ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃសុក្រទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ បានមានប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតី ក្នុងពិធី “បិទសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២៣ និងទិសដៅពាណិជ្ជកម្មឆ្នាំ២០២៤” នៅក្រសួងពាណិជ្ជកម្ម។ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៣ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៤ របស់ក្រសួងពាណិជ្ជកម្ម ក្រោយប្រព្រឹត្តិទៅរយៈពេល ២ថ្ងៃនេះ។
បើតាមរបាយការណ៍របស់លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងពាណិជ្ជកម្មថា៖ ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មានទំហំប្រមាណជាង ៤៣ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះ ការនាំចេញសរុបប្រមាណជាង ២១ពាន់លានដុល្លារអាមេរិក កើនឡើង ៤,០៨% បើប្រៀបធៀបនឹងរយៈពេល ១១ខែ ឆ្នាំ២០២២។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានដូចខាងក្រោម៖
-សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសណែនាំដល់ក្រសួងពាណិជ្ជកម្មឱ្យខិតខំបន្តធ្វើពិពិធកម្មទីផ្សារ តាមរយៈការរក្សាពង្រឹងទីផ្សារចាស់ ហើយបន្តពង្រីកទីផ្សារថ្មី ដោយមិនគិតថា គោលដៅជាប្រទេសធំ ឬប្រទេសតូចនោះទេ។
-សម្ដេចធិបតី ប្រាប់ឱ្យរដ្ឋមន្ត្រីទាំងអស់ ដែលអមសម្ដេច ពិសេសដំណើរទៅក្រៅប្រទេស កុំតែទៅអង្គុយអមពីក្រោយសម្ដេច លើសពីនេះ គឺត្រូវតែឆ្លៀតយកឱកាសនោះ ដើម្បីជួបផ្ទាល់ ធ្វើការផ្ទាល់ជាដៃគូអន្តរជាតិទាំងនោះជាមុន ដែលសម្ដេចធិបតី ចាត់ទុកថា នេះជាការដើរគោះទ្វារ ដើម្បីទាញលំហូរពាណិជ្ជកម្ម។
-សម្ដេចធិបតី ថ្លែងថា«រូបមន្តភាពជាដៃគូរដ្ឋ និងឯកជន ត្រូវតែបន្តជំរុញឱ្យបានកាន់តែសកម្មថែមទៀត ដោយលើកទឹកចិត្តដល់វិស័យឯកជនចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការរួមគិត រួមធ្វើ និងរួមទទួលខុសត្រូវទាំងអស់»។
-សម្ដេចធិបតី បានណែនាំដល់ក្រសួងពាណិជ្ជកម្មឱ្យបន្តជំរុញការផលិត និងប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យបានកាន់តែច្រើនថែមទៀត តាមរយៈការដាក់តាំងពិព័រណ៌ផលិតផលក្នុងស្រុក ហើយត្រូវមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីកាត់បន្ថយការនាំចូលផលិតផលពីក្រៅស្រុក។
-សម្តេចធិបតី ថ្លែងថា ទោះបីឆ្នាំ ២០២៣នេះ កម្ពុជាបានប្រឈមនៅកាលទេសលំបាកៗជាច្រើនពីស្ថានការណ៍តំបន់ និងពិភពលោក ប៉ុន្ដែក្រសួងពាណិជ្ជកម្មបានដើរតួនាទីសំខាន់ និងបានប្រែក្លាយបញ្ហាមកជាឱកាសចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មចំនួន៤ រួមមាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA), កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP), កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA), និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (Cambodia-UAECEPA)។
