ភ្នំពេញ ៖ នៅរសៀលថ្ងៃចន្ទ ១៣កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ម្សិលមុិញ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤ តាមប្រព័ន្ធវីដេអូ នៅវិមានសន្តិភាព ក្រោមកិច្ចដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបថា កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤ ប្រព្រឹត្តទៅក្រោមមូលបទ «ចូលរួមកសាងសហគមន៍វាសនារួមគ្នា និងទំនើបកម្មក្នុងចំណោមប្រទេសមេគង្គ-ឡានឆាង»។គោលដៅចំបង និងជាមូលដ្ឋានគ្រឹះនៃទស្សនាទានការអភិវឌ្ឍរបស់កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង គឺដើម្បី៖ ១/សម្រេចបានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃបណ្តាប្រទេសអនុតំបន់ លើកកម្ពស់សុខុមាលភាពរបស់ប្រជាជន បង្រួមគម្លាតនៃការអភិវឌ្ឍ និងការកសាងសហគមន៍នៃអនាគតរួម សន្តិភាព និងវិបុលភាព និង២/តាមរយៈការធ្វើសមាហរណកម្មជាមួយគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ប្រទេសចិន ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ និងកិច្ចសហប្រតិបត្តិការអនុតំបន់មេគង្គផ្សេងទៀត និងយន្តការជំរុញការអនុវត្តរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិសម្រាប់និរន្តរភាពការអភិវឌ្ឍ។
ក្នុងកិច្ចប្រជុំ ថ្នាក់ដឹកនាំនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងនឹងពិនិត្យឡើងវិញនូវវឌ្ឍនភាពដែលសម្រេចបានក្រោមកិច្ចសហប្រតិបត្តិការនេះ និងកំណត់ទិសដៅអនាគតសម្រាប់ការពង្រីកវិស័យនៃកិច្ចសហប្រតិបត្តិការ និងជំរុញបន្ថែមនូវទំនុកចិត្តទៅវិញទៅមក ក៏ដូចជាពង្រឹងភាពជាដៃគូក្នុងចំណោមបណ្តាប្រទេសមេគង្គ-ឡានឆាង ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជននៅក្នុងអនុតំបន់មេគង្គ-ឡានឆាង។
បើយោងតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថា កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤ ដែលដឹកនាំដោយសហប្រធាន នាយឧត្តមសេនីយ៍ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលប្រទេសមីយ៉ាន់ម៉ា និងលោក លី ឈាង នាយករដ្ឋមន្ត្រីចិន នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ប្រទេសសមាជិកមេគង្គ-ឡានឆាង ដើម្បីសម្រេចបាននូវគោលដៅរួមក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងអនុតំបន់ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឈានទៅមុខបន្ថែមទៀត តាមរយៈការដាក់ឱ្យអនុវត្តផែនការសកម្មភាពប្រាំឆ្នាំស្តីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។
គួរបញ្ជាក់ថា កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង សំដៅលើកិច្ចសហប្រតិបត្តិការរវាងប្រទេសសមាជិកចំនួន ៦ ដែលរួមមាន កម្ពុជា ថៃ ឡាវ មីយ៉ាន់ម៉ា វៀតណាម និងចិន។ រហូតមកដល់ពេលនេះកិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានប្រព្រឹត្តទៅចំនួន៤លើក ដែលកិច្ចប្រជុំកំពូលលើកទី១ ក្នុងឆ្នាំ២០១៦ នៅប្រទេសចិន មានចិន និងថៃជាសហប្រធាន កិច្ចប្រជុំកំពូលលើកទី២ ក្នុងឆ្នាំ២០១៨ នៅប្រទសកម្ពុជា មានចិន និងកម្ពុជា ជាសហប្រធាន កិច្ចប្រជុំកំពូលលើកទី៣ ក្នុងឆ្នាំ២០២០ តាមប្រព័ន្ធវីដេអូ មានចិន និងឡាវ ជាសហប្រធាន និងកិច្ចប្រជុំកំពូលលើកទី៤ ក្នុងឆ្នាំ២០២៣នេះ តាមប្រព័ន្ធវីដេអូ មានចិន និងមីយ៉ាន់ម៉ា ជាសហប្រធាន៕