ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមនបានឃាត់ខ្លួនយុវជន២នាក់ ចំណែកឯបក្ខពួកម្នាក់ទៀត បានរត់គេចខ្លួន ខណៈពេលអង្គុយផឹកស៊ី ទាស់សម្តីគ្នាជាមួយយុវជនមួយក្រុមទៀត ដែលមានគ្នា២នាក់ នៅក្នុងបរិវេណកោះពេជ្រ។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ នៅក្នុងបរិវេណទីក្រុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជន២ក្រុមបានមកអង្គុយផឹកស៊ីក្បែរគ្នានៅក្នុងបរិវេណកោះពេជ្រ ហើយមួយក្រុមមានគ្នា២នាក់ និងមួយក្រុមទៀតមាន៣នាក់។ លុះមួយសន្ទុះក្រោយមកក៏ឃើញមានទាស់ពាក្យសម្តីគ្នាទៅវិញទៅមក ហើយប្រកែកគ្នាខ្លាំងៗ។ បន្ទាប់មកភាគីមានគ្នា៣នាក់បានទាញកៅអីគប់និងវាយទៅលើយុវជន២នាក់ ផ្អើលពេញក្នុងកោះពេជ្រ រួចរត់គេចខ្លួន។ ភ្លាមៗនោះដែរក៏ឃើញមានកម្លាំងកងរាជអាវុធហត្ថ និងសមត្ថកិច្ចខណ្ឌចំការមន ចុះមកជួយធ្វើអន្តរាគមន៍និងឃាត់បានអ្នកបង្កចំនួន២នាក់និងម្នាក់ទៀតរត់គេចខ្លួនបាត់។
ក្រោយឃាត់ខ្លួនហើយកម្លាំងកងរាជអាវុធហត្ថបាននាំខ្លួនយុវជនពីរនាក់ដែលជាអ្នកបង្កនិងជនរងគ្រោះចំនួនពីរនាក់ទៀតទៅទីបញ្ជាការកងរាជអាវុធហត្ថខណ្ឌចំការមនដើម្បីសួរនាំបន្ត៕ជ្រោយពេជ្រ