ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃព្រហស្បតិ៍ទី១១ ខែមករា ឆ្នាំ២០២៤នេះបានអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំថ្មី ឆ្នាំ២០២៤ របស់ក្រសួងកិច្ចការនារី។ ពិធីនេះរៀបចំឡើងនៅសណ្ឋាគារសុខាភ្នំពេញ។
ក្រសួងកិច្ចការនារី បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ រយៈពេល២ថ្ងៃ គឺថ្ងៃទី១០ និងទី១១ ខែមករា ឆ្នាំ២០២៤។ សន្និបាតនេះមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីក្រសួង និងមន្ទីរកិច្ចការនារីរាជធានី ខេត្ត ដៃគូជាតិ មកពីក្រសួងស្ថាប័នពាក់ព័ន្ធ ក្រុមប្រឹក្សា-អភិបាលរងរាជធានី-ខេត្ត ដៃគូអភិវឌ្ឍន៍អន្តរជាតិ វិស័យឯកជន និងសង្គមស៊ីវិល សរុបប្រមាណ ៥១៥រូប។ អង្គសន្និបាត បានពិនិត្យឡើងវិញនូវសមិទ្ធផល បញ្ហាប្រឈម ក្នុងការងារកន្លងមក ដោយផ្អែកតាមផែនការយុទ្ធសាស្ត្រនារីរតនៈទី៥ ២០១៩-២០២៣ និងពិនិត្យកាលានុវត្តភាពថ្មី ដើម្បីលើកទិសដៅបន្ត ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
គួរជម្រាបជូនថា ការងារកិច្ចការនារី គឺជាការងារអន្តរវិស័យ ដែលមានសារសំខាន់ និងគ្របដណ្តប់លើទិដ្ឋភាពធំ៤ មានដូចជា៖
១) ទិដ្ឋភាពការទូត៖ ការបង្ហាញឆន្ទៈនយោបាយរបស់រាជរដ្ឋាភិបាល នៅលើឆាកជាតិ និងអន្តរជាតិ ក្នុងការការពារសិទ្ធិមនុស្ស និងសិទ្ធិស្រ្តី និងភាពងាយរងគ្រោះរបស់ប្រជាពលរដ្ឋ លើកកម្ពស់លិទ្ធិប្រជាធិបតេយ្យ ដែលរួមចំណែកលើកស្ទួយមុខមាត់និងកិត្តិយសរបស់ប្រទេសជាតិ។
២) ទិដ្ឋភាពសេដ្ឋកិច្ច៖ ស្រ្តីក្នុងតួនាទីជាថ្នាក់ដឹកនាំកាន់តែច្រើននឹងរួមចំណែកធ្វើឱ្យកំណើនសេដ្ឋកិច្ចកាន់តែមានការកើនឡើង (ការសិក្សារបស់ស្ថាប័នMcKinseyឆ្នាំ២០១៥ )។ ជាមួយគ្នានេះ ស្រ្តីក៏ជាតួអង្គមួយដ៏សំខាន់ដែលរួមចំណែកធ្វើឱ្យសម្រេចបាននូវការអនុវត្តគោលនយោបាយប្រជាសាស្រ្ត (ការបន្តពូជពាក់ព័ន្ធនឹងតុល្យភាពជីវិត និងការងារ)។
៣) ទិដ្ឋភាពសង្គម៖ ស្រ្តីមានតួនាទីជាមាតា ជាគឹ្រះលំនឹងរបស់ក្រុមគ្រួសារ (ការងារផ្ទះសម្បែង និងការងារថែរទាំសមាជិកគ្រួសារ) និងជាភ្នាក់ងារទំនាក់ទំនងអន្តរជំនាន់ (អប់រំកូន រក្សាវប្បធម៌ប្រពៃណីជាតិ)។
៤)ទិដ្ឋភាពនយោបាយ និងរក្សាសន្តិភាព៖ ដោយស្រ្តីជាអ្នកបោះឆ្នោតមានចំនួនជាង៥០ភាគរយ ក្នុងចំណោមប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត ដែលចាំបាច់ត្រូវបន្តគិតគូរ និងយកចិត្តទុកដាក់។ លើកកម្ពស់ការចូលរបស់ស្រ្តីក្នុងការថែរក្សា និងការពារសន្តិភាព (កម្មវិធីស្រ្តី សន្តិភាព និងសន្តិសុខ)។
ក្នុងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ៤ដំណាក់កាលកន្លងទៅ បានចាត់ទុក ស្រ្តីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ តាមរយៈការលើកកម្ពស់សមភាពយេនឌ័រ ការវិនិយោគទៅលើការលើកកម្ពស់សិទ្ធិ ឋានៈ តួនាទី និងស្ថានភាពសេដ្ឋកិច្ច សង្គមរបស់ស្រ្តីនិងក្រុមគ្រួសារ។
ក្រោមម្លប់នៃសន្តិភាព និងកិច្ចអភិវឌ្ឍស្រ្តីកម្ពុជាបានទទួលភាគផលពីកិច្ចអភិវឌ្ឍលើគ្រប់វិស័យ ធ្វើឱ្យជីវភាពរស់នៅ និងក្រុមគ្រួសារមានភាពប្រសើរឡើង រួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយភាពភាពក្រីក្រ និងភាពងាយរងគ្រោះ។ ស្រ្តីកម្ពុជា ជាកម្លាំងចលករ ដែលបានរួមចំណែកក្នុងកំណើន សេដ្ឋកិច្ចកន្លងមក ហើយបច្ចុប្បន្ន ស្ត្រីមានឱកាសក្នុងការអនុវត្តសិទ្ធិ អភិវឌ្ឍចំណេះដឹង និងជំនាញ ដែលជាមូលដ្ឋានគ្រឹះ ក្នុងការចូលរួមប្រកួតប្រជែងប្រកបដោយសក្ដានុពលនៅក្នុងសេដ្ឋកិច្ច ថ្នាក់ជាតិ និងថ្នាក់តំបន់។
កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា បានបន្តកំណត់ការលើកកម្ពស់សមភាពយេនឌ័រនិងការបង្កើនភាពអង់អាចរបស់ស្រ្តី និងក្មេងស្រីនៅគ្រប់វិស័យជាអាទិភាព តាមរយៈការពង្រឹងភាពជាពលរដ្ឋ ក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ ស្រ្តី គឺជាស្នូល។
គួរបញ្ជាក់ថា នៅឆ្នាំ២០២៣ គឺជាឆ្នាំចុងក្រោយនៃការអនុវត្តផែនការយុទ្ធសាស្រ្តនារីរតនៈទី៥ (២០១៩-២០២៣) ហើយក្រសួងកិច្ចការនារី បានចាប់ផ្តើមរៀបចំផែនការយុទ្ធសាស្រ្តនារីរតនៈទី៦ ផ្អែកលើស្មារតីនៃយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ រួមទាំងលទ្ធផលនៃកិច្ចពិភាក្សាក្នុងអង្គសន្និបាតរយៈពេល២ថ្ងៃ ដើម្បីរៀបចំផែនទីចង្អុលផ្លូវសម្រាប់ផែនការយុទ្ធសាស្រ្តនារីរតនៈទី៦ (២០២៤-២០២៨)៕ដោយ៖តារា