ភ្នំពេញ : ព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមករាឆ្នាំ២០២៤ លោកសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានអញ្ជើញចូលគាល់ក្រាបថ្វាយបង្គំ សួរសុខទុក្ខព្រះរាជសុខភាព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជាកំពុងសម្រាកព្យាបាលព្រះរោគ នៅមន្ទីរពេទ្យកាល់ម៉ែត។
ឆ្លៀតក្នុងឱកាសនោះដែរ លោកសាស្រ្តាចារ្យបានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខព្រះមហាសង្ឃរាជ ពីសំណាក់លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងបានទូលថ្វាយសម្តេចព្រះមហាសង្ឃរាជ អំពីការ បន្តខិតខំប្រឹងប្រែងយកចិត្តទុកដាក់យ៉ាងហ្មត់ចត់ក្នុងការព្យាបាល ថែទាំ ព្រះរាជសុខភាពឲ្យបានល្អប្រសើរពីក្រុមគ្រូពេទ្យគ្រប់ជំនាញរបស់មន្ទីរពេទ្យកាល់ម៉ែត។
ជាចុងក្រោយ លោកសាស្ត្រាចារ្យបានគោរពថ្វាយព្រះពរ សម្តេចព្រះមហាសង្ឃរាជ ឲ្យឆាប់មានព្រះរាជសុខភាពល្អ និងកម្លាំងពលំមាំមួនឡើងវិញ។ នេះជាខាងបញ្ជាក់ពី #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