ភ្នំពេញ៖ បើតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញពីទំហំពាណិជ្ជកម្មរវាងកម្ពុជា និងបារាំង សម្រេចបានប្រមាណជិត ៤៨០លានដុល្លារអាមេរិក គិតត្រឹមរយៈពេល ១១ ខែ ឆ្នាំ ២០២៣ ពោលគឺមានការធ្លាក់ចុះ ៤,២% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ មានចំនួនជាង ៥០០លានដុល្លារ។
របាយការណ៍ដដែលបន្តថា គិតចាប់ពីខែ មករា ដល់ខែ វិច្ឆិកា ការនាំចេញរបស់កម្ពុជា ទៅទីផ្សារបារាំង មានចំនួនជាង ៣៣២លានដុល្លារ ថយចុះ ១៤,៥% បើធៀបនឹងឆ្នាំ ២០២២ និងការនាំចូលមកវិញមានចំនួនជាង ១៤៦លានដុល្លារ មានការកើនឡើងជាង ៣២%។
ទំហំពាណិជ្ជកម្មកម្ពុជា បារាំង នៅមានចំនួនតិចនៅឡើយ បើធៀបនឹងប្រទេសធំៗ ដូចជា សហរដ្ឋអាមេរិក ចិន វៀតណាម ថៃ និងជប៉ុនជាដើម។ ប៉ុន្តែទោះយ៉ាងណាមានការរំពឹងថា ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់ប្រទេសបារាំងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៨-១៩ មករា ឆ្នាំ២០២៤ ខាងមុខ នឹងជួយជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរលើវិស័យសំខាន់ៗបន្ថែមទៀត។
គួរជម្រាបជូនថា តាមរយៈលិខិតលោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង បានយល់ឃើញថា ដំណើរទស្សនកិច្ចនេះបើកលទ្ធភាពធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ និងកាន់តែមានលក្ខណៈសម្បូរបែប ដើម្បីរួមគ្នាដោះស្រាយបញ្ហាសកលដែលប្រទេសទាំងពីរកំពុងប្រឈមនាពេលកន្លងមក។
ជាមួយគ្នានេះ លោកប្រធានាធិបតីបារាំង ជឿជាក់ថា ទស្សនកិច្ចជាលើកទីមួយនៅប្រទេសបារាំងរបស់សម្តេច ហ៊ុន ម៉ាណែត នឹងអនុញ្ញាតឱ្យជំរុញលើវិស័យសំខាន់ៗជាច្រើន ដែលជាគ្រឹះនៃទំនាក់ទំនងរវាងប្រទេសទាំងពីររួមមាន វិស័យសេដ្ឋកិច្ច អភិវឌ្ឍ យោធា បេតិកភណ្ឌ និងហ្រ្វង់កូហ្វូនី ជាដើម៕ដោយ៖តារា