោះរួចហើយ ! ”         អ្នកផ្លូវ ត្រូវជម្រាបបន្តថា ៖ “ សូមទាន សូមជម្រាប លោកមេបា តូចធំ ត្រកូលរៀមច្បង សូមទានជ្រាប ! ដ្បិត លោក ……… អ្នក ……ពឹងយើងខ្ញុំជាអ្នកផ្លូវ មកសុំជាសាច់ ជាសន្តាន ជាស្ពានមេត្រី សុំដណ្តឹងនាង ……….. ជាកូនលោក ………. អ្នក ………ឱ្យ ជាគូសម្ព័ន្ធវង្ស នឹងលោក ………. ជា កូនប្រុស …….. លោក ……… និង អ្នក ….

។  គួរពុំគួរ យើងខ្ញុំ សូម អភ័យទោស ” ។         មេបាឆ្លើយថា ៖ “ យើងសព្វថ្ងៃរកតែ ញាតិច្រើនក្រែងដើរជិតឆ្ងាយ ស្ទាក់ស្ទើរ ដំណើរគ្រាន់ នឹងបានជាទីសំចត ស្នាក់អាស្រ័យសោះ នឹងបារម្ភតែត្រង់មកដណ្តឹង កូនស្រីយើងខ្ញុំ នេះយើងខ្ញុំយល់ថា អ្នកខាង ណេះ មិនគួរ នឹងមកចង់ជាប់សាច់សន្តាន នឹងយើងសោះ ព្រោះកូនស្រីយើងខ្ញុំ មាន រូបឆោមលោម ពណ៌ សម្បុរ មិនឆើត ហើយ ល្ងង់ខ្លៅ មិនចេះធ្វើការ រកស៊ី ឱ្យពិតប្រាកដ ផង ក្រែងបានទៅជាសាច់ញាតិ ហើយត្រឡប់ ទៅជាមានតំណិះតិះដៀល ដោយហេតុផ្សេងៗ មកដល់យើងជាមេបានេះ ” ។       អ្នកផ្លូវ ជម្រាបថា ៖ “ ហេតុត្រង់ណេះ សុំកុំឱ្យលោកមេបា ព្រួយទោះបី អាក្រក់ល្អ ស ខ្មៅ ជួរជងដូចម្តេច ចេះតែស្រឡាញ់ មិន មានរង្គៀស គ្នាន់ខ្នាញ់ ដោយហេតុអ្វីៗទេ បានជាសង្វាតសុំទាំងម្ល៉េះ សូមលោកមេបា មេត្តាអនុគ្រោះ អនុញ្ញាតឱ្យទាន ” ។ មេបា ឆ្លើយថា ៖ “ បើដូច្នេះ អ្នកទៅវិញសិន ចុះ ចាំយើងពិគ្រោះ នឹងញាតិ ជិតឆ្ងាយ មើលសិន ” ។
លើកទី៣៖ អ្នកផ្លូវ សុំស្តីដណ្តឹងម្តងទៀត តែ មេបាតូច ( មេបាស្រី ) ឆ្លើយថា ស្រេចលើ មេបាធំ ( មេបាប្រុស ) ។ មេបាប្រុស ឆ្លើយថា ៖ “ អ្នកនិយាយសុំស្តីដណ្តឹងកូនចៅយើងនេះ យើងនឹងនិយាយកិច្ចការអ្វីជាស្រេចដាច់ខាត នឹងអ្នកជា អ្នកផ្លូវ ពុំទាន់បានទេ ដ្បិតអ្នកជាស្រី មានស្មារតី តិច ច្រើនភ្លេចមុខ ភ្លេចក្រោយ ក្រែងនឹងទទួល ការសព្វគ្រប់ពុំបាន បើដូច្នេះសូមអ្នកត្រឡប់ ទៅប្រាប់ អ្នកសាមីដើមការ ឱ្យពឹងពររក ប្រុស៣នាក់ ដែលចេះដឹង ចាំ វិធីការ ធ្លាប់ធ្វើជាមហាមកប្រាស្រ័យ នឹងយើងជា មេបា ធំ ដើម្បីនឹងនិយាយការតទៅ ” ។ បន្ទាប់មក អ្នកផ្លូវ ទៅប្រាប់អ្នកសាមីដើមការ តាម សំដីមេបាធំ ។

គ – ការស្តីដណ្តឹង ភ្ជាប់ពាក្យ
មេបា ខាងប្រុសបានបង្គាប់ឱ្យអ្នកផ្លូវ ជ្រើសរើសរកបុរសបីនាក់ធ្វើ ជាមហាដើម្បី និយាយការស្តីដណ្តឹង ។
លោកមហាត្រូវ ជម្រាបទៅលោកមេបាថា៖
សូមទានជ្រាប ជម្រាបលោក មេបាតូចធំ ត្រកូលរៀមច្បង សូមទាន ជ្រាប ! ដ្បិត ពេលនេះ អ្នកសាមីដើមការ បានពឹងពរ រក ខ្ញុំបាទនាម ……….. មានងារ ជា ……….. ប្រពន្ធឈ្មោះ …………. នៅភូមិ …….. សង្កាត់ ………. ស្រុក …. ខេត្ត ……….ឱ្យធ្វើ ជាមហាមកប្រណិប័តន៍ លោកមេបា ជម្រាប ការមង្គលដូចតទៅ ។ ហើយបើគួរ ពុំគួរសូម ប្រសាសន៍ !
