ភ្នំពេញ ៖ ព្រឺសម្បុរ ហើយក៏ញាក់សាច់…ខណះឃើញគំនរដែករន្ទាចាស់ៗដែលគេដាក់តាំងលក់នៅលើចិញ្ចើមផ្លូវមួយកន្លែងបង្កឱ្យមានការព្រួយបារម្ភពីគ្រោះថ្នាក់ជាយថាហេតុ នៅពេលដែលមានរ៉ឺម៉ក រថយន្តចេញ-ចូលដឹកសំពីងសំពោង មើលទៅគួរឱ្យញាក់សាច់ណាស់ ។ ពលរដ្ឋបានស្នើដល់អាជ្ញាធរ សូមមេត្តាពិនិត្យនិងមានវិធានការផង ជាពិសេស នគរបាលសណ្តាប់ធ្នាប់ ម៉េចមើលមិនឃើញ ? ការរៀបចំសណ្តាប់ធ្នាប់បានល្អ នោះជាសោភ័ណភាពផង ការពារសុវត្ថិភាពជូនប្រជាពលរដ្ឋផង។
សូមបញ្ជាក់ថា៖ គំនរដែករន្ទានោះលាយឡំទៅដោយក្តារបន្ទះ ត្រូវបានគេដាក់តាំងលក់យ៉ាងអនាធិបតេយ្យគ្មានរៀបរយលើចិញ្ចើមផ្លូវបេតុង តាមបណ្តាយផ្លូវរថភ្លើង ខាងលិចវត្តតាំងកសាងខាងត្បូង ស្ថិតក្នុងភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ពលរដ្ឋធ្វើដំណើរឆ្លងកាត់ទីនោះនិយាយថា គំនរដែករន្ទានោះត្រូវបានគេដាក់តាំងលក់ជាយូរមកហើយនៅលើចិញ្ចើមផ្លូវ ដោយគរខ្ពស់ គ្មានសណ្តាប់ធ្នាប់និងសុវត្ថិភាពនោះទេ គឺវាអាចបង្កឱ្យមានគ្រោះថ្នាក់ជាយថាហេតុគ្រប់ពេលវេលាដោយសាររេលធ្លាក់មកយ៉ាងរាយប៉ាយ ។
ជារៀងរាល់ថ្ងៃ គេតែងឃើញរថយន្តនិងរ៉ឺម៉ក មកឈប់ចតលើចិញ្ចើមផ្លូវដឹកដែករន្ទាទទឹងទទែង បង្កឱ្យបាត់បង់សណ្តាប់ធ្នាប់នៅតាមដងផ្លូវ និងអាចមានគ្រោះថ្នាក់ដល់អ្នកដំណើរនៅពេលណាមួយ ។ ប្រជាពលរដ្ឋ ក៏បានស្នើទៅអាជ្ញាធរសង្កាត់កាកាបទី២ ក៏ដូចជារដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សូមមេត្តាត្រួតពិនិត្យនិងណែនាំម្ចាស់ឲ្យរុះរើចេញឱ្យផុតពីចិញ្ចើមផ្លូវផង ដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុ និងបាត់បង់សណ្តាប់ធ្នាប់តាមដងផ្លូវ ជាពិសេសអាយុជីវិតមនុស្សដែលធ្វើចរាចរតាមដងផ្លូវ ។
ការរៀបចំសណ្តាប់ធ្នាប់ ជាភារកិច្ច របស់រដ្ឋបាលសាលាខណ្ឌ ឬខាងសណ្តាប់ធ្នាប់ខណ្ឌ នគរបាលសណ្តាប់ធ្នាប់មូលដ្ឋាន ដូចជួយរៀបចំ ទទួលខុសត្រូវផង ៕