ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថាៈ កើត ចាស់ ឈឺ ស្លាប់ គឺជាដំណើរធម្មតានៃជីវិតមនុស្ស។ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦នេះជាខួបគំរប់៣ឆ្នាំ នៃមរណៈភាពរបស់ឪពុកខ្ញុំ (១២ កក្កដា ២០១៣-១២ កក្កដា ២០១៦)។
សម្តេចបន្តថាៈ ក៏ដូចប្រជាជនផ្សេងទៀតដែរ ការបាត់បង់ព្រះរស់ដែលជាអ្នកមានគុណដោយគ្មានពេលបានជួបវិញ គឺជារឿងទុក្ខសោកគ្មានថ្ងៃបំភ្លេចបាន។ ការធ្វើបុណ្យឧទ្ទិសកុសលសំរាប់អ្នកមានគុណជាការចាំបាច់សំរាប់កូន ចៅ ចៅទួត។ សម្តេចមានប្រសាសន៍បញ្ជាក់ទៀតថាៈ សំរាប់ខ្ញុំ បើទោះជាលោកឪពុកចែកឋានទៅហើយក្តី តែពេលខ្លះខ្ញុំច្រឡំថាគាត់នៅរស់ហើយទៅបើកបន្ទប់មើលគាត់ដូចខ្ញុំធ្លាប់ធ្វើនៅពេលគាត់នៅរស់។
បើមានជាតិក្រោយមែន កូនសុំកើតមកជាកូនពុកសារជាថ្មីម្តងទៀត មិនថាជីវភាពក្រីក្រលំបាកយ៉ាងណាទេ ព្រោះជាតិនេះយើងធ្លាប់ក្រីក្ររួចមកហើយ តែពុក និងម៉ែបានប្រឹងចិញ្ចឹមកូនៗដោយលំបាកទើបពួកកូនរីកចំរើនដូចសព្វថ្ងៃ៕
ដោយ៖ សុខ ខេមរា