រថយន្តធុនធំៗពីរគ្រឿងបុកគ្នាយ៉ាងហោចណាស់មនុស្ស២នាក់របួសធ្ងន់ នៅស្រុកកំពង់ត្រឡាច

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ យ៉ាងហោចណាស់មានមនុស្ស២នាក់រងរបួសធ្ងន់ ខណៈរថយន្ត២គ្រឿងបុកគ្នានិងបន្តកៀរម៉ូតូ១គ្រឿងនិងរ៉ឺម៉ក១គ្រឿងទៀតក្នុងទិសដៅស្របគ្នា។

ហេតុការណ៍នេះម៉ោងប្រមាណ០៦និង១១នាទីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ នៅចំណុចខាងជើង រូប សំណាកព្រះគោព្រះកែវ លើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៩-៤០ ស្ថិតក្នុងភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

យោងតាមរបាយការណ៍របស់ស្នងការរង ទទួលបន្ទុកចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំងលោក កេត យ៉ុង បញ្ជាក់ថា៖ ករណីនេះកើតឡើងរវាងរថយន្ត០១គ្រឿង ម៉ាកHyundai Mighty ពណ៌ស ពាក់ផ្លាកលេខ កំពង់ធំ3A-0819 អ្នកបើកបរឈ្មោះ ងួន សុធា ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិដងក្ដារ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ បើកពីទិសខាងត្បូង ឆ្ពោះទៅទិសខាងជើង។

ពេលមកដល់ចំណុចខាងលើ ក៏បានគៀរជាមួយនិងរថយន្ត០១គ្រឿង ម៉ាកស៊ីណា ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AK-5788 អ្នកបើកបរឈ្មោះ សាង គង់ ភេទ ប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកំពង់សីមា ឃុំវត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បើកបរពីទិស ខាងត្បូង ឆ្ពោះទៅទិសខាងជើង ( ស្របទិសគ្នា ) ។ ស្របពេលនោះក៏បានបុកនិងម៉ូតូ០១គ្រឿងទៀត ម៉ាក HONDA ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ1w-1718 អ្នកបើកបរឈ្មោះ ពេជ្រ សំអឿន ភេទប្រុស អាយុ ៣៩ ឆ្នាំជនជាតិខ្មែរ រស់នៅភូមិត្រពាំងលើឃុំត្រាចទង ស្រុក ឧដុង្គ ខេត្តកំពង់ស្ពឺ ដែលឈប់នៅលើគន្លងផ្លូវសាមញ្ញខាងស្ដាំ។

ប្រភពបន្តថា ភ្លាមៗនោះដែរ រថយន្តក៏ជ្រុលល្បឿនទៅបុកចំហៀងខាងស្ដាំផ្នែកខាងក្រោយនៃរ៉ឺម៉កសណ្ដោង រថយន្ត០១ គ្រឿងទៀត ម៉ាកFuso ពណ៌ស ពាក់ផ្លាកលេខកំពង់ឆ្នាំង3A-1801សណ្ដោងរ៉ឺម៉កពណ៌ខៀវ ពាក់ស្លាកលេខព្រះសីហនុ4A-3189 អ្នកបើកបរឈ្មោះ លីម ចាន់គ្រី ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ អង្គរជ័យ ឃុំស្រទ្បប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បើកបរពីទិសខាងត្បូង ឆ្ពោះទៅទិសខាងជើង ក្នុងដំណើរស្របទិសគ្នា (កំពុងបើកបរបត់ស្ដាំ) ។

គួរបញ្ជាក់ផងដែរ ករណីបុកបន្តបន្ទាប់គ្នានេះបណ្ដាល ឲ្យមនុស្ស២នាក់រងរបួសធ្ងន់ ក្នុងនោះអ្នកបើកបរម៉ូតូចំនួន០១នាក់ និងអ្នកបើកបររថយន្តចំនួន០១នាក់ទៀត និងខូចម៉ូតូ០១គ្រឿង រួមទាំងរថយន្ត០២គ្រឿង ខូចខាតទាំងស្រុង។

...

ក្រោយពេលកើតហេតុ អ្នករងរបួស ត្រូវក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកឧដុង្គ។ ដោយឡែកវត្ថុតាងម៉ូតូនិងរថយន្ត បានយកមករក្សាទុកនៅអធិការ ដ្ឋាននគរបាលស្រុកកំពង់ត្រឡាចចាត់ការបន្ត៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print