លោកមេបា ឆ្លើយតបថា ៖ យើងជាមេបា ពិនិត្យទៅឃើញថា   អ្នកទាំងបីស័ក្តិសមល្មម ធ្វើជាមហា និយាយការមង្គលបានហើយ សូមរៀបចំប្រាណ តាមរបៀបមហាឱ្យ ពេញលក្ខណៈមកចុះ ។           លោកមហា ម្នាក់ក៏ប្តឹងថា ៖ បើអញ្ចឹងយើងខ្ញុំ ទាំងបីសូម អនុញ្ញាតពាក់អាវផាយ ស្រាយមាត់ថង់ តម្រង់មាត់ពែង អុជទៀន ប្រណិប័តន៍ ចាក់ ស្រា ឬ តែពែងពីរ គោរពលោកមេបា ដូចតទៅ ។ សូមទានជ្រាប ជម្រាបលោក មេបាតូចធំ ត្រកូលរៀមច្បង សូមទាន ជ្រាប ដ្បិតវេលាគ្រាឥឡូវ លោក ……….. អ្នកស្រី ……… ជាសាមីដើមការ បានពឹងយើងខ្ញុំ ទាំង បីនាក់ ជាមហាមកប្រណិប័តន៍ លោកមេបា ដើម្បីសូមស្តីដណ្តឹងនាង ………. ជាកូនស្រី លោកមេបាឱ្យជាសម្ព័ន្ធវង្ស នឹងលោក ……….. ជាកូនប្រុស សាមីដើមការ ឱ្យបាន ជាសាច់សន្តាន ដ៏ជិតស្និទ្ធ តទៅគួរ ពុំគួរ សូមមេត្តា អភ័យទោស សូមទាន មានប្រសាសន៍ ។
មេបាតបវិញថា ៖ ដែលលោកមហាជម្រាប យើងនេះ យើងក៏ស្តាប់បានតែ យើងមិន ដែលបានឃើញបាន ស្គាល់កូនប្រុស អ្នក សាមី ដើមការ មិនដឹងជាមានសណ្ឋានរូប ឆោមលោមពណ៌ ល្អអាក្រក់ ខ្វាក់ ខ្វិន គ ថ្លង់ ទុព្ធលភាព យ៉ាងណានោះទេ ម្យ៉ាងបើរូបសម្បត្តិល្អបរិសុទ្ធហើយ ប៉ុន្តែកិរិយាមារយា ទទុរជន អបលក្ខណ៍ ជាអ្នកលេងល្បែងស៊ីសង មានសេព សុរាមេរ័យ ជក់អាភៀន ញៀនកញ្ឆា មិនចេះធ្វើការរកស៊ី ដូចអ្នក ផងទាំងពួងនោះ មួយឬក៏ មានស្រីកំណាន់ ប្រកាន់ចិត្តលួចលាក់ រួចហើយនោះ មួយ លើសពីនេះក្រែងមានជំពាក់បំណុល បុល ការប្រាក់គេនោះមួយ ហេតុនេះយើងជា មេបានឹងឆ្លើយព្រម ឱ្យមិនទាន់បានទេ ចាំ ស៊ើបស័ព្ទ ស្តាប់មើលសិន បើឃើញថាល្អ បរិសុទ្ធឥតមានមោះចំពោះត្រង់ណាមួយ នោះ យើងជាមេបានឹង មិនជាអ្វីនោះឡើយ។

មហាម្នាក់តបឡើងថា ៖ សាមីកូនប្រុស នឹងនាំមកជូនលោកមេបា ពិនិត្យមើលឱ្យបានច្បាស់ នឹងត្រង់កិរិយាមារយាទ កូនប្រុសសាមីដើមការនោះ ពិតជាបុរស សុភាពរាបសាល្អបរិសុទ្ធ ឥតមានសេចក្តី សៅហ្មងដោយបទអាក្រក់ ណាមួយទេ ទាំងមានចំណេះវិជ្ជា ឆ្លៀវឆ្លាតសង្វាតរកស៊ី លើសកម្លោះផងទាំងពួង ។ បើលោកមេបា ស៊ើបទៅឃើញថា សាមីខ្លួនកូនប្រុសនោះ ជាមនុស្សជួរជាតិមារយាទអាក្រក់ ក្នុងបទ ណាមួយនោះ មហាខ្ញុំបាទសូមទទួលខុស លើខ្លួនតាមច្បាប់សម្រាប់ស្រុក ។ ឯភ័ស្តុភារ បណ្ណាការក៏សូមជូនលោកមេបាពិសាទទេ ដោយមិនឱ្យបង់ខាតអ្វីសោះឡើយ ទោះបីជាគ្មានព្រេងសំណាងនឹងគ្នាតទៅអនាគត នោះក៏ដោយ ។

