ខេត្តចំនួនពីរនៅតំបន់ភាគខាងត្បូងប្រទេសថៃគឺខេត្ត យ៉ាឡា និង ណារ៉ាធីវ៉ាតរងផលប៉ះពាល់យ៉ាងខ្លាំងដោយទឹកជំនន់បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងជាប់គ្នាជាច្រើនថ្ងៃ ។ សាលារៀនជាច្រើនត្រូវបិទទ្វារ ខណៈ ផ្លូវថ្នល់ និងផ្លូវដែកមួយចំនួនត្រូវផ្អាកការធ្វើចរាចរ ជាបណ្ដោះអាសន្ន។
ក្រុមមន្ត្រីថៃ បានឱ្យដឹងកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថាសាលារៀនជាច្រើន នៅក្នុងខេត្ត Yala និង Narathiwat ក៏ត្រូវបង្ខំចិត្តបិទទ្វារបណ្ដោះអាសន្ន ផងដែរ ហើយរូបភាពជាច្រើនសន្លឹកបានបង្ហាញពីផ្ទះ និងហាងជាច្រើនត្រូវបានទឹកជន់លិច រីឯអ្នកខ្លះត្រូវឡើងទៅលើដំបូងផ្ទះ។
ភ្លៀងធ្លាក់ខ្លាំងបានចាប់ផ្ដើមធ្លាក់តាំងតែពីថ្ងៃសុក្រសប្ដាហ៍មុនមកម្ល៉េះ ហើយអាជ្ញាធរបានព្រមានប្រជាជននៅក្នុងខេត្តទាំង២ ខាងលើ ឱ្យត្រៀមលក្ខណៈជានិច្ច សម្រាប់ការជម្លៀសខ្លួន ប្រសិនបើស្ថានភាពទឹកជំនន់កាន់តែអាក្រក់។ ភ្លាមៗមិនទាន់មានសេចក្ដីរាយការណ៍ពី ជនរងគ្រោះណាម្នាក់ឡើយ៕
រូបថត: Vietnamplus.vn