ក្រុមអាជីវករបានប្រាប់ឲ្យដឹងថា ល្បែងកន្ទុយលេខកំពុងលេងយ៉ាងវក់វីនៅក្នុងផ្សារប៉េសេ ដែលស្ថិតនៅក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ក្រុមអាជីវករនៅក្នុងផ្សារនេះនិយាយពេញៗមាត់ថា ការដែលគេអាចកត់កន្ទុយលេខនៅក្នុងផ្សារប៉េសេបានដោយសេរី ក៏ព្រោះតែមានការត្រូវដងត្រូវផ្លែរវាងសមត្ថកិច្ច នឹងអាជ្ញាធរដែនដី ជាមួយក្រុមមេឆ្នោតទាំងនោះ ។ ដូច្នេះ អ្នកដើរកត់កន្ទុយលេខ ក៏ដូចជាមេឆ្នោតនៅក្នុងផ្សារនោះ មិនខ្វល់បារម្ភខ្លាច សមត្ថកិច្ច អាជ្ញាធរដែនដីចុះទៅបង្ក្រាបនោះឡើយ ។
នៅពេលដែលមានការបើកជាចំហរបែបនេះ សកម្មភាពកត់កន្ទុយលេខនៅផ្សារប៉េសេ កាន់តែមានសកម្មភាពខ្លាំងក្លាឡើងៗ ។ រីឯសមត្ថកិច្ច ក៏មានមុខនៅទីនោះដែរ ប៉ុន្តែមិនមែនទៅបង្ក្រាបនោះទេ គឺទៅយកលុយពីមេកន្ទុយលេខទាំងអស់នោះ ។ ប្រជាពលរដ្ឋនិយាយថា នៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ បើគ្មានការឃុបឃិតរវាងមេឆ្នោត នឹងសមត្ថកិច្ចទេនោះ ល្បែងកន្ទុយលេខមិនអាចដំណើរបានដោយសប្បាយរីករាយយ៉ាងដូច្នេះឡើយ ។
អធិការនគរបាលខណ្ឌមានជ័យ ក៏ដូចជាលោកអភិបាលខណ្ឌ ធ្លាប់ត្រូវប្រជាពលរដ្ឋរាយការណ៍ឲ្យដឹងអំពីករណីល្បែងឆ្នោតនៅផ្សារប៉េសេនេះដែរ ប៉ុន្តែសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋ បានត្រឹមតែឲ្យមេឆ្នោតរិះគន់តែប៉ុណ្ណោះ ។ ប្រជាពលរដ្ឋខណ្ឌមានជ័យនិយាយថា ក្នុងវេទិកាសាធារណៈដែលបានធ្វើកន្លងមក ប្រជាពលរដ្ឋបានសំណូមពរ និងបានលើកឡើងអំពីបញ្ហាកន្ទុយលេខនៅក្នុងផ្សារប៉េសេនេះ ប៉ុន្តែល្បែងឆ្នោតនៅក្នុងផ្សារនេះនៅតែដំណើរការ ។ ប្រជាពលរដ្ឋ កំពុងមានសេចក្តីព្រួយបារម្ភអំពីបញ្ហាអសន្តិសុខ ដែលកំពុងកើតមាននៅក្នុងសហគមន៍របស់ខ្លួន ដូចជាករណីចោរលួចចោរប្លន់ គ្រឿងញៀន ដែលកើតចេញពីឥទ្ធិពលល្បែងកន្ទុយលេខនេះ ៕