មេបា ឆ្លើយតបវិញថា ៖ បើលោក មហាហ៊ានរ៉ាប់រងទទួលខុសត្រូវលើខ្លួនជា ប្រាកដដូច្នោះ ពិតមែនតែគ្មានលិខិត សញ្ញា តែវាចាក្នុងទីចំណោមយ៉ាងនេះ ក៏បញ្ជាក់ថា យកជាកិច្ចសន្យាបានហើយ ។ បើអ្នកមហា ថាល្អ ប្រាកដហើយយើងជាមេបាក៏យល់ព្រមឱ្យ តែបើយើងឱ្យទៅហើយមិន ទាន់ដល់ថ្ងៃរៀបមង្គលការ ប្រសិនបើស៊ើប ទៅដឹងថា កូនប្រុសសាមីដើមការនោះ បាន ប្រព្រឹត្តបទអាក្រក់ ឯណាមួយនោះ យើង នឹងហៅ លោកមហាមកវិញ ដោយសុំផ្តាច់ សេចក្តីព្រមព្រៀងនោះវិញ ដែលមិនអាច មានបទអ្វីមកជំទាស់យើងបានឡើយ ។           លោកមហាជំរាបតបថា ៖ លោក មេបាមានប្រសាសន៍មកទាំងប៉ុន្មានមហា យើងខ្ញុំសូមទទួលទាំងអស់ ។ មេបាតបជាថ្មីថា ៖ បើដូច្នេះយើងក៏ព្រមឱ្យ កូនស្រីយើងទៅជាគូវាសនា រួមសន្តានវង្ស នឹងកូនប្រុស លោកអ្នកសាមីដើមការ ខាង ណោះ ហើយសូមលោកមហាទៅប្រាប់អ្នក សាមីដើមការ នាំនូវភ័ស្តុភារបណ្ណាការជា ជំនូនស៊ីស្លាធំ ភ្ជាប់ពាក្យ តែម្តងចុះ ។
ក្រោយបានទទួលដំណឹងនេះហើយ លោក មេបាខាងប្រុស ក៏រៀបចំជំនូនទទួល អំណរ និងស្លា ម្លូ សម្រាប់ស៊ីស្លាដក់ ស្លាកន្សែង ។ បន្ទាប់មកឱ្យ អ្នកមហា នាំនូវភ័ស្តុភារ បណ្ណាការមកជូនលោកមេបាទទួលអំណរ ទាំងស៊ីស្លាដក់ ស្លាកន្សែង ក្នុងគ្រានោះផង ។ លោកមេបា កាលបើបានទទួលជំនូន រួចហើយ ក៏ប្រជុំញាតិ ស៊ីស្លា ដក់ស្លា កន្សែង ។ អ្នកមហា ត្រូវលើកថង់រង ឯអ្នកផ្លួវត្រូវលើក រងសម្ងាចមានម្លូ មូរ២សន្លឹក ហៅ ថាស្លា មាត់ចាប ដាក់ជូនមេបា ។
