ខេត្តរតនគិរី៖ ជនសង្ស័យប្រុសស្រី ៣នាក់ពាក់ព័ន្ធករណីប្លន់ប្រដាប់អាវុធកាលពីវេលាម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះត្រូវបានកម្លាំងនគបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគបាលខេត្ត បញ្ជូនទៅកាន់សាលាដំបូងខេត្ត នៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ នេះ ។
គួររំលឹកផងដែរថា ជនសង្ង័យប្រុសស្រី៣នាក់ពាក់ព័ន្ធករណីប្លន់ប្រដាប់អាវុធដោយប្រើប្រាស់អាវុធ AK កាត់ស្វាយមួយដើម បង់មួយមាន២៦គ្រាប់ និងអាវុធខ្លីមួយដើម បង់មួយមាន៩គ្រាប់ចូលធ្វើសកម្មភាពគំរាមភ្ជង់ហើយចាប់ចងម្ចាស់ផ្ទះទាំងពីរនាក់ប្តីប្រពន្ធចង រួចហើយប្រមូលយកទ្រព្យសម្បត្តិនៅត្រង់ចំណុចផ្ទះលក់គ្រឿងទេសមាត់ផ្លូវចូលក្រុមហ៊ុនម៉ាងយ៉ាងខេ ស្តិតនៅក្នុងភូមិរ៉ង ឃុំកាចូន ស្រុកវើុនសៃ ខេត្តរតនគិរី ។
សម្ភារដែលបាត់បង់រួមមាន៖ ខ្សែកមាស២ជី ខ្សែដៃផ្លាក់ទីន២ជី ជញ្ចៀនមាស២វង់(២ជី) លុយខ្មែរ៦០ម៉ឺនរៀល លុយដុងមួយលានដុង បារី២០សុង ហើយរត់គេចខ្លួនបាត់ស្រមោល។
ស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដឹកនាំកម្លាំងជំនាញព្រហ្មទណ្ឌចុះសហការជាមួយកម្លាំងអធិការស្រុកវើុនសៃនិងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ប្រើរយៈពេល១០ថ្ងៃក៏ឈានទៅឃាត់ខ្លួនជនសង្ស័យបាន២នាក់នៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៦ តែម្តង ទី១-ឈ្មោះ តាំ គ្រីយ៉ា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មានស្រុកកណើតស្រុកពញ្ញាក្រែក ទី២-ឈ្មោះ នី យូសុខ ភេទប្រុសអាយុ៤០ឆ្នាំ ជនជាតិអ៊ិស្លាម មានទីលំនៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ តាមចំម្លើយសារភាព ជនសង្ស័យទី៣-ឈ្មោះ ពេជ្យ ផល្លី បានរត់គេចខ្លួនបាត់មានប្រពន្ធចុងឈ្មោះ ក្រាយ ច្រំ រស់នៅភូមិទៀមក្រោម ឃុំភ្នំកុក ស្រុកវើុនសៃ (ជាបក្ខពួក)។
ឆ្លងតាមការសួរចម្លើយជនសង្ស័យឈ្មោះ ក្រាយ ច្រំ ក៏បាននាំកម្លាំងទៅយកវត្ថុតាងក្នុងអំពើប្លន់ដែលបានលាក់ទុកធ្វើសកម្មភាពប្រគល់ឲ្យសមត្តកិច្ចរួមមាន៖ អាវុធ AK កាត់ស្វាយ១ដើម បង់១គ្រាប់ចំនួន២៦គ្រាប់ និងអាវុធខ្លី១ដើមបង់១គ្រាប់ចំនួន៩គ្រាប់ កងដៃផ្លាក់ទីន១វង់ ក្រវិលផ្លាក់ទីន១គូរ ចិញ្ចៀនផ្លាក់ទីន១វង់ ខោខូវប៊យ២ ទូរស័ព្ទដៃ២គ្រឿង និងម៉ូតូ១គ្រឿងសម្រាប់ជិះធ្វើសកម្មភាព។
បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង៣នាក់ធ្វើការបញ្ជូនទៅសាលាដំបូងខេត្តរតនគិរីដើម្បីចាត់ការតាមនីតិវិធី៕
ដោយ៖ វុទ្ធឦសាន