-សម្តេចធិបតី ណែនាំឱ្យក្រសួងពាណិជ្ជកម្ម ក៏ដូចជាក្រសួងពាក់ព័ន្ធ ត្រូវរួមគ្នាថែរក្សានូវកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលកម្ពុជាមានស្រាប់ជាមួយប្រទេសជាមិត្ត និងបន្តស្វែងរកទីផ្សារថ្មីបន្ថែមទៀតសម្រាប់ការនាំចេញផលិតផលរបស់កម្ពុជាទៅកាន់ប្រទេសផ្សេងៗនៅលើពិភពលោក។
-សម្តេចធិបតី ថ្លែងថា គ្រប់ដំណើរទស្សនកិច្ចរបស់សម្ដេចនៅក្រៅប្រទេស សម្ដេចតែងតែយកពេលដើរគោះទ្វារ ដើម្បីទាក់ទាញវិនិយោគិននានាឱ្យមកវិនិយោគនៅកម្ពុជា តាមរយៈកិច្ចប្រជុំដោយផ្ទាល់ ការដាក់តាំងពិព័រណ៍ផលផលិតផលខ្មែរ និងការធ្វើសិក្ខាសាលារវាងវិនិយោគិនបរទេស និងវិនិយោគិនកម្ពុជាជាដើម។
-សម្តេចធិបតី ថ្លែងថា នៅក្នុងអាណត្តិទី៧នេះ គឺជាអាណត្តិពង្រឹង ជាជាងពង្រីក ជាពិសេសការពង្រឹងទៅលើរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័នទាំងអស់។ ក្រៅពីនេះ គឺការត្រៀមរៀបចំថ្នាលឌីជីថលនៅគ្រប់ក្រសួង ស្ថាប័នទាំងអស់ផងដែរ។
-សម្តេចធិបតី ដាក់ចេញគោលការឱ្យសិក្សាចំពោះការទិញសម្ភារៈគ្រឿងសង្ហារិមរបស់ក្រសួង ស្ថាប័ន ចាប់ពីឆ្នាំ ២០២៥ គឺត្រូវជំរុញលើការប្រើប្រាស់ផលិតផលក្នុងស្រុក ខណៈក្នុងមួយឆ្នាំៗ ឬមួយអាណត្តិៗ ការប្រើប្រាស់គ្រឿងសង្ហារិមនៅតាមការិយាល័យរបស់ក្រសួងស្ថាប័នមានចំនួនច្រើនគួរសមដែរ។
-សម្តេចធិបតី ថ្លែងថា ចាប់ពីឆ្នាំ២០២៥ ទៅ រដ្ឋាភិបាលនឹងទិញគ្រឿង សង្ហារិមដែលផលិតក្នុងស្រុក ដើម្បីដាក់នៅតាមស្ថាប័នរដ្ឋនានា ដើម្បីជំរុញ និងលើកកម្ពស់ផលិតផ លក្នុងស្រុក។
-សម្តេចធិបតី ប្រកាសជំរុញដល់ក្រុមអ្នកផលិតផលិតផលក្នុងស្រុក ទាំងអស់ ត្រូវបង្កើនគុណភាពផលិតផលរបស់ខ្លួន ដើម្បីបំពេញសេចក្ដីត្រូវការក្នុងប្រទេស និងកាត់បន្ថយការនាំចូល។
-សម្តេចធិបតី ថ្លែងថា ប្រទេសកម្ពុជាអាចនឹងចាកចេញពីប្រទេសមានឋានៈ ជាប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ ២០២៧ ខាងមុខនេះ បន្ទាប់ពីកម្ពុជាមានការអភិវឌ្ឍច្រើនជាងមុន និងអាចដើរដោយខ្លួនឯងបាន។
-សម្តេចធិបតី ថ្លែងថា ឆ្មាខ្មៅក៏ដោយសក៏ដោយ ឱ្យតែចាប់កណ្តុរបាន គឺឆ្មាទាំងអស់ន័យនេះសម្តេចចង់លើកឡើងថា អ្នកណាក៏ដោយក្រុមហ៊ុនណាក៏ដោយ ឱ្យតែលក់ផលិតផលខ្មែរចេញទៅក្រៅបាន គឺសុទ្ធតែល្អទាំងអស់។
-សម្តេចធិបតី ថ្លែងថា ការប្រកួតប្រជែងផលិតផលរបស់កម្ពុជានៅក្រៅប្រទេសគឺពឹងផ្អែកលើកត្តាចំនួនពីរ គឺទី១ ផលិតផលជាអ្នកកំណត់ ទី២តម្រូវការទីផ្សារជាអ្នកកំណត់។
-សម្តេចធិបតី ប្រកាសជំរុញឱ្យបង្កើនការផលិតផលិតផលដែលមាន លក្ខណៈពិសេសប្រចាំតំបន់ដូចជាម្រេចកំពតជាដើម និងត្រូវខិតខំបង្កើនការស្វែងរកទីផ្សារលក់ផលិ តផលទាំងនោះ។
-សម្តេចធិបតីហ៊ុន ថ្លែងថា រាជរដ្ឋាភិបាលធ្វើបុរេសកម្មជានិច្ចដោយបានដើរគោះទ្វាគេ, ដើរជួបគេ ដើម្បីរកទីផ្សារសម្រាប់នាំចេញផលិតផលកម្ពុជាទៅទីផ្សារអន្តរជាតិ ឱ្យបានកាន់តែច្រើនបន្ថែមទៀត។ សម្ដេចក៏ជំរុញចំពោះការចុះបញ្ជីម៉ាកផលិតផលខ្មែរ ក្នុងស្រុកឱ្យបានច្រើនបន្ថែមទៀតផងដែរ៕