សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលកម្ពុជាមិនបានទៅខ្ចីលុយពីរដ្ឋាភិបាលចិនសម្រាប់គម្រោងព្រែកជីកហ្វូណនតេជោនោះទេ

ចែករំលែក៖

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជាមិនបានទៅខ្ចីលុយពីរដ្ឋាភិបាលចិនសម្រាប់គម្រោងព្រែកជីកហ្វូណនតេជោនោះទេ ពោលគម្រោងនេះរាជរដ្ឋាភិបាលឱ្យវិស័យឯនជនវិនិយោគ ដោយអនុវត្តតាម BOT គឺកសាង ប្រតិបត្តិការនិងផ្ទេរ។

ការចុះផ្សាយដោយផ្អែកលើប្រភពមិនច្បាស់ការថារាជរដ្ឋាភិបាលកម្ពុជាខ្ចីលុយពីរដ្ឋាភិបាលចិន ៥ពាន់លានដុល្លារដើម្បីអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ សម្តេចធិបតី ហ៊ុន ម៉ាណែត បានហៅសារព័ត៌មាន Cambodia Daily ជាខេមរភាសានោះថា ជាសារព័ត៌មានដែលស្រមើស្រមៃ ចេះតែបង្កើតប្រភពដោយខ្លួនឯង ហើយប្រឌិតរឿងដើម្បីប្រឆាំងរាជរដ្ឋាភិបាលតែប៉ុណ្ណោះ។
ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ «សមិទ្ធផលគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកង្វក់ក្នុងរាជធានីភ្នំពេញ» ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី បានលើកឡើងថា៖ «ខ្ញុំមិនជឿថា មានមន្ត្រីជាន់ខ្ពស់នៅក្នុងក្រសួងសេដ្ឋកិច្ច ល្ងង់ដល់ថ្នាក់មិនស្គាល់ភាពខុសគ្នារវាងអ្វីទៅជាឥណទាន ដែលយើងខ្ចី និងគម្រោង BOT ខ្ញុំមិនជឿមន្ត្រីយើងល្ងង់ដល់ថ្នាក់ហ្នឹង»។
សម្តេចធិបតី បានគូសបញ្ជាក់ម្តងទៀតថា រាជរដ្ឋាភិបាលមិនមានអ្វីលាក់បាំងពលរដ្ឋជុំវិញគម្រោងព្រែកជីកហ្វូណនតេជោនោះទេ ដោយសម្តេចថា គម្រោងនេះគឺមានតែផ្តល់ផលប្រយោជន៍ដល់ពលរដ្ឋដែលរស់នៅតាមព្រែកជីកទៅវិញទេតាមរយៈឱកាសការងារដល់ពលរដ្ឋ។
គូសបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានរាជរដ្ឋាភិបាលអាណត្តិទី៦ អនុម័តក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ដោយគម្រោងនេះមិនមានផលប៉ះពាល់ដល់ទន្លេមេគង្គ និងបរិស្ថានដល់ប្រទេសក្បែរខាង ជាពិសេសប្រទេសវៀតណាមនោះទេ។
គម្រោងផ្លូវនាវាចរណ៍ ដែលតភ្ជាប់ទន្លេមេគង្គទៅសមុទ្រនេះ មានប្រវែង ១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹក។ គម្រោងនេះត្រូវបានប៉ាន់ស្មានថានឹងចំណាយទុនវិនិយោគ ១ ៧០០លានដុល្លារ ដោយប្រើរយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផលលាភដែលកម្ពុជាទទួលបាននាពេលនេះ គឺកើតចេញពីសន្តិភាពដែលកម្ពុជា មានរយៈពេល២៥ឆ្នាំមកនេះ ដូច្នេះកូនខ្មែរទាំងអស់ត្រូវបន្តថែរក្សានូវសុខសន្តិភាពនេះឲ្យខាងតែបាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ផ្តាំទៅក្រុមប្រឆាំង​ដែលកំពុងរត់ចោលស្រុក ហើយតែងតែប្រឌិតរឿងកុហកឥតឈប់ឈរនោះថា «គម្រោងសាងសង់ព្រែកជីកហ្វូណន់តេជោ» គឺ មិនមែនជាលុយកម្ចីបរទេសនោះទេ គឺជាគម្រោង BOT ហើយសម្តេច បានផ្ញើសារទៅពួកទាំងនោះទៀតថា កុំប្រឌិតរឿងកុហកច្រើនពេកប្រយ័ត្នបាប ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print