រដ្ឋមន្រ្ដីក្រសួងអធិការកិច្ចថ្លែងថា ក្រសួងមានសមត្ថកិច្ច ធ្វើអធិការកិច្ចលើគ្រប់វិស័យទាំងថ្នាក់ជាតិ និងក្រោមជាតិ ប្រឆាំងអំពើពុករលួយ ការរំលោភអំណាច និងអំពើអសកម្មផ្សេងៗ

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃ០៤ ខែមករា ឆ្នាំ២០២៤នេះក្រសួងអធិការកិច្ច សហការជាមួយក្លិបអ្នកកាសែតកម្ពុជា បានរៀបចំកិច្ចពិភាក្សាតុមូល ស្ដីអំពី “អធិការកិច្ចក្នុងបរិបទកំណែទម្រង់” នៅទីស្ដីការក្រសួងអធិការកិច្ច។ ក្នុងពិធីនេះលោក ហួត ហាក់ រដ្ឋមន្រ្ដីក្រសួងអធិការកិច្ច បានបញ្ជាក់ថា ក្រសួងអធិការកិច្ច គឺមានបេសកកម្ម ចម្បងចំនួន ៣ ដែលសំដៅដល់ការប្រឆាំងអំពើពុករលួយ ការ រំលោភអំណាច ការតាមដានការអនុវត្តន៍ច្បាប់ ការ អនុវត្តន៍តាមអនុសាសន៍របស់នាយករដ្ឋមន្រ្ដី និងការទទួលពាក្យបណ្ដឹងពីពលរដ្ឋ និងអង្កេតស្រាវជ្រាវ។

លោក ហួត ហាក់ មានប្រសាសន៍ថា ៖«ក្រសួងអធិការ កិច្ច មានបេសកកម្ម ធ្វើអធិការកិច្ចលើគ្រប់វិស័យ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៅក្នុងព្រះរាជាណា ចក្រកម្ពុជា សំដៅបង្ការទប់ស្កាត់ និងមានវិធានការផ្សេងៗដើម្បីប្រឆាំងអំពើពុករលួយ ការរំលោភអំណាច និងបាតុភាពអសកម្មនានា,ទី២ ក្រសួងអធិការកិច្ចក៏ទទួលបេសកកម្មពីរាជរដ្ឋាភិបាលក្នុងការតាមដាន អនុវត្តន៍ច្បាប់។ ការតាមដានអនុវត្តន៍ច្បាប់គឺជាបេសកកម្មមួយយ៉ាងសំខាន់ផងដែរ របស់ក្រសួងអធិការកិច្ច គឺការត្រួត ពិនិត្យ អនុលោមភាព នៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធទាំងអស់ ដែលកំពុងនៅជាធរមាន នៅក្នុង ព្រះរាជាណាចក្រកម្ពុជា ដែលនៅក្នុងនោះ គឺរួមបញ្ចូលទាំងការត្រួតពិនិត្យ ការអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចនាយករដ្ឋមន្រ្ដីផងដែរ។ ទី៣ រាជរដ្ឋាភិ បាលក៏បានប្រគល់ភារកិច្ច ជូនក្រសួងអធិការកិច្ច ឲ្យទទួលខុសត្រូវលើវិស័យទទួលពាក្យបណ្ដឹង និងអង្កេតស្រាវជ្រាវ។ ការងារទទួលពាក្យបណ្ដឹង និងអង្កេតស្រាវ ជ្រាវនេះ គឺក្រសួងមានបេសកកម្មក្នុងការ ទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋ ហើយក៏ក្រសួងមានសមត្ថកិច្ចក្នុងការបើកការស្រាវជ្រាវ ស៊ើបអង្កេត ទៅដល់គ្រប់បុគ្គលទាំងអស់ រួមតាំងពីរូបវន្ដបុគ្គល ដែលអាចជាប្រជាពលរដ្ឋ នីតិបុគ្គល ដែលជាក្រុមហ៊ុន សមាគម ឬក៏អង្គការជាដើម គឺយើងអាចបើកការស៊ើបអង្កេតទៅលើរូបវន្តបុគ្គល ឬក៏នីតិបុគ្គលដែលមានការពាក់ព័ន្ធជាមួយនិងសំណុំរឿងដែលដើមបណ្ដឹងបានប្ដឹងមកក្រសួងយើងខ្ញុំ»។

លោក ហួត ហាក់ ប្រាប់បន្ថែមទៀតថា បេសកកម្មអាទិភាពទាំងបី ដែលរាជរដ្ឋាភិបាលប្រគល់ជូនក្រសួងនេះ គឺមានគោលដៅរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអនុវត្តន៍ឲ្យបានជោគជ័យនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ ដែលដាក់ចេញដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី។ វិស័យអធិការនេះ គឺជាភ្នែក ជាត្រចៀករបស់ថ្នាក់លើ និងជាមិត្តដ៏ជិតស្និតរបស់ថ្នាក់ក្រោម ហើយការធ្វើអធិការកិច្ចដើម្បីទាំងអស់ គ្នាហើយទាំងអស់គ្នាឆ្ពោះទៅរកអភិបាលកិច្ចល្អ។ 

លោករដ្ឋមន្ត្រី បន្តថា ការដឹកនាំត្រូវមានការត្រូតពិនិត្យ បើគ្មានការត្រួតពិនិត្យ គឺគ្មានការដឹកនាំនោះឡើយ ហើយគ្មានការជឿជាក់ណាមួយ ដែលអាចជំនួសការត្រួត ពិនិត្យបាននោះឡើយ។ ចំពោះទស្សនៈខាងលើនេះលោក ហួត ហាក់ អះអាងថា ខ្លះត្រូវបានសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី បានក្រើនរំលឹកជាញឹកញាប់ដល់មន្រ្ដីរាជការ និងកងកម្លាំងប្រដាប់អាវុធ យកចិត្តទុកដាក់។ 

លោក ហួត ហាក់ បញ្ជាក់បន្ថែមទៀតថា ក្រសួងអធិការកិច្ច ទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋគ្រប់វិស័យ ក៏ប៉ុន្ដែបើសិនជាបណ្ដឹងពាក់ព័ន្ធនិងច្បាប់ ជាកិច្ចសន្យា ពាក់ព័ន្ធព្រហ្មទណ្ឌ ឬក៏ករណីបរិហាកេរ្ដិ៍ គឺមិនមែនជាសមត្ថកិច្ចរបស់ក្រសួងអធិការនោះទេ ពីព្រោះក្រសួងមិនដើរតួនាទីជំនួសតុលាការទេ ដែលបានន័យថា ក្រសួងដោះស្រាយពាក្យបណ្ដឹងរបស់ពលរដ្ឋ តាមយន្ដដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ សម្រាប់ប្រជាពលរដ្ឋដែលចង់ដាក់ពាក្យបណ្ដឹង អាចដាក់ពាក្យបណ្ដឹងតាមរយៈនាយករដ្ឋានទទួលពាក្យបណ្ដឹង និងអង្កេតស្រាវជ្រាវ របស់ក្រសួងអធិការកិច្ច ដែលការដាក់ពាក្យបណ្ដឹងអាចធ្វើឡើងតាមរយៈលាយលក្ខណ៍អក្សរ ឬក៏តាមរយៈអនឡាញ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print