គិតត្រឹម២០២៣៖ CMAC បានបោសសម្អាតផ្ទះដីចម្ការមីន និងចម្ការគ្រាប់ចំនួនជាង ១.៧៣៥គីឡូម៉ែត្រ

ចែករំលែក៖

ភ្នំពេញ៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ភាសាអង់គ្លេស CMAC បានឲ្យដឹងថា គិតចាប់ពីឆ្នាំ១៩៩២ រហូតបំណាច់ឆ្នាំ២០២៣ បានធ្វើការបោសសម្អាតផ្ទះដីចម្ការមីន និងចម្ការគ្រាប់សរុបចំនួនជាង១.៧៣៥គីឡូម៉ែត្រ។ ក្នុងនោះ រុករកឃើញនិងកម្ទេចចោលគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទប្រមាណជាង ៣លានគ្រាប់។

អង្គភាព CMAC នៅក្នុងសមិទ្ធផលនៃប្រតិបត្តិការ និងសេដ្ឋកិច្ចសង្គម បានសសេរថា ចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០០៤ ផលិតភាពបោសសម្អាតរបស់ CMAC ជាមធ្យមបាន ១២គម២ ក្នុងមួយឆ្នាំ ប៉ុន្តែអត្រានេះ បានកើនឡើងទ្វេដងដល់ ២២គម២ ក្នុងឆ្នាំ២០០៥ ហើយបានកើនឡើងជាបណ្តើរៗក្នុងឆ្នាំបន្តបន្ទាប់រហូតដល់មធ្យមបាន ២០០គម២ ក្នុងមួយឆ្នាំៗ។ សមិទ្ធផលនេះ អាចធ្វើទៅបានដោយសារតែ កត្តាចំនួន៣ មានដូចជា ១.ការពង្រឹងសមត្ថភាពមន្ត្រីជំនាញ ២.ការបង្កើន និងបំពាក់បច្ចេកវិទ្យាថ្មីៗ និង៣.ការកែលម្អស្តង់ដាប្រតិបត្តិការ។

ប្រភពដដែល បានឲ្យដឹងទៀតថា ក្នុងកិច្ចប្រតិបត្តិការរុករកឃើញនិងកម្ទេចចោលគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទជាង ៣លានគ្រាប់នេះ ក្នុងនោះមីនប្រឆាំងមនុស្សចំនួន ៥៨៩,៩៦២គ្រាប់ គ្រាប់មីនប្រឆាំងរថក្រោះចំនួន១១,៤៣០គ្រាប់ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ២,៤៤០,២៩៧៧គ្រាប់ គ្រាប់បែកទម្លាក់ពីយន្តហោះរួមនិងគ្រាប់បែកចង្កោមចំនួន១២៦,០៩១ករណី។

ជាមួយនេះ អង្គភាព CMAC ក៏បានសាងកម្លាំងស្ម័គ្រចិត្តជាបណ្តាញតាមភូមិដែលមានអាទិភាពខ្ពស់ចំនួនជាង ៣,៥០០ភូមិ និងមានបណ្តាញស្ម័គ្រចិត្តជិត ៤,០០០នាក់ នៅទូទាំងប្រទេស សម្រាប់បម្រើការងារអប់រំ ផ្សព្វផ្សាយការយល់ដឹងពីគ្រោះថ្នាក់ដោយសារមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម។ CMAC ក៍បានយកចិត្តទុកដាក់កសាងសមត្ថភាព និងការពង្រឹងទំនាក់ទំនង រវាងអជ្ញាធរមូលដ្ឋានទាំងកម្រិត ភូមិ ឃុំ ស្រុក និងខេត្តជាយន្តការថ្នាក់ក្រោមជាតិយ៉ាងមានប្រសិទ្ធិភាពក្នុងការផ្សព្វផ្សាយយល់ដឹងពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងឆ្លើយតបរាល់សំណូមពររបស់ប្រជាពលរដ្ឋ។

ជាក់ស្តែងក្នុងឆ្នាំ២០២៣កន្លងទៅ អង្គភាព CMAC មានផែនការធ្វើការអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទះពីសង្គ្រាមដល់ក្រុមគោលដៅចំនួន ១៥,០០០លើក ស្មើនឹង ៥៥០,០០០ខ្នងផ្ទះ ប្រជាពលរដ្ឋចូលរួមសរុបចំនួន ១,២០០,០០០នាក់។

អង្គភាព CMAC មាននីតិវិធីនិងបទដ្ឋានការងារច្បាស់លាស់ ព្រមទាំងមានការទួលស្គាល់កម្រិតជាតិ និងអន្តរជាតិជាមួយការប្រើប្រាស់សម្ភារបច្ចេកទេសទំនើបតែអ្វីដែលសំខាន់ចាំបាច់បំផុតនោះគឺធនធានមនុស្សប្រកបដោយចំណេះដឹង និងទេពកោសល្យ ដូចនេះចំពោះការងារហ្វឹកហ្វឺនគឺបានបំពេញតួរនាទីយ៉ាងសំខាន់ព្រោះថាបុគ្គលិកអ្នកដោះមីនទាមទាអោយមានពហុជំនាញកាន់តែប្រសើរឡើងរួមមានជំនាញផែនទី ជំនាញស្រាវជ្រាវ ជំនាញកម្ទេច និងដោះបន្សាបគ្រាប់មីនជាដើម។ ក្នុងនោះ បានហ្វឹកហ្វឺនជូនកម្លាំងនគរបាលជាតិ និងកងយោធពលខេមរៈភូមិន្ទមួយចំនួនផងដែរ។

...

លើសពីនេះទៀត ដោយមើលឃើញនូវបទពិសោធន៍និងជោគជ័យរបស់អង្គភាព CMAC បានធ្វើអោយប្រទេសដែលមានបញ្ហាគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះមួយចំនួនដូចជា ប្រទេសឡាវ ប្រទេសវៀតណាម ប្រទេសថៃ ស្រីលង្កា អ៊ីរ៉ាក់ ឃីដអង់ហ្គោឡា អ៊ុយក្រែនបណ្តាប្រទេសអាហ្វ្រីកនិង ប្រទេសកូឡុំប៊ីជាដើម បានស្នើសុំអោយCMACចែករំលែកបទពិសោធន៍របស់ខ្លួន។ ជាក់ស្តែងរាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានផ្តល់ការគាំទ្រអង្គភាពCMAC អោយជួយផ្តល់ការហ្វឹកហ្វឺនដល់មន្ត្រីជំនាញមីនរបស់ប្រទេសកូឡុំប៊ី អង់ហ្គោឡា អ៊ីរ៉ាក់ ឡាវ អ៊ុយក្រែន ប្រទេសអាហ្វ្រីកជាដើម៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print