សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិ ស្តីពីលទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​កម្ពុជា នៅព្រឹកថ្ងៃអង្គារ ១៤កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង​ថ្ងៃ​ទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិ​ស្តីពីលទ្ធផល​ចុង​ក្រោយ ​នៃជំរឿនសេដ្ឋកិច្ចនៅកម្ពុជាឆ្នាំ២០២២។

គួរជម្រាបជូនថា​ ជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ ត្រូវបានធ្វើឡើងគោលបំណងចងក្រងស្ថិតិមូលដ្ឋានគ្រឹះ​ស្តីពី​អង្គ​ភាពសេដ្ឋកិច្ច និងបង្កើតបញ្ជីមេនៃអង្គភាពសេដ្ឋកិច្ចនៅកម្ពុជា ដែលផ្តល់នូវព័ត៌មាន​សំខាន់ៗ​ស្តីពីស្ថានភាពនៃសកម្មភាព និងរចនាសម្ព័ន្ធសេដ្ឋកិច្ច ដល់អ្នករៀបចំគោលន​យោ​បាយ អ្នករៀបចំផែនការ អ្នកស្រាវជ្រាវ និងអ្នកពាក់ព័ន្ធដទៃទៀត។ បញ្ជីមេនៃអង្គភាព​សេដ្ឋ​កិច្ច​​ក៏ត្រូវ​បានប្រើប្រាស់ជាបញ្ជីគោលនៃជំរឿនសេដ្ឋកិច្ច និងធ្វើជាបញ្ជីសំណាកគំរូ សម្រាប់​ជ្រើសរើសសំណាកគំរូនៃអង្កេតផ្សេងៗពាក់ព័ន្ធនឹងក្រុមហ៊ុន សហគ្រាសអាជីវកម្ម សិប្បកម្ម ពាណិជ្ជកម្ម និងសេវាកម្ម លើកលែងតែអង្គភាពសេដ្ឋកិច្ចក្នុងវិស័យកសិកម្ម។

បន្ថែមពីលើសពីនេះ លទ្ធផលនៃជំរឿនសេដ្ឋកិច្ចរួមចំណែកក្នុងដំណើរការអនុវត្ត និងតាម​ដាន​ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគោលនយោបាយ និងផែនការអភិវឌ្ឍន៍សង្គម សេដ្ឋ​កិច្ច ទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ។ ជាពិសេសលទ្ធផលជំរឿនសេដ្ឋកិច្ច រួម​ចំណែកក្នុងការផ្តល់ទិន្នន័យសូចនាករសំខាន់ៗដែលជាតម្រូវការចាំបាច់មិនអាចខ្វះបានក្នុងការធ្វើបច្ចុប្បន្នភាពស្ថានភាពសេដ្ឋកិច្ចកម្ពុជា អំពីមូលដ្ឋានគ្រឹះនៃអង្គភាពសេដ្ឋកិច្ច ដែល​ឆ្លុះ​បញ្ចាំងអំពីទិន្នន័យព័ត៌មានសកម្មភាពផលិតកម្ម សេវាកម្មរបស់អង្គភាពសេដ្ឋកិច្ច គ្រប់ទំហំ​ខ្នាត និងប្រភេទលក្ខណៈនៃរចនាសម្ព័ន្ធអង្គភាពសេដ្ឋកិច្ច កម្លាំងពលកម្ម ឬអ្នកចូលរួ​ម​ការ​ងារ ស្ថានភាពហិរញ្ញវត្ថុ និងសូចនាករផ្សេងៗទៀតតាមវិស័យសកម្មភាពសេដ្ឋកិច្ច ដែលត្រូវ​បានគ្របដណ្តប់ដោយជំរឿនកសិកម្ម ព្រមទាំងស្ថានទូត និងអង្គភាពប្រហាក់ប្រហែល ដូចជាក្រសួងស្ថាប័ន ឬអង្គភាពរដ្ឋាភិបាល ទីបញ្ជាការដ្ឋានទាហាន និងអង្គភាព​សេដ្ឋកិច្ច​ចល័ត និងផ្នែកសកម្មភាពការងារបម្រើឱ្យគ្រួសារដែល​ស្ថិតនៅក្នុងចំណាត់​ថ្នាក់វិស័យ​ឧស្សា​ហកម្មតាមស្ដង់ដារអន្តរជាតិនៃអង្គការសហប្រជាជាតិ។

ជំរឿនសេដ្ឋកិច្ចត្រូវបានរៀបចំធ្វើ២ដងរួចមកហើយ គឺជំរឿនសេដ្ឋកិច្ចឆ្នាំ២០១១ និងជំរឿន​សេដ្ឋកិច្ច​ឆ្នាំ២០២២។

ជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ ត្រូវបានធ្វើឡើងដោយអនុលោមតាមច្បាប់ស្តីពីស្ថិតិឆ្នាំ២០១៥ និងអនុក្រឹត្យលេខ១៥១ អនក្រ.បក ចុះថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ ស្តីពីការកំណត់​កាល​បរិច្ឆេទ ការរៀបចំនិងការប្រព្រឹត្តទៅនៃជំរឿនសេដ្ឋកិច្ចកម្ពុជា និងអនុក្រឹត្យលេខ១៨២ អនក្រ.បក ចុះថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីស្ថិតិផ្លូវការ ដែលបានចាត់តាំង និង​ការ​គាំទ្រ​ថវិកាពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃរាជរដ្ឋាភិបាលកម្ពុជា។

ក្រសួងផែនការ បានរៀបចំបង្កើតគណៈកម្មាធិការជាតិជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រ​កម្ពុជា​ឆ្នាំ២០២១ គណៈកម្មការបច្ចេកទេសជំរឿនសេដ្ឋកិច្ច នៅព្រះរាជាណាចក្រកម្ពុជា​ឆ្នាំ២០២១ គណៈកម្មការឃោសនាជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២១ គណៈកម្មាធិការជំរឿនសេដ្ឋកិច្ចរាជធានី ខេត្ត និងអនុវត្តធ្វើជំរឿន​សេដ្ឋកិច្ចនៅទូទាំង​ប្រទេស​កម្ពុជា យ៉ាងយកចិត្តទុកដាក់ដោយកំណត់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ ជាកាលបរិច្ឆេទ​យោង ហើយនិងធ្វើប្រតិបត្តិការចុះសម្ភាសន៍និងស្រង់ទិន្នន័យចាប់ពីថ្ងៃទី០១ ដល់ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ២០២២ គឺជាប្រវត្តិសាស្រ្តនៃជំរឿនសេដ្ឋកិច្ច ត្រូវបានធ្វើទ្បើងជា​លើកទីពីរ​នៅក្នុងឆ្នាំ២០២២ ដោយគ្របដណ្តប់អង្គភាពសេដ្ឋកិច្ចទាំងអស់នៅ​ក្នុងដែនដី​នៃព្រះរាជា​ណា​ចក្រកម្ពុជា សម្រាប់ស្រង់ទិន្នន័យអង្គភាពសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ដោយ​ផ្អែកតាមនិយមន័យច្បាស់លាស់អំពី «អង្គភាពសេដ្ឋកិច្ច» គឺជាអង្គភាពអាជីវកម្ម ឬជា​ផ្នែក​មួយនៃអង្គភាពអាជីវកម្ម ដែលមានទីតំាងមួយជាក់លាក់ ហើយនិងមាន​សកម្មភាពផលិត​កម្ម​តែមួយ ឬមានសកម្មភាពផលិតកម្មសំខាន់ដែលបង្កើតតម្លៃបន្ថែមមួយផ្នែកធំ ដោយផ្អែក​តាម​និយមន័យរបស់អង្គភាពស្ថិតិនៃអង្គការសហប្រជាជាតិ។

...

ក្នុងន័យនេះ ការធ្វើជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២២ ត្រូវបានរាប់​បញ្ចូល​​អង្គភាព សេដ្ឋកិច្ចមានជាអាទិ៍ អង្គភាពសេដ្ឋកិច្ចនៅតាមផ្សារ ក្រុមហ៊ុន សហគ្រាស រោងចក្រ សហគ្រាសរដ្ឋ គ្រឹះស្ថានហិរញ្ញវត្ថុ សិប្បកម្ម អាជីវកម្ម លក់ដុំ លក់រាយ លក់ដូរ​តាម​អនទ្បាញ សាលារៀន សាកលវិទ្យាល័យ មណ្ឌលសុខភាព មន្ទីរពេទ្យ វត្តអារាម និងសេវាកម្មផ្សេងៗជាដើម៕ដោយ​៖ស​ តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print