ភ្នំពេញ ៖ សារព័ត៌មានអនឡាញវៀតណាម VN Express ផ្សាយកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ម្ចាស់គណនី TikTok ឈ្មោះ Hua Quoc Anh ដែលបានថតវីដេអូនៅប្រាសាទ អង្គរវត្តជាមួយនឹងសម្លៀកបំពាក់មិនសមរម្យ និងមានរូបភាពព្រះមហាក្សត្រ និងទង់ជាតិថៃ ត្រូវបានប៉ូលីសទីក្រុងហូជីមិញពិន័យជាប្រាក់ចំនួន ៧.៥ លានដុង (ប្រហែល៣០០ដុល្លារសហរដ្ឋអាម៉េរិក)។
សូមរំឭកថា ៖ កាលលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ម្ចាស់គណនី TikTok ជនជាតិវៀតណាមរូបនេះ បានបង្ហោះវីដេអូប្រវែង ១នាទី ២៥វិនាទី ដែលរៀបរាប់អំពីការថតរូបនៅប្រាសាទអង្គរវត្តដោយ មាននារីម្នាក់ស្លៀកឈុតប្រពៃណីថៃ ហើយកាន់ដំបងដើរជុំវិញប្រាសាទ។ វីដេអូនេះក៏មានបញ្ចូលរូបភាពទង់ជាតិថៃ និងព្រះមហាក្សត្រ អមដោយសំឡេងថា «សួស្ដីប្រទេសថៃ!» នៅលើគណនី TikTok ឯកជនរបស់ខ្លួន ដែលមានអ្នកតាមដានប្រហែល ៧០០,០០០នាក់ ។
សូមជម្រាបថា ៖ នៅថ្ងៃទី១២ ខែវិច្ឆិកា អាជ្ញាធរអប្សរាកម្ពុជា បានវាយតម្លៃថា វីដេអូនេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ និងបេតិកភណ្ឌរបស់កម្ពុជា ហើយបាននិយាយថា ខ្លួនបានស្នើសុំឱ្យក្រុមហ៊ុនបណ្ដាញសង្គម TikTok លុបវីដេអូនោះចេញ ។ អាជ្ញាធរអប្សរាក៏បានជំរុញអ្នកប្រើអ៉ីនធឺណិតឈប់បន្តការចែករំលែកវីដេអូដែលមាន «មាតិកាមិនសមរម្យ» នេះ។
ពីរថ្ងៃក្រោយមក គឺនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក Hua Quoc Anh បានបង្ហោះឃ្លីបសុំទោសនៅលើ Facebook ផ្ទាល់ខ្លួនរបស់គាត់ ដោយបាននិយាយថា «ឥឡូវខ្ញុំដឹងថាខ្លួនខុស ខ្ញុំដឹងកំហុសខ្ញុំ ដូច្នេះខ្ញុំសូមអភ័យទោសដោយស្មោះចំពោះមិត្តកម្ពុជា និងប្រទេសកម្ពុជា។ នឹងមិនមានរឿងបែបនេះកើតឡើងម្ដងទៀតទេ។ ឆានែលក៏បាត់ដែរ ឃ្លីបក៏ត្រូវបានលុបចេញពីវេទិកាទាំងអស់ ហើយខ្ញុំចង់បញ្ចប់រឿងនេះទាំងស្រុងនៅទីនេះ »។
ប្រទេសកម្ពុជា ជាប្រទេសគ្រប់គ្រងដោយច្បាប់ ដូច្នេះ អ្នកបញ្ឈប់ បង្កើតនូវអ្វីដែលមិនល្អពីកម្ពុជា ក្នុងចេតនា បង្អាប់អោយសោះ កម្ពុជាជាប្រទេសមានអារ្យធម៍ថ្លៃថ្លា ល្បីលោកពិភពលោក ៕