ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះ បានថ្លែងប្រសាសន៍សំខាន់ៗ នាឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិស្តីពីលទ្ធផល ចុង ក្រោយ នៃជំរឿនសេដ្ឋកិច្ចនៅកម្ពុជាឆ្នាំ២០២២ ដែលពិធីនេះធ្វើឡើង នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានដូចខាងក្រោម៖
-សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា បើគ្មានទិន្នន័យ វាហាក់បីដូចជាស្ថិតនៅចំណុចមួយដែលវង្វេងវង្វាន់។ សូម្បីតែគេលើកកូនស្រីគេឱ្យយើងក៏គេត្រូវដឹងអំពីទិន្នន័យច្បាស់លាស់ពីកូនប្រុសនោះដែរ។
-សម្ដេចធិបតី បញ្ជាក់ថា ដូច្នេះទិន្នន័យនេះសំខាន់ណាស់សម្រាប់ការកំណត់ទិសដៅស្ថានភាព និងទិសដៅគោលនយោបាយសម្រាប់ពេលអនាគត។
-សម្ដេចធិបតី ថ្លែងថា រាជរដ្ឋាភិបាល ការកសាងក្របខណ្ឌគោលនយោបាយ ដើម្បីឱ្យមានលក្ខណៈបុរេសកម្ម និងការតាមតានត្រួតពិនិត្យ ការវាយតម្លៃ ការអនុវត្តគោលនយោបាយ ការដាក់ចេញនូវគោលនយោបាយ គឺទាមទារឱ្យមានការតាមដាន វាយតម្លៃ ត្រួតពិនិត្យឱ្យទាន់ពេលវេលា គឺផ្អែកទៅលើទិន្នន័យនេះហើយ។
-សម្ដេចធិបតី ថ្លែងថា ស្ថានភាពជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២ គឺមានការកើនឡើងប្រមាណជាង ៥០ ភាគរយ។
-សម្ដេចធិបតី ថ្លែងថា ការធ្វើជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២ គឺជាមូលដ្ឋានសំខាន់ណាស់ សម្រាប់ប្រទេសកម្ពុជាដើរទៅមុខរយៈពេល១០ឆ្នាំទៀត។ ក្របខណ្ឌគោលនយោបាយ គឺផ្អែកទៅលើបច្ចុប្បន្នភាពជាក់ស្ដែងនៅលើដី។ នេះហើយជាការផ្អែកទៅលើទិន្នន័យជាក់ស្ដែង និងក្របខណ្ឌគោលនយោបាយជាក់លាក់។
-សម្ដេចធិបតី ថ្លែងថា ដោយទិន្នន័យ ស្ថិតិបានដើរតួនាទីសំខាន់ សម្ដេចបានផ្ដល់អនុសាសន៍ដល់ក្រសួងផែនការ ត្រូវបន្តលើកកម្ពស់ជំរឿនសេដ្ឋកិច្ច និងការអង្កេតសំខាន់ៗលើជំរឿនសេដ្ឋកិច្ច និងការងារអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចរបស់កម្ពុជា។
-សម្ដេចធិបតី ថ្លែងថា ការវិនិយោគទៅលើធនធានមនុស្ស គឺជាកិច្ចការសំខាន់ទាំងការវិនិយោគទៅលើការសិក្សាតាំងពីកុមារភាព និងការវិនិយោគនៅតាមក្រសួង ស្ថាប័ននានា។
-សម្ដេចធិបតី បានណែនាំដល់ក្រសួង ស្ថាប័នត្រូវយកចិត្តទុកដាក់ទៅលើការកសាងសមត្ថភាពមន្រ្ដី ជាពិសេសមន្រ្ដីដែលទទួលកិច្ចការងារបច្ចេកទេសសំខាន់ៗ នៅតាមក្រសួង ស្ថាប័នរបស់ខ្លួន។
-សម្ដេចធិបតី ថ្លែងថា ការប្រើប្រាស់ទិន្នន័យមានសារសំខាន់ណាស់។ សម្ដេច បានណែនាំដល់គ្រប់ក្រសួង ស្ថាប័ន ត្រូវបណ្ដុះបណ្ដាលមន្រ្ដីលើការប្រើប្រាស់ទិន្នន័យ ដែលបានដាក់ចេញនេះឱ្យបានត្រឹមត្រូវ។
-សម្ដេចធិបតី បានណែនាំដល់ក្រសួងផែនការត្រូវពិនិត្យឱ្យបានត្រឹមត្រូវលើការប្រមូលទិន្នន័យរបស់ខ្លួន ពីព្រោះទិន្នន័យនោះ គឺជាត្រីវិស័យក្នុងការរៀបចំក្របខណ្ឌគោលនយោបាយជាតិ។
