សម្តេចធិបតី ហ៊ុន ម៉ាណែត​ ថ្លែង​ប្រសាសន៍សំខាន់ៗ​ នាឱកាស​អញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិស្តីពីលទ្ធផលចុងក្រោយ នៃជំរឿនសេដ្ឋកិច្ចនៅកម្ពុជាឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះ​ បានថ្លែង​ប្រសាសន៍​សំខាន់​ៗ​ នាឱកាស​អញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិស្តីពីលទ្ធផល ចុង ក្រោយ នៃជំរឿនសេដ្ឋកិច្ចនៅកម្ពុជាឆ្នាំ២០២២ ដែលពិធីនេះធ្វើឡើង នៅសណ្ឋាគារសុខា​ រាជធានីភ្នំពេញ​។

សូមអាន​ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា​ មានដូចខាងក្រោម៖

-សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា​ បើគ្មានទិន្នន័យ វាហាក់បីដូចជាស្ថិតនៅចំណុចមួយដែលវង្វេងវង្វាន់។ សូម្បីតែគេលើកកូនស្រីគេឱ្យយើងក៏គេត្រូវដឹងអំពីទិន្នន័យច្បាស់លាស់ពីកូនប្រុសនោះដែរ។

-សម្ដេចធិបតី​ បញ្ជាក់ថា​ ដូច្នេះទិន្នន័យនេះសំខាន់ណាស់សម្រាប់ការកំណត់ទិសដៅស្ថានភាព និងទិសដៅគោលនយោបាយសម្រាប់ពេលអនាគត។

-សម្ដេចធិបតី ថ្លែង​ថា រាជរដ្ឋាភិបាល ការកសាងក្របខណ្ឌគោលនយោបាយ ដើម្បីឱ្យមានលក្ខណៈបុរេសកម្ម និងការតាមតានត្រួតពិនិត្យ ការវាយតម្លៃ ការអនុវត្តគោលនយោបាយ ការដាក់ចេញនូវគោលនយោបាយ គឺទាមទារឱ្យមានការតាមដាន វាយតម្លៃ ត្រួតពិនិត្យឱ្យទាន់ពេលវេលា គឺផ្អែកទៅលើទិន្នន័យនេះហើយ។

-សម្ដេចធិបតី ថ្លែង​ថា ស្ថានភាពជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២ គឺមានការកើនឡើងប្រមាណជាង ៥០ ភាគរយ។

-សម្ដេចធិបតី ថ្លែង​ថា ការធ្វើជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២ គឺជាមូលដ្ឋានសំខាន់ណាស់ សម្រាប់ប្រទេសកម្ពុជាដើរទៅមុខរយៈពេល១០ឆ្នាំទៀត។ ក្របខណ្ឌគោលនយោបាយ គឺផ្អែកទៅលើបច្ចុប្បន្នភាពជាក់ស្ដែងនៅលើដី។ នេះហើយជាការផ្អែកទៅលើទិន្នន័យជាក់ស្ដែង និងក្របខណ្ឌគោលនយោបាយជាក់លាក់។

-សម្ដេចធិបតី ថ្លែង​ថា ដោយទិន្នន័យ ស្ថិតិបានដើរតួនាទីសំខាន់ សម្ដេចបានផ្ដល់អនុសាសន៍ដល់ក្រសួងផែនការ ត្រូវបន្តលើកកម្ពស់ជំរឿនសេដ្ឋកិច្ច និងការអង្កេតសំខាន់ៗលើជំរឿនសេដ្ឋកិច្ច និងការងារអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចរបស់កម្ពុជា។

-សម្ដេចធិបតី ថ្លែង​ថា ការវិនិយោគទៅលើធនធានមនុស្ស គឺជាកិច្ចការសំខាន់ទាំងការវិនិយោគទៅលើការសិក្សាតាំងពីកុមារភាព និងការវិនិយោគនៅតាមក្រសួង ស្ថាប័ននានា។

-សម្ដេចធិបតី បានណែនាំដល់ក្រសួង ស្ថាប័នត្រូវយកចិត្តទុកដាក់ទៅលើការកសាងសមត្ថភាពមន្រ្ដី ជាពិសេសមន្រ្ដីដែលទទួលកិច្ចការងារបច្ចេកទេសសំខាន់ៗ នៅតាមក្រសួង ស្ថាប័នរបស់ខ្លួន។

-សម្ដេចធិបតី ថ្លែង​ថា ការប្រើប្រាស់ទិន្នន័យមានសារសំខាន់ណាស់។ សម្ដេច បានណែនាំដល់គ្រប់ក្រសួង ស្ថាប័ន ត្រូវបណ្ដុះបណ្ដាលមន្រ្ដីលើការប្រើប្រាស់ទិន្នន័យ ដែលបានដាក់ចេញនេះឱ្យបានត្រឹមត្រូវ។

-សម្ដេចធិបតី បានណែនាំដល់ក្រសួងផែនការត្រូវពិនិត្យឱ្យបានត្រឹមត្រូវលើការប្រមូលទិន្នន័យរបស់ខ្លួន ពីព្រោះទិន្នន័យនោះ គឺជាត្រីវិស័យក្នុងការរៀបចំក្របខណ្ឌគោលនយោបាយជាតិ។

-សម្ដេចធិបតី ប្រកាស​ណែនាំដល់ក្រសួងផែនការ ក៏ដូចជាក្រសួងស្ថាប័នផ្សេងទៀត ត្រូវពង្រឹងសមត្ថភាពធនធានមនុស្ស និងរចនាសម្ព័ន្ធរបស់ខ្លួន ពីព្រោះការធ្វើវិភាជន៍ឡើងវិញ នូវធនធានមនុស្សដែលមានជំនាញបច្ចេកទេស គឺបានជួយបង្កើននូវប្រសិទ្ធភាពការងារនៅក្នុងស្ថាប័នរបស់ខ្លួន និងអាចអនុវត្តក្របខណ្ឌគោលនយោបាយឱ្យបានជោគជ័យ។

-សម្ដេចធិបតី ថ្លែងថា សម្ដេចតែងតែបានណែនាំ និងដាក់ចេញនូវគោលនយោបាយចំពោះការជ្រើសរើសមន្រ្ដី គឺត្រូវធ្វើឱ្យមានសុក្រឹតភាព ជ្រើសរើសឱ្យស្របទៅនឹងទំនើបកម្មនៃបច្ចុប្បន្នភាព និងការជ្រើសរើសដោយមានការលើកទឹកចិត្ត។

សូមជម្រាបជូនថា​ ជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ ត្រូវបានធ្វើឡើងគោលបំណងចងក្រងស្ថិតិមូលដ្ឋានគ្រឹះ​ស្តីពី​អង្គ​ភាពសេដ្ឋកិច្ច និងបង្កើតបញ្ជីមេនៃអង្គភាពសេដ្ឋកិច្ចនៅកម្ពុជា ដែលផ្តល់នូវព័ត៌មាន​សំខាន់ៗ​ស្តីពីស្ថានភាពនៃសកម្មភាព និងរចនាសម្ព័ន្ធសេដ្ឋកិច្ច ដល់អ្នករៀបចំគោលន​យោ​បាយ អ្នករៀបចំផែនការ អ្នកស្រាវជ្រាវ និងអ្នកពាក់ព័ន្ធដទៃទៀត។ បញ្ជីមេនៃអង្គភាព​សេដ្ឋ​កិច្ច​​ក៏ត្រូវ​បានប្រើប្រាស់ជាបញ្ជីគោលនៃជំរឿនសេដ្ឋកិច្ច និងធ្វើជាបញ្ជីសំណាកគំរូ សម្រាប់​ជ្រើសរើសសំណាកគំរូនៃអង្កេតផ្សេងៗពាក់ព័ន្ធនឹងក្រុមហ៊ុន សហគ្រាសអាជីវកម្ម សិប្បកម្ម ពាណិជ្ជកម្ម និងសេវាកម្ម លើកលែងតែអង្គភាពសេដ្ឋកិច្ចក្នុងវិស័យកសិកម្ម។

បន្ថែមពីលើសពីនេះ លទ្ធផលនៃជំរឿនសេដ្ឋកិច្ចរួមចំណែកក្នុងដំណើរការអនុវត្ត និងតាម​ដាន​ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគោលនយោបាយ និងផែនការអភិវឌ្ឍន៍សង្គម សេដ្ឋ​កិច្ច ទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ។ ជាពិសេសលទ្ធផលជំរឿនសេដ្ឋកិច្ច រួម​ចំណែកក្នុងការផ្តល់ទិន្នន័យសូចនាករសំខាន់ៗដែលជាតម្រូវការចាំបាច់មិនអាចខ្វះបានក្នុងការធ្វើបច្ចុប្បន្នភាពស្ថានភាពសេដ្ឋកិច្ចកម្ពុជា អំពីមូលដ្ឋានគ្រឹះនៃអង្គភាពសេដ្ឋកិច្ច ដែល​ឆ្លុះ​បញ្ចាំងអំពីទិន្នន័យព័ត៌មានសកម្មភាពផលិតកម្ម សេវាកម្មរបស់អង្គភាពសេដ្ឋកិច្ច គ្រប់ទំហំ​ខ្នាត និងប្រភេទលក្ខណៈនៃរចនាសម្ព័ន្ធអង្គភាពសេដ្ឋកិច្ច កម្លាំងពលកម្ម ឬអ្នកចូលរួ​ម​ការ​ងារ ស្ថានភាពហិរញ្ញវត្ថុ និងសូចនាករផ្សេងៗទៀតតាមវិស័យសកម្មភាពសេដ្ឋកិច្ច ដែលត្រូវ​បានគ្របដណ្តប់ដោយជំរឿនកសិកម្ម ព្រមទាំងស្ថានទូត និងអង្គភាពប្រហាក់ប្រហែល ដូចជាក្រសួងស្ថាប័ន ឬអង្គភាពរដ្ឋាភិបាល ទីបញ្ជាការដ្ឋានទាហាន និងអង្គភាព​សេដ្ឋកិច្ច​ចល័ត និងផ្នែកសកម្មភាពការងារបម្រើឱ្យគ្រួសារដែល​ស្ថិតនៅក្នុងចំណាត់​ថ្នាក់វិស័យ​ឧស្សា​ហកម្មតាមស្ដង់ដារអន្តរជាតិនៃអង្គការសហប្រជាជាតិ។

គួរបញ្ជាក់ថា​ ជំរឿនសេដ្ឋកិច្ចត្រូវបានរៀបចំធ្វើ២ដងរួចមកហើយ គឺជំរឿនសេដ្ឋកិច្ចឆ្នាំ២០១១ និងជំរឿន​សេដ្ឋកិច្ច​ឆ្នាំ២០២២៕

...

ដោយ​៖ស​ តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print