ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃសុក្រ ១០កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតី ក្នុងពិធី “បិទសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២៣ និងទិសដៅពាណិជ្ជកម្មឆ្នាំ២០២៤” នៅក្រសួងពាណិជ្ជកម្ម។
សូមជម្រាបជូនថា ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៣ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៤ របស់ក្រសួងពាណិជ្ជកម្ម ក្រោយប្រព្រឹត្តិទៅរយៈពេល ២ថ្ងៃនេះ។ អង្គសន្និបាតនេះ រៀបចំឡើងដើម្បីពិនិត្យ និងវាយតម្លៃលើសមិទ្ធផលការងារដែលក្រសួងសម្រេចបាន ក្នុងរយៈពេលមួយឆ្នាំកន្លងទៅ ក៏ដូចជាពិភាក្សាស៊ីជម្រៅ និងដោះស្រាយបញ្ហាប្រឈមនានា និងលើកទិសដៅអនុវត្តន៍សម្រាប់ឆ្នាំបន្ទាប់ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
ជាក់ស្ដែងយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា តួលេខសមិទ្ធផលសំខាន់ៗគួរកត់សម្គាល់ក្នុង១១ខែ ឆ្នាំ២០២៣ រួមមានដូចខាងក្រោម៖
-ទំហំពាណិជ្ជកម្មអន្តរជាតិ ១១ខែដើមឆ្នាំ២០២៣ មានទំហំ ៤៣ ៥១៥,៨៦លានដុល្លារអាម៉េរិក ដែលក្នុងនោះការនាំចេញសរុបមាន ២១ ៩៩២,៤០លានដុល្លារអាម៉េរិក កើនឡើង ៤,០៨% បើប្រៀបធៀបនឹងការនាំចេញ រយៈពេល១១ខែ ឆ្នាំ២០២២។ ក្នុងនោះទីផ្សារ RCEP គឺជាទីផ្សារដ៏សំខាន់មួយសម្រាប់កម្ពុជា ដែលមានចំណែកប្រមាណ ៦១,០៦% នៃទំហំពាណិជ្ជកម្មសរុប របស់កម្ពុជា
-ចំណូលប្រមូលបានក្នុងរយៈពេល ១១ខែដើមឆ្នាំ២០២៣ នេះមានចំនួន ៥៣ ៥៧៨,១ លានរៀល (ស្មើនឹង ១០២,០៩% នៃច្បាប់ថវិកា)
-ចំណាយសរុបក្នុងរយៈពេល ១១ខែដើមឆ្នាំ២០២៣ នេះមានចំនួន ៩០ ៤៦៩,៨ លានរៀល (ស្មើនឹង ៨៧,៧២% នៃឥណទានថវិកាដែលបានផ្តល់)
-ចុះបញ្ជីពាណិជ្ជកម្មមានចំនួនសរុប ១១ ៥០៦ ក្រុមហ៊ុន និងការលុបចេញពីបញ្ជីមានចំនួន សរុប ៩៦៧ ក្រុមហ៊ុន
-ការចុះបញ្ជីម៉ាកតាមប្រព័ន្ធជាតិមានចំនួនសរុប ៣ ៤៤៤ ម៉ាក
-ការចុះបញ្ជីម៉ាកតាមប្រព័ន្ធអន្តរជាតិមានចំនួនសរុប ១ ៨៨៤ ម៉ាក។
ក្រសួងពាណិជ្ជកម្ម បានដាក់ឱ្យដំណើរការនូវការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធស្វ័យប្រវត្តិកម្មនៃថ្នាល បច្ចេកវិទ្យាព័ត៌មាន CamDX ដើម្បីផ្ដល់ភាពងាយស្រួល និងរហ័សជូនដល់អាជីវករ ពាណិជ្ជករ និងធុរជនក្នុងការទទួលបាននូវសេវាសាធារណៈនៃការចុះបញ្ជីអាជីវកម្ម។ លើសពីនេះ ចុះបញ្ជីម៉ាក ការចេញវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ ក៏ត្រូវបានធ្វើឡើងតាមប្រព័ន្ធស្វ័យប្រវត្តិកម្មផងដែរ។ លើសពីនេះទៀត ក្រសួងក៏បានបន្តការដាក់បញ្ចូលរាល់ឯកសារផ្លូវការពាក់ព័ន្ធនានានៅលើគេហទំព័រ របស់ក្រសួង និងការរៀបចំឱ្យមាន Call Center ដែលបង្កលក្ខណៈងាយស្រួលដល់សាធារណជន និងអ្នកទទួលសេវា ក្នុងការស្វែងរកព័ត៌មានសម្រាប់ចម្ងល់នានា ព្រមទាំងកាត់បន្ថយទាំងកម្រៃសេវា ពេលវេលា និងនីតិវិធី។
