ខេត្តបន្ទាយមានជ័យៈ កម្លាំងការិយាល័យគ្រឿងញៀន បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តហើយនៅព្រឹកថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះ ដើម្បីអនុវត្តតាមនីតិវិធី។
សមត្ថកិច្ចប្រាប់ថាៈកាលវេលាម៉ោង២៣និង៣០នាទី ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងកងរាជអាវុធហត្ថខេត្ត សហការ ជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានបេីកប្រតិបត្តិការបង្រ្កាបករណី ដឹកជញ្ជូន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ជិត១គីឡូក្រាម ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិកូប ឃុំកូប ស្រុកអូរជ្រៅ ។ លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានប្រាប់ឱ្យដឹងថា ជនសង្ស័យទាំង៣នាក់ ១-ឈ្មោះ អ៊ូ ចាន់ជីតា ហៅតា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ទីលំនៅបច្ចុប្បន្នភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ (ដឹកជញ្ជូន និងប្រើប្រាស់), ២-ឈ្មោះ គង់ សម្បត្តិ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ ទីកន្លែងកំណើតភូមិចក្រត្រឡក ឃុំចក្រត្រឡក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ទីលំនៅបច្ចុប្បន្នភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្ត(ដឹកជញ្ជូន និងប្រើប្រាស់), ៣-ឈ្មោះ ជួន វុត្ថា ហៅឡង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក ទីកន្លែងកំណើតភូមិអូរអំបិល ឃុំអូរអំបិល ស្រុកសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ទីលំនៅបច្ចុប្បន្នភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ (ប្រើប្រាស់)។ សម្ភារៈវត្ថុតាងចាប់បានរួមមាន -គ្រឿងញៀនប្រភេទម្ស៉ៅក្រាម ពណ៌សថ្លា (កេតាមីន) ចំនួន០១កញ្ចប់ធំ និង០២កូនថង់កិប ទម្ងន់ ៩៤៥,១០ក្រាម(ថ្លឹងទាំងសម្បកថង់), -ម៉ូតូ ចំនួន០១គ្រឿង (ម៉ាក HONDA ZOOMER X ពណ៌ខ្មៅ-ក្រហម ពាក់ផ្លាកលេខ ប.ជ 1R-6237) , -ទូរស័ព្ទ ចំនួន០៥គ្រឿង (ម៉ាក OPPO ពណ៌ខ្មៅ, ម៉ាកVIVO ពណ៌ខៀវ ០១គ្រឿង និងពណ៌ខ្មៅ ០១គ្រឿង, ម៉ាកណូគាចុចពិល ពណ៌ទឹកប៊ិច ០២គ្រឿង), -ស៊ីមទូរស័ព្ទ ចំនួន ០២(លេខ០៩៧ ៥៣៧ ៥៤២៣, ០៦៨ ២៨៤ ០៩៣), -អត្តសញ្ញាណប័ណ្ណសញ្ចាតិខ្មែរ ចំនួន ០១សន្លឹក, -កាតចាក់វ៉ាក់សាំង ចំនួន ០១សន្លឹក, -កាតសម្រាប់ចេញ-ចូលថៃ ចំនួន ០២សន្លឹក,-កាបូបស្ពាយ ចំនួន ០១។
លោកបន្តថា មុនដល់ការបង្រា្កបករណីខាងលេី កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន បានទទួលព័ត៌មានពីអ្នករត់តាក់ស៊ីថា នៅពេលឡានរបស់ខ្លួនបែកកង់ នៅចំណុចម្តុំផ្សារគុត្តសត តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិកូប ឃុំកូប ស្រុកអូរជ្រៅ ខេត្ត ហើយបានឈប់នៅទីនោះក៏បានប្រទះឃើញភ្ញៀវរបស់ខ្លួនម្នាក់ ភេទប្រុស បានកាន់អោបថង់ក្រដាសចំនួន០១ដុំ ពណ៌ត្រួយចេក ជាប់នឹងខ្លួន ដោយមានការសង្ស័យថាជាគ្រឿងញៀន ហើយក៏បានរាយការណ៍មកកាន់កម្លាំងតែម្តង។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម លោកបានរាយការណ៍សុំយោបល់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និង ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ហើយលោកបានដឹកនាំកម្លាំងចុះទៅដល់ចំណុចខាងលើ បានឃើញជនសង្ស័យម្នាក់ ឈ្មោះ អ៊ូ ចាន់ជីតា ហៅ តា នៅក្នុងរថយន្ត ហើយលោកបានចាត់ឱ្យកម្លាំងធ្វើការឆែកឆេររកឃើញគ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លា(កេតមីន) ចំនួន ០១កញ្ចប់ធំ និង គ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លា (កេតាមីន) ចំនួន ០២កញ្ចប់តូច ទម្ងន់ ៩៤៥,១០ក្រាម នៅក្បែរខ្លួនជនសង្ស័យ។ បន្ទាប់មកកម្លាំងក៏បានធ្វើការឃាត់ខ្លួន ជនសង្ស័យខាងលើ និងដកហូតវត្ថុតាងនោះ ហើយនាំមកកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការតាមនីតិវិធី ។ បន្ទាប់ពីការឃាត់ខ្លួនឈ្មោះ អូ ចាន់ជីតា ហៅតា យកមកសួរនាំ ជនសង្ស័យរូបនោះ បានសហការជាមួយកម្លាំងជំនាញ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់បន្ថែមទៀតរួមនឹងវត្ថុតាង ទូរស័ព្ទ ចំនួន ០២គ្រឿង, ម៉ូតូ ចំនួន០១គ្រឿង នៅវេលាម៉ោង១១និង៤០នាទីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចបន្ទប់ជួលភ្នំមាស ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្ត។
លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀនបានប្រាប់ឱ្យដឹងថា ជនសង្ស័យទាំង៣នាក់ ក្រោយឃាត់ខ្លួននិងសួរចម្លេីយបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានដឹកជញ្ជូន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង បច្ចុប្បន្ន កម្លាំងការិយាល័យគ្រឿងញៀន បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