ភ័ស្តុភារ បណ្ណាការ មាន ផ្លែឈើ៣៦មុខ មួយមុខ មួយគូរ ព្រម ជាមួយ របស់បញ្ចាំចិត្ត គ្រឿងមាស ពេជ្រ និងគ្រឿង អាភរណៈ ទាំងពួង តាមកម្លាំង ធនធាន ។ លោកចៅមហា ក៏ចាប់ផ្តើមនិយាយការ : សូមទានជ្រាប ជម្រាបលោក មេបា ដ្បិតជើងមុន មហាខ្ញុំបាទបានចូលមក សុំស្តីដណ្តឹងលោកមេបា ក៏បានអនុញ្ញាត ព្រមឱ្យឥឡូវនេះលោក សាមីដើមការ ឱ្យ មហាខ្ញុំបាទ នាំយកភ័ស្តុភារ បណ្ណាការ និង របស់បញ្ចាំ ( កំជាប់ ) ចិត្តព្រមទាំងសូមស៊ី ម្លូ ស្លាភ្ជាប់ពាក្យតែម្តង សូមលោកមេបា អនុញ្ញាតតាមការគួរ ។ ពេលនោះមេបា ក៏បានឆ្លើយ យល់ព្រមតាមពាក្យដែល មហា បានស្នើសុំ ។
លោកមហាក៏ចាត់ ក្មេងប្រុសម្នាក់ បីថង់រង ជូនមេបាធំ ( ប្រុស ) និងអ្នកផ្លូវ ក៏ចាត់ឱ្យ ក្មេងស្រីម្នាក់ បីថង់រងជូនទៅលោកមេបា តូច ( ស្រី ) បន្ទាប់មកត្រូវឱ្យមេបាតូចធំ ណាម្នាក់ ដែលមានអាយុច្រើនជាងគេ ( ច្បង )ចាប់យកម្លូពីរសន្លឹកមុនគេ ទើប មេបាដែលមានអាយុ តិចជាងបន្តបន្ទាប់គ្នា ចាប់យកម្លូពីរសន្លឹកម្នាក់ទាល់តែអស់ញាតិ ។ បន្ទាប់ទៀតកុមារា និងកុមារី ត្រូវលើកថង់រង ទៅឱ្យមេបាធំច្បងគេ នោះចាប់យកម្លូម្តង ទៀតមកបៀកពិសា បែបនោះ ហៅថា “ ពិសារស្លា ប្រសព្វមុខ ”  ជាមួយនោះ មេបាទាំង សង្ខាងព្រមទាំង ញាតិសាច់ សាលោហិត ទាំងអស់ក៏ ប្រសិទ្ធពរ ជ័យ សិរី មង្គល ជូនដល់សាមីខ្លួនជូនកូនប្រុស ស្រី ដែលនឹងក្លាយជាគូស្វាមីភរិយាថ្មី ឱ្យប្រកប សេចក្តីសុខចម្រើន ។
បន្ទាប់មកអ្នកផ្លូវក៏យកគ្រឿងអភ រណៈទៅ បំពាក់ជូនសាមីខ្លួ នខាងស្រី ឬក៏ ប្រគល់ឱ្យទៅមេបាខាងស្រីតែម្តងក៏បាន ។ ដើម្បីលោះ ព្រលឹងកូនស្រី គេអាចធ្វើពិធី ជញ្ជាត់ព្រលឹង ឬគួចព្រលឹងដោយឱ្យកូន ប្រុសនិង កូនស្រីបំពាក់គ្រឿងអលង្ការ បញ្ចាំចិត្តគ្នា ទៅវិញទៅមក ដើម្បីជាអនុស្សាវរីយ៍ តរៀងទៅ ។           លំដាប់ពី ស៊ីស្លាភ្ជាប់ពាក្យរួចហើយ លោកមហា ក៏រៀបកំណត់ពេលា ចេកមាស ជូនលោកមេបា ។ បើធ្វើរួម ( ស៊ីគួប ) មហា ត្រូវជម្រាបមេបាថា ៖ សូមជូនពេលារួម ជាមួយពេលដែលជូនរបស់បញ្ចាំចិត្តនោះ តែម្តង ។ តែបើបែកគ្នា ( ស៊ីញែក ) មហា ត្រូវ ជម្រាបលោកមេបាថា៖ សុំជូនពេលា ញែក ។ បន្ទាប់មកទើប មេបាទាំងសង្ខាង ឯកភាពរកលោកអាចារ្យ គន់គូរក ថ្ងៃខែ សម្រាប់រៀបមង្គលការ ៕

ដោយ ៖ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print