កណ្តាល៖ សមត្ថកិច្ចនគរបាលក្រុងតាខ្មៅបានធ្វើការឃាត់ខ្លួននារីខារ៉ាអូខេយីហោ “ហុងកុង” និងបក្ខពួក៣នាក់ទៀត រួមជាមួយថ្នាំញៀន២០កញ្ចប់ កាលពីវេលាម៉ោង៣ និង១០នាទីរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ នៅត្រង់ចំណុចរោងលក់ទឹកត្នោតជូរមួយកន្លែង ស្ថិតក្នុងភូមិក្រពើហារកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ វ៉ាន់ សុផា ភេទស្រី អាយុ១៨ឆ្នាំ មុខរបរ ជានារីខារ៉ាអូខេ បម្រើការងារនៅហាងខារ៉ាអូខេយីហោ “ហុងកុង” ទី២-ឈ្មោះ នៅ នាង ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ទាំង២នាក់នេះស្នាក់នៅផ្ទះជួលភូមិក្រពើហារកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ទី៣-ឈ្មោះ ឃី វណ្ណឌី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ទី៤-ឈ្មោះ ខុម ផានិត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ទាំង២នាក់នេះមានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។
ប្រភពដដែលបានបន្តថា ក្នុងប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ខាងលើនេះ សមត្ថកិច្ចរឹបអូសបានថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកក ចំនួន២០កញ្ចប់តូច, ទូរស័ព្ទដៃ និងម៉ូតូ២គ្រឿង ម៉ាកឌូក ពណ៌ស ពាក់ស្លាកភ្នំពេញ1CP-8880១គ្រឿង, ធុនសេ១០០កូរ៉េ ពណ៌ក្រហម ១គ្រឿង ។
ប្រភពដដែលបានបន្តទៀតថា នៅមុនពេលកើតហេតុសមត្ថកិច្ចទទួលបានេព័ត៌មានពីកម្លាំងសម្ងាត់ថា ក្រុមជនសង្ស័យទាំង៤នាក់នេះកំពុងជួបជុំគ្នានៅទីតាំងរោងលក់ទឹកត្នោតជូរ ដើម្បីធ្វើសកម្មភាពជួញដូរគ្រឿងញៀន ។ បន្ទាប់ពីទទួលបានព័ត៌មានច្បាស់ការ សមត្ថកិច្ចនគរបាលក្រុងតាខ្មៅ បានចុះទៅឡោមព័ទ្ធបង្រ្កាបឈានដល់ឃាត់ខ្លួនក្រុមជនសង្ស័យឆែកឆេររកឃើញមានវត្ថុតាងជាក់ស្តែងឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕
ដោយ៖ ស្អាងជ័យ