-សម្ដេចធិបតី ប្រកាសណែនាំដល់ក្រសួងផែនការ ក៏ដូចជាក្រសួងស្ថាប័នផ្សេងទៀត ត្រូវពង្រឹងសមត្ថភាពធនធានមនុស្ស និងរចនាសម្ព័ន្ធរបស់ខ្លួន ពីព្រោះការធ្វើវិភាជន៍ឡើងវិញ នូវធនធានមនុស្សដែលមានជំនាញបច្ចេកទេស គឺបានជួយបង្កើននូវប្រសិទ្ធភាពការងារនៅក្នុងស្ថាប័នរបស់ខ្លួន និងអាចអនុវត្តក្របខណ្ឌគោលនយោបាយឱ្យបានជោគជ័យ។
-សម្ដេចធិបតី ថ្លែងថា សម្ដេចតែងតែបានណែនាំ និងដាក់ចេញនូវគោលនយោបាយចំពោះការជ្រើសរើសមន្រ្ដី គឺត្រូវធ្វើឱ្យមានសុក្រឹតភាព ជ្រើសរើសឱ្យស្របទៅនឹងទំនើបកម្មនៃបច្ចុប្បន្នភាព និងការជ្រើសរើសដោយមានការលើកទឹកចិត្ត។
សូមជម្រាបជូនថា ជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ ត្រូវបានធ្វើឡើងគោលបំណងចងក្រងស្ថិតិមូលដ្ឋានគ្រឹះស្តីពីអង្គភាពសេដ្ឋកិច្ច និងបង្កើតបញ្ជីមេនៃអង្គភាពសេដ្ឋកិច្ចនៅកម្ពុជា ដែលផ្តល់នូវព័ត៌មានសំខាន់ៗស្តីពីស្ថានភាពនៃសកម្មភាព និងរចនាសម្ព័ន្ធសេដ្ឋកិច្ច ដល់អ្នករៀបចំគោលនយោបាយ អ្នករៀបចំផែនការ អ្នកស្រាវជ្រាវ និងអ្នកពាក់ព័ន្ធដទៃទៀត។ បញ្ជីមេនៃអង្គភាពសេដ្ឋកិច្ចក៏ត្រូវបានប្រើប្រាស់ជាបញ្ជីគោលនៃជំរឿនសេដ្ឋកិច្ច និងធ្វើជាបញ្ជីសំណាកគំរូ សម្រាប់ជ្រើសរើសសំណាកគំរូនៃអង្កេតផ្សេងៗពាក់ព័ន្ធនឹងក្រុមហ៊ុន សហគ្រាសអាជីវកម្ម សិប្បកម្ម ពាណិជ្ជកម្ម និងសេវាកម្ម លើកលែងតែអង្គភាពសេដ្ឋកិច្ចក្នុងវិស័យកសិកម្ម។
បន្ថែមពីលើសពីនេះ លទ្ធផលនៃជំរឿនសេដ្ឋកិច្ចរួមចំណែកក្នុងដំណើរការអនុវត្ត និងតាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគោលនយោបាយ និងផែនការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច ទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ។ ជាពិសេសលទ្ធផលជំរឿនសេដ្ឋកិច្ច រួមចំណែកក្នុងការផ្តល់ទិន្នន័យសូចនាករសំខាន់ៗដែលជាតម្រូវការចាំបាច់មិនអាចខ្វះបានក្នុងការធ្វើបច្ចុប្បន្នភាពស្ថានភាពសេដ្ឋកិច្ចកម្ពុជា អំពីមូលដ្ឋានគ្រឹះនៃអង្គភាពសេដ្ឋកិច្ច ដែលឆ្លុះបញ្ចាំងអំពីទិន្នន័យព័ត៌មានសកម្មភាពផលិតកម្ម សេវាកម្មរបស់អង្គភាពសេដ្ឋកិច្ច គ្រប់ទំហំខ្នាត និងប្រភេទលក្ខណៈនៃរចនាសម្ព័ន្ធអង្គភាពសេដ្ឋកិច្ច កម្លាំងពលកម្ម ឬអ្នកចូលរួមការងារ ស្ថានភាពហិរញ្ញវត្ថុ និងសូចនាករផ្សេងៗទៀតតាមវិស័យសកម្មភាពសេដ្ឋកិច្ច ដែលត្រូវបានគ្របដណ្តប់ដោយជំរឿនកសិកម្ម ព្រមទាំងស្ថានទូត និងអង្គភាពប្រហាក់ប្រហែល ដូចជាក្រសួងស្ថាប័ន ឬអង្គភាពរដ្ឋាភិបាល ទីបញ្ជាការដ្ឋានទាហាន និងអង្គភាពសេដ្ឋកិច្ចចល័ត និងផ្នែកសកម្មភាពការងារបម្រើឱ្យគ្រួសារដែលស្ថិតនៅក្នុងចំណាត់ថ្នាក់វិស័យឧស្សាហកម្មតាមស្ដង់ដារអន្តរជាតិនៃអង្គការសហប្រជាជាតិ។
គួរបញ្ជាក់ថា ជំរឿនសេដ្ឋកិច្ចត្រូវបានរៀបចំធ្វើ២ដងរួចមកហើយ គឺជំរឿនសេដ្ឋកិច្ចឆ្នាំ២០១១ និងជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២៕