ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ នាព្រឹកថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំវាយតម្លៃ និងពិនិត្យឡើងវិញលើដំណើរការរៀបចំការប្រឡង ក្នុងគោលដៅស្វែងយល់ពីចំណុចខ្លាំង និងស្តាប់នូវបញ្ហាប្រឈមនានាដែលសមាជិក សមាជិកាគណៈកម្មការរៀបចំ អនុគណៈកម្មការ និងភាគីពាក់ព័ន្ធ បានជួបប្រទះទាំងក្នុងដំណាក់កាលមុនប្រឡង ការប្រឡង និងកំណែ ដើម្បីជាមូលដ្ឋានគោលសម្រាប់ការរៀបចំការប្រឡងបន្តបន្ទាប់ទៀត ក៏ដូចជាមូលដ្ឋាននៃការរៀបំនិយាម (SOP) ជារួមនៃការប្រឡង ដែលឆ្លើយតបនឹងការតម្រង់ទិសរបស់សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ផ្តើមចេញពីការអបអរសាទរចំពោះការបញ្ចប់ជាស្ថាពរនូវដំណើរការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ២៥០ នាក់ ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុន ម៉ានី បានយកឱកាសនេះថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ដល់ក្រសួង ស្ថាប័ន អង្គភាពជាភាគីពាក់ព័ន្ធ និងក្រុមការងារទាំងអស់នៃក្រសួងមុខងារសាធារណៈ ដែលបានចូលរួមជាចលករនាំឱ្យដំណើរការប្រឡងប្រជែងប្រព្រឹត្តទៅបានដោយជោគជ័យគួរជាទីមោទនៈ និងទទួលការសាទរពីសំណាក់មហាជនជាពិសេសបេក្ខជនដែលចូលរួមប្រឡង។
កិច្ចប្រជុំបានពិភាក្សាលើប្រធានបទសំខាន់ៗ និងមានការចូលរួមយ៉ាងផុសផុលពីអង្គប្រជុំ ដោយការវាយតម្លៃ និងធាតុចូលទាំងអស់បានផ្តោតលើការរួមគ្នាគិតគូរ និងត្រៀមខ្លួនបន្តឆ្ពោះទៅមុខសម្រាប់ការរៀបចំដំណើរការនៃការប្រឡងនាពេលបន្តបន្ទាប់ឱ្យបានកាន់តែរលូន និងជោគជ័យ។
ការប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣នេះ គឺជាសមិទ្ធផលនៃចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្នុងការរៀបចំការប្រឡងឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ហើយការប្រឡងជាលើកដំបូងសម្រាប់អាណត្តិទី៧ នៃរដ្ឋសភានេះនេះទៀតសោត ទទួលបានការសាទរ និងកោតសរសើរពីសំណាក់ថ្នាក់ដឹកនាំ និងមជ្ឈដ្ឋានមហាជន។
សូមរម្លឹងកជូនផងដែរថា ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ បានប្រព្រឹត្តទៅកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ ដោយមានបេក្ខជនចូលរួមប្រឡងប្រជែងសរុបចំនួន៣១៧៣ នាក់ (ស្រី១៤៧៤នាក់)។ ដំណើរការកំណែវិញ្ញាសា បានចប់សព្វគ្រប់នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ដោយប្រើប្រាស់រយៈពេល៥ថ្ងៃ ដែល ជាលទ្ធផលបេក្ខជនចំនួន២៥០នាក់ (ស្រី៩៤នាក់) ជាប់ជាស្ថាពរ និងមានបេក្ខជនចំនួន១០នាក់ ក្នុងមួយស្រុក ជាបេក្ខជនជាប់បម្រុង ៕ ដោយ ៖ ភារ៉ា ដង្កោ