ខេត្តតាកែវ៖ លោក ឈួន ផាន់នី អភិបាលស្រុកទ្រាំង បានថ្លែងឱ្យដឹងនៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤នេះថា៖ ប្រជាពលរដ្ឋនៅក្នុងឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ បានប្រទះឃើញរូបសំណាកព្រះបដិមាចំនួន ២អង្គ ដោយមួយអង្គឈ និងមួយអង្គទៀតអង្គុយពែនភ្នែន កាលពីរសៀលថ្ងៃទី៣ ខែមករាម្សិលមិញនេះ និងបានរាយការណ៍ជូនអាជ្ញាធរ ដើម្បីយកទៅរក្សាទុកជាសម្បត្តិជាតិ។
លោកអភិបាលស្រុកទ្រាំង បានថ្លែងបន្តថា បន្ទាប់ពីទទួលបានករណីប្រះឃើញរូបបដិមាកនេះ លោកបានរាយការណ៍ទៅរដ្ឋបាលខេត្ត និងមន្ទីរវប្បធម៌ ដើម្បីមកពិនិត្យ និងបានយករូបសំណាកពីប្រជាពលរដ្ឋ ដែលបានប្រទះឃើញឈ្មោះ ហ៊ុយ ហឿន រស់នៅភូមិឃុំខាងលើចំនួន ២ព្រះអង្គ មួយអង្គទ្រង់ឈកំពស់ប្រមាណ ១ម៉ែត្រកន្លះ និងមួយអង្គទៀត អង្គុយពែនភ្នែនមានកម្ពស់ប្រមាណ ៨០សង់ទីម៉ែត្រ យកទៅរក្សាទុក្ខជាបេតិកភណ្ឌវប្បធម៌ជាតិ។
ជាមួយគ្នានោះ ប្រធានមន្ទីរវប្បធម៌ខេត្តតាកែវ លោក ជេត ពិសុទ្ធ បានឱ្យដឹងដែរថា ករណីនេះមន្ទីរបានដឹកនាំមន្រ្តីជំនាញសហការជាមួយមន្រ្តីក្រសួង ចុះទៅពិនិត្យជាក់ស្ដែងនៅកន្លែងរូបសំណាក ដែលប្រជាពលរដ្ឋបានរកឃើញ ដែលព្រះពុទ្ធរូបទាំង ២នេះ កសាងតាំងពីសតវត្សរ៍ទី៧ មកម្ល៉េះ។
គួរបញ្ជាក់ថា រូបសំណាកទាំង ២អង្គនេះត្រូវបានសារមន្ទីរនៅរាជធានីភ្នំពេញ សុំយកទៅជួសជុល និងថែរក្សាទុកជាសម្បត្តិបេតិភណ្ឌរបស់ជាតិខ្មែរផងដែរ៕ដោយ៖តារា