ក្រសួងក៏បានផ្ដោតអាទិភាពលើការជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិ តាមរយៈការតាក់តែងច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងកិច្ចសហការជាមួយកម្មវិធីពង្រឹងក្របខណ្ឌ សមាហរណកម្មពាណិជ្ជកម្ម ក្នុងការអនុវត្តគម្រោង Go4eCAM ដើម្បីបង្កើតផ្សារខេមបូឌាត្រេដ (CambodiaTrade) ជួយសហគ្រាសធុនតូចនិងមធ្យមបង្កើនឱកាសសេដ្ឋកិច្ច។ ជាពិសេសថ្មីៗនេះ ក្រសួងបានចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន Alibaba ដែលអនុញ្ញាតឱ្យធុរជន និងអាជីវករកម្ពុជា អាចដាក់លក់ដោយត្រង់នូវផលិតផលកម្ពុជាលើទីផ្សារចិន ក៏ដូចជាតាមបណ្ដ ប្រទេសអាស៊ាន តាមរយៈ «ថ្នាលពាណិជ្ជកម្មសកលតាមប្រព័ន្ធអេឡិចត្រូនិក – electronic World Trade Platform (eWTP)»។
កិច្ចព្រមព្រៀងក្របខ័ណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសំខាន់ៗ ដែលកម្ពុជាសម្រេចបានមានដូច ខាងក្រោម៖
ក៖ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)
* RCEP ត្រូវបាន ព្រះមហាក្សត្រ ឡាយព្រះហស្ថលេខា ប្រកាសឱ្យប្រើនៅថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០២១ ហើយកិច្ចព្រមព្រៀង RCEP បានចូលជាធរមាននៅថ្ងៃទី០១ ខែមករា ២០២២។
* ត្រូវបានគេទទួលស្គាល់ថាជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគីធំជាងគេបង្អស់នៅក្នុងពិភពលោក និងជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏សំខាន់បំផុតបន្ទាប់ពីអង្គការពាណិជ្ជកម្មពិភពលោក (WTO)។
ខ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA)
* CCFTA បានចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២៖ ទំនិញកម្ពុជាជាង៣០០មុខ អាចនាំទៅចិនបានដោយមិនគិតពន្ធ ហើយក្នុងចំណោមមុខទំនិញជាង៣០០មុខខាងលើនេះ ផលិតផលកសិកម្ម ៩៥% ត្រូវរួចពន្ធសម្រាប់ការនាំចេញទៅចិន។
គ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA)
* CKFTA បានចូលជាធរមាននៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២៖ មានទិសដៅក្នុងការជំរុញការនាំចេញ របស់កម្ពុជា ទៅកាន់កូរ៉េបន្ថែមទៀត ដូចជា ផលិតផលសម្លៀកបំពាក់ និងវាយនភណ្ឌ ស្បែកជើង កាបូប គ្រឿង បន្លាស់ ឧបករណ៍អេឡិចត្រូនិក កៅស៊ូ និងផលិតផលកសិកម្មជាដើម។
ឃ៖ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (Cambodia-UAECEPA)
* Cambodia-UAECEPA ច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃអេមីរ៉ាតអារ៉ាប់រួម ត្រូវបាន ព្រះបាទសម្តេចព្រះបរមនាថនរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឡាយព្រះហស្ថលេខា ប្រកាសឱ្យប្រើនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣។
* កិច្ចព្រមព្រៀងនេះមានគោលបំណងពង្រីកបន្ថែមនូវសក្តានុពលទីផ្សារទំនិញកសិកម្ម និងឧស្សាហកម្ម របស់កម្ពុជា រួមមាន៖ អង្ករ, បន្លែ, ចេក, ស្វាយចន្ទី, ស្វាយ, ពោត, ម្រេច, ធុរេន, នំធ្វើពីអង្ករ, ដំណាប់ផ្លែឈើ, កង់, គ្រឿងបង្គុំអេឡិចត្រូនិក, រថយន្តអគ្គិសនី, កាបូបធ្វើដំណើរ, ស្បែកជើង, សម្លៀកបំពាក់ជាដើម។-ល-។ រីឯទីផ្សារសេវាដែលកម្ពុជាទទួលបានសំខាន់ៗរួមមាន៖ សេវាកម្ម អាជីព និងសេវាកម្មធុរកិច្ច សេវាកម្មសំណង់និងវិស្វកម្ម និង សេវាកម្មបរិស្ថាន។-ល-៕