ខេត្តស្វាយរៀង: អ្នកភូមិបាន ប្រទះឃើញ គ្រាប់មីនមិនទាន់ផ្ទុះចំនួន០៩គ្រាប់សល់ពីសម័យ លន់ណុល និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាននៅក្រុងស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀង បានអោយដឹងនារសៀលថ្ងៃទី១១ ខែមករាឆ្នាំ២០២៤នេះថាពិតជាមានករណីអ្នកភូមិប្