ភ្នំពេញ៖ លោក ស៉ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ បានចេញមកបំភ្លឺជុំវិញករណី Facebook មួយចំនួនបានចុះផ្សាយព័ត៌មានចរិកញុះញង់ ដោយយកការសរសេររិះគន់ ឬការបញ្ចេញមតិរបស់ភ្ញៀវទេសចរប៉ុន្មាននាក់ មករិះគន់លើអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (ថ្មី)។
អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ថា ការសរសេររិះគន់អំពីការគ្រប់គ្រង អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (ថ្មី) ដោយលើកយកការបញ្ចេញមតិ ដែលមានកាលបរិច្ឆេទតាំងពីជាង ២ទៅ ៩ខែមុនមកម្ល៉េះ ជាព័ត៌មានបំភ្លៃការពិតទាំងស្រុង ពីព្រោះអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (ថ្មី) ទើបតែសាងសង់រួច និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូការ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣តែប៉ុណ្ណោះ (ដែលមានរយៈពេលមិនដល់ ២ខែផង)។
លោកអនុរដ្ឋលេខាធិការ បានបញ្ជាក់ទៀតថា៖ «ការលើកយកសារបញ្ចេញមតិរបស់ភ្ញៀវទេសចរប៉ុន្មាននាក់ តាមបណ្តាញសង្គមដែលបានកើតឡើង តាំងពីមុនពេលបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មកចុះផ្សាយ ដើម្បីវាយប្រហារលើអាកាសយានដ្ឋានថ្មីនេះ គឺជាចេតនាទុច្ចរិតដ៏អាក្រក់ដើម្បីបំផ្លាញកេរ្តិ៍ឈ្មោះ និងបំផ្លាញកិច្ចខិតខំប្រឹងប្រែងបំរើអតិថិជន (អតិថិជនជាធំ) របស់អាកាសយានដ្ឋានតែប៉ុណ្ណោះ»។
ជាមួយគ្នានេះ ចំពោះការសរសេររិះគន់ អំពីបុគ្គលិកអាកាសយានដ្ឋាន សុំលុយធិបពីភ្ញៀវទេសចរ ជាការចោទប្រកាន់ដែលគ្មានមូលដ្ឋាន។ ទោះយ៉ាងណាក៏ដោយ រដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល បានសហការជាមួយក្រុមហ៊ុនប្រតិបត្តិករអាកាសយានដ្ឋាន និងស្ថាប័នពាក់ព័ន្ធ ដើម្បីណែនាំផ្សព្វផ្សាយ និងក្រើនរំលឹកបន្ថែម ដល់បុគ្គលិករបស់អាកាសយានដ្ឋានទាំងអស់ ឱ្យគោរពប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិន័យ វិជ្ជាជីវៈ និងគោលការរណ៍ស្តង់ដារប្រតិបត្តិ ឱ្យបានខ្ជាប់ខ្ជួន ក្នុងការផ្តល់សេវាដល់អតិថិជន ឱ្យកាន់តែល្អប្រសើរ ដូចប្រទេសជឿនលឿនផងដែរ។
អ្នកនាំពាក្យ បានបន្តថា រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានខិតខំប្រឹងប្រែងក្នុងការសហការជាមួយស្ថាប័នជំនាញពាក់ព័ន្ធ ដើម្បីពង្រឹងនិងធ្វើឱ្យប្រសើរឡើង ដល់ការផ្តល់សេវាដល់អ្នកដំណើរ ភ្ញៀវទេសចរក៏ដូចជាអតិថិជនទាំងអស់ ដែលប្រើប្រាស់សេវាអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក៏ដូចជាអាកាសយានដ្ឋានផ្សេងទៀត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរ បង្កើតការងារជូនប្រជាពលរដ្ឋទាំងបរិមាណ និងគុណភាព ក៏ដូចជាទាក់ទាញវិនិយោគិន សំដៅជម្រុញកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍលើកស្ទួយវិស័យទេសចរណ៍ វិស័យអាកាសចរណ៍ ដើម្បីបម្រើផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋ។
ដោយឡែក បន្ទាប់ពីការដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ឃើញថា អាកាសយានដ្ឋានបានបង្ហាញសមត្ថភាព និងលទ្ធភាពរបស់ខ្លួន ក្នុងការជម្រុញកំណើនភ្ញៀវទេសចរ ចេញ-ចូលខេត្តសៀមរាប មានការកើនឡើងគួរជាទីកត់សម្គាល់។ ហេដ្ឋារចនាសម្ព័ន្ធថ្មីនេះ មានការមមាញឹកក្នុងការទទួលជើងហោះហើរទាំងក្នុងស្រុក និងអន្តរជាតិ ក៏ដូចគ្នាទៅនឹងប្រតិបត្តិការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសផងដែរ៕ដោយ៖តារា