ខេត្តកំពង់ឆ្នាំង៖ មន្ទីរធនធានទឹក និងឧតុនិយមខេត្ដកំពង់ឆ្នាំង ជូនដំណឹងស្តីពីការផ្អាកការងារបង្កបង្កើនផលស្រូវប្រាំង ក្នុងតំបន់ប្រព័ន្ធធារាសាស្រ្តអាចាំង និងផ្នែកខាងលើនៃដងស្ទឹងជ្រៃបាក់។ នេះបេីយោងតាមប្រភពព័ត៍មានពីក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤។
ជាក់ស្ដែងនៅក្នុងសេចក្ដីជូនដំណឹងខាងលេីនេះ បានបញ្ជាក់ថា មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង សូមជម្រាបជូនប្រជាកសិករទាំងអស់ ជាពិសេស ប្រជាកសិករក្នុងតំបន់ប្រព័ន្ធ ធារាសាស្ត្រអាចាំង និងផ្នែកខាងលើនៃដងស្ទឹងជ្រៃបាក់ ជ្រាបថា៖
*១. សូមបងប្អូនប្រជាកសិករទាំងអស់ ផ្អាកការបង្កបង្កើនផលដំណាំស្រូវប្រាំង ព្រោះទឹកមានលំហូរ ឬធារទឹកមានកម្រិតដែលមិនអាចផ្ដល់អោយក្នុងតំបន់ដែលមានផ្ទៃដីធ្វើស្រែវស្សាហើយ បន្តធ្វើស្រែប្រាំងទៀតទេ។ ជារៀងរាល់ឆ្នាំ បរិមាណទឹកមានសំរាប់តែផ្ទៃដីស្រែប្រាំងតិចតួចតែប៉ុណ្ណោះ ។
*២.ក្នុងករណីបងប្អូនប្រជាកសិករនៅតែបន្តធ្វើស្រែប្រាំងក្នុងចំនួនដ៏ច្រើន លើសពីបរិមាណទឹកនោះ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំងមិនទទួលខុសត្រូវលើការខ្វះទឹកស្រោចស្រពស្រូវប្រាំង នោះឡើយ។
*៣.ករណ៏ដែលប្រជាកសិករយើងនៅតែបន្តបង្កបង្កើនផលស្រូវប្រាំងទៀត នោះបងប្អូននឹងអាចជួប ប្រទះការខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ ខ្វះទឹកសម្រាប់សត្វពាហនៈ និងខាតបង់ថវិការបស់បងប្អូន ប្រជាកសិករ ថែមទៀតជាមិនខាន។
ទទួលបានសេចក្តីជូនដំណឹងខាងលើ សូម អាជ្ញាធរ និង បងប្អូនប្រជាកសិករទាំងអស់ ត្រូវចូលរួមផ្សព្វផ្សាយ ឲ្យបានទូលំទូលាយ និងចាត់ចែងអនុវត្តប្រកបដោយសារតីទទួលខុសត្រូវខ្ពស់៕ដោយ៖តារា