ភ្នំពេញ ៖ ពេលមានសំបោរឬកំហាក យើងតែងតែញើសនិងខាកចេញមកដោយមិនបានចាប់អារម្មណ៍អ្វីទាំងអស់ កាន់តែឆាប់កាន់តែល្អ។ តើអ្នកជឿទេថាពណ៌របស់សំបោរវាបានប្រាប់ពីបញ្ហាសុខភាពអ្នកអ្វីខ្លះ?
យើងទាំងអស់គ្នាតែងតែជួបប្រទះនិងការហៀរសំបោរ ឬធ្លាក់ចូលបំពង់កដែលតម្រូវអោយយើងញើសរឺខាកចេញមកមានពេលខ្លះហឺតចូលទៅក្នុងច្រមុះ ឬលេបចូលបំពង់ក។
– ទឹកសំបោរមានប្រភពមកពីណា?
ផ្លូវដង្ហើមនិងអាហាររបស់មនុស្សយើងមានភ្នាសកោសិកាដែលជាកន្លែងផលិតសំបោរ រំអិល និងស្លេះ មិនថានៅក្នុងច្រមុះ សីនុស មាត់ បំពង់ក បំពង់សម្លេង បំពង់ខ្យល់ វាមានតួនាទីការពារមេរោគ ការរលាកកកិតវាធ្វើអោយមានសំណើមគ្រប់ពេលវេលា ហេតុដូច្នេះហើយនៅពេលដែលភ្នាសកោសិកាស្ងួតវាងាយនិងបង្ករោគ។
សំបោរឬរំអិលនៅផ្លូវដង្ហើមវាមានតួនាទីចាប់យកវត្ថុផ្សេងដែលចូលមកក្នុងរាង្គកាយយើង តាមរយៈការដកដង្ហើម រាង្គកាយយើងផលិតសំបោរ ឬទឹករំអិល២លីត្រក្នុង១ថ្ងៃ។
មនុស្សភាគច្រើនមិនបានចាប់អារម្មណ៍ពីការពិនិត្យពណ៌សំបោរ ឬកំហាកនោះទេ តើអ្នកដឹងទេថាពណ៌សំបោររបស់លោកអ្នកវាបានបញ្ជាក់ពីបញ្ហាអ្វីខ្លះពីសុខភពច្រមុះរបស់លោកអ្នក?
១. ពណ៌សថ្លា បណ្តាលមកពីផ្តាសាយ រលាកផ្លូវដង្ហើមខាងលើ ឬអាលែកស្សីច្រមុះ ពពួកវីរុសបង្កអោយរលាកភ្នាសកោសិការដែលបញ្ចេញសារជាតិ Histamine ជំរុញអោយមានការផលិតទឹកសំបោរយ៉ាងច្រើន ការប្រើថ្នាំ Anti-Histamine និងការលាងច្រមុះជាមួយទឹកសេរ៉ូមប្រៃអាចជួយកាត់បន្ថយការហៀរសំបោរបាន។
២. ពណ៌ស ការដែលសំបោរមានលក្ខណះក្រាស់ ស្អិត និងសល្អក់ អាចមកពីស្ទះនៅក្នុងច្រមុះរយៈពេលយូរ ដែលបណ្តាលមកពីភ្នាសច្រមុះហើមក្រៅពីនោះរួមផ្សំ និងការទទួលទានផលិតផលពីទឹកដោះគោច្រើនពេក។
៣. ពណ៌លឿង មកពីការឆ្លងរោគពពួកបាក់តេរីនៅច្រមុះ រឺសីនុសប្រព័ន្ធរាង្គកាយយើងបានប្រឆាំងធ្វើអោយមេរោគស្លាប់បូកផ្សំនិងរំអិលលាយខ្ទុះរួមផ្សំគ្នាធ្វើអោយសំបោរមានពណ៌លឿង។
៤. ពណ៌ប្រផេះ អាចចង្អុលបង្ហាញថា ក្នុងច្រមុះរបស់អ្នកមានឬសដូងច្រមុះ ដែលកើតចេញពីការរលាករ៉ាំរ៉ៃនៃភ្នាសច្រមុះ ឬសីនុសមានសណ្ឋានដូចផ្លែទំពាំងបាយជូរ ដែលបណ្តាលមកពីអាលែកស្សីច្រមុះ រលាកសីនុសរាំរ៉ៃ ជំងឺហឺត។
៥. ពណ៌ខៀវ បង្ហាញថារាង្គកាយយើងកំពង់ប្រឆាំងនិងបាក់តេរី ដូចក្នុងករណីទឹកសំបោរពណ៌លឿងដែរ។
៦. ពណ៌ក្រហម កើតឡើងដោយសារសសៃរឈាមច្រមុះដាច់លាយជាមួយទឹកសំបោរ សរសៃឈាមដាច់អាចបណ្តាលមកពីភ្នាសច្រមុះស្ងួត ឬរបួសច្រមុះ ការរលាកច្រមុះ រោគសរសៃឈាមផ្សេង។ ការមានឈាមច្រមុះមួយខាងឬសងខាងត្រូវមកពិនិត្យជាមួយគ្រូពេទ្យ។
៧. ពណ៌ខ្មៅ ការដែលទឹកសំបោរមានពណ៌ខ្មៅច្រើនជួបចំពោះអ្នកជក់បារី អ្នកប្រើប្រាស់ថ្នាំញៀន អ្នកដែលរស់នៅក្នុងបរិស្ថាន ដែលមានការបំពុលបរិយាកាសខ្លាំង និងការបង្កររោគដោយពពួកផ្សិតនៅច្រមុះ ឬសីនុស។
អាស្រ័យដូចបានរៀបរាប់ខាងលើ សូមលោកលោកស្រីមេត្តាពិនិត្យមើលពណ៌ទឹកសំបោររបស់លោកអ្នក នៅពេលញើសឬខាកស្តោះ តើមានពណ៌អ្វីហើយបើសិនជាមានសភាពមិនប្រក្រតី សូមមេត្តាអញ្ជើញមកពិនិត្យនិងព្យាបាលជាមួយគ្រូពេទ្យជំនាញផ្នែកត្រចៀក ច្រមុះ បំពង់កនៅមន្ទីរពេទ្យកាល់ម៉ែត។ នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