ឧបនាយករដ្ឋមន្ដ្រី ស សុខា៖ អ្នកដែលបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយរត់គេចមិនចូលមកសារភាព បើជាសមត្ថកិច្ចត្រូវបណ្ដេញចេញ ពីក្របខ័ណ្ឌតែម្ដង !

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ អ្នកដែលបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយរត់គេចមិនចូលមកសារភាព បើជាសមត្ថកិច្ចត្រូវបណ្ដេញចេញ ពីក្របខ័ណ្ឌតែម្ដង ! នេះជាប្រសាសន៍ របស់លោកអភិសន្តិបណ្ឌិត ក្នុងឱកាសអញ្ជើញជាអធិបតីភាពប្រារព្ធទិវាអន្ដរជាតិ រំលឹកដល់ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តព្រះសីហនុ នារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ម្សិលមុិញនេះ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានចាត់ទុកថា ការអនុវត្តបែបនេះចំពោះមន្ដ្រីមានសមត្ថកិច្ច គឺដើម្បីធ្វើជាគំរូដល់ប្រជាពលរដ្ឋទូទៅ សំដៅឲ្យហ៊ានទទួលខុសត្រូវចំពោះសកម្មភាពដែលខ្លួនបានបង្ក។

លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអះអាងថា ប្រសិនបើអ្នកដែលបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយគេចវេសមិនចូលមកសារភាពកំហុស បើជននោះជាសមត្ថកិច្ច គឺត្រូវបណ្ដេញចេញពីក្របខ័ណ្ឌតែម្ដង។

លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានថ្លែងយ៉ាងដូច្នេះថា «អ្នកបុកជារឿងមួយ ប៉ុន្ដែបុករត់ខ្ញុំសូមប្ដេជ្ញាចិត្តថា បើខ្លួនជាសមត្ថកិច្ច ឬជាមន្ដ្រីរាជការក្រោមឱវាទ (ក្រសួងមហាផ្ទៃ) បើអត់មកសារភាពទេក្របខ័ណ្ឌខ្ញុំគិតថាមិនគួរទុកទេ។ ឧទាហរណ៍បើជាកម្លាំងប្រដាប់អាវុធ យើងត្រូវធ្វើជាគំរូដែលជាតួអង្គគេរៀនសូត្រតាម ហើយបើកាយវិការយើងមិនគោរព កាយវិការមិនគួរឲុ្យគេធ្វើតាម ខ្ញុំគិតថាមិនអាចទៅរួចទេ»។
លោកឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ស សុខា បានកត់សម្គាល់ថា ករណីអ្នកប្រើប្រាស់គ្រឿងស្រវឹងហើយបើកបរនៅពេលយប់ថ្វីបើនៅមានកម្រិតក៏ពិតមែន ប៉ុន្ដែនៅពេលមានគ្រោះថ្នាក់ម្ដង ៗតែងតែបង្កឲ្យមានមនុស្សស្លាប់ ដូច្នេះសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវសិក្សាស្វែងយល់ទាំងអស់គ្នាអំពីបញ្ហាដែលបានកើតមានឡើង។
គួរជម្រាបថា មួយរយៈពេលចុងក្រោយនេះ ចំនួនគ្រោះថ្នាក់ចរាចរណ៍នៅរាជធានីភ្នំពេញ ហាក់មានការកើនឡើងគួរឲ្យព្រួយបារម្ភ ពិសេសនៅពេលរាត្រី ដែលភាគច្រើននៃការគ្រោះថ្នាក់គឺមានស្ថានភាពធ្ងន់ធ្ងរ ខណៈជនបង្កតែងតែព្យាយាមគេចវេសមិនទទួលខុសត្រូវចំពោះមុខច្បាប់។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីសប្ដាហ៍កន្លងទៅនេះ ទើបតែបានដាក់បទបញ្ជាដល់កម្លាំងនគរបាលទាំងអស់ ត្រូវចាប់វាយខ្នោះភ្លាមៗចំពោះអ្នកបើកបរទាំងឡាយណា ដែលបង្កគ្រោះថ្នាក់ដល់អ្នកដទៃរហូតបាត់បង់ជីវិត ដោយមិនចាំបាច់សុំគោលការណ៍ពីថ្នាក់ដឹកនាំនោះទេ។ សម្ដេចអះអាងថា មន្ដ្រីនគរបាលដែលអនុវត្តត្រឹមត្រូវតាមច្បាប់បែបនេះ សម្ដេចនឹងតម្លើងឋានន្ដរស័ក្ដិជូនទៀតផង។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា លើកទឹកចិត្តដល់មន្ត្រី អនុវត្តច្បាប់ ត្រូវតែឃាត់ខ្លួនចំពោះបទល្មើសជាក់ស្តែង។ ដោយឡែក លោកឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ស សុខា ក៏បានស្តីបន្ទោសដល់នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទៅលើការដឹកនាំ គ្រប់គ្រងព័ត៌មាន ជុំវិញបញ្ហាគ្រោះថ្នាក់ចរាចរណ៍ រឿងកើតឡើងអត់ដឹង និងករណីខ្លះមិនឃាត់ខ្លួន អ្នកបង្កគ្រោះថ្នាក់បុកមនុស្សស្លាប់ បើករត់បាត់ជាដើម ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print