ខេត្តក្រចេះ៖ បុរសជាអ្នកបើករ៉ឺម៉កម៉ូតូដឹកឈើម្នាក់បានស្លាប់ និងអ្នករួមដំណើរម្នាក់ទៀតរបួសធ្ងន់ ដោយសារតែរថយន្តយីឌុបធុនធំ១គ្រឿងបានបើកបុករ៉ឺម៉កម៉ូតូដឹកឈើពីក្រោយពេញទំហឹង ចំណែកអ្នកបើកបររថយន្តបង្កបានរត់គេចខ្លួនបាត់ ។
ប្រភពពីនគរបាលមូលដ្ឋានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងនៅវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៧ ក្នុងភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ។
អធិការរងស្រុកស្នួល លោក កែវ វីណូ ទទួលបន្ទុកចរាចរណ៍បានឲ្យដឹងថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះគឺបានបង្កឲ្យមានមនុស្សពីរនាក់រងគ្រោះ ម្នាក់ឈ្មោះ ហឿន ពៅ ភេទប្រុស អាយុ២៤ឆ្នាំ ស្លាប់នៅនិងកន្លែងកើតហេតុ និងម្នាក់ទៀតឈ្មោះ ថន វ៉ា ភេទប្រុស អាយុ២៧ឆ្នាំ រងរបួសធ្ងន់ត្រូវបានបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុក ជនរងគ្រោះទាំងពីរនាក់មានទីលំនៅភូមិរើល ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
លោកអធិការរងបន្តថា គ្រោះថ្នាក់ចរាចរណ៍មួយនេះគឺបង្កឡើងដោយរថយន្តយីឌុបដឹកស៊ីម៉ងត៍១គ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ តាកែវ 3A-2376 បានបុករ៉ឺម៉កដឹកឈើពីក្រោយពេញទំហឹង ក្នុងទិសដៅស្របទិសគ្នាពីលិចទៅកើត ហើយបុករុញទាំងជនរងគ្រោះ និងរ៉ឺម៉កដឹកឈើអូសប្រហែល៥០ម៉ែត្រទើបរថយន្តបង្កក្រឡាប់ធ្លាក់ទៅមួយចម្ហៀងផ្លូវ ហើយរ៉ឺម៉កដឹកឈើបានដាច់ជាកំណាត់ៗ ចំណែកអ្នកបើកបររថយន្តបង្កបានរត់គេចខ្លួនបាត់ ។
បើតាមការបញ្ជាក់ពីនគរបាលស្រុកស្នួលបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះទាំងពីរនាក់បានដឹក ឈើ៥គុណ១៥ ប្រវែង៨ម៉ែត្រ ចំនួន១០សន្លឹក ដឹកចេញពីស្រុកស្នួល ខេត្តក្រចេះ ក្នុងគោលដៅឆ្ពោះចូលទៅស្រុកមេម៉ត់ ខេត្តត្បូងឃ្មុំ លុះមកដល់ចំនុចកើតហេតុខាងលើ ត្រូវរថយន្តយីឌុបបុកពីក្រោយ បង្កឲ្យមានអ្នកស្លាប់និងរបួស ។
សាកសពត្រូវបាននគរបាលប្រគល់ឲ្យសាច់ញាត្តិយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តបង្កត្រូវបាននាំមករក្សាទុកបណ្តោះអាសន្ននៅអធិការស្រុកស្នួល រង់ចាំដោះស្រាយនៅពេលក្រោយ ៕
ដោយ៖ កោះទ្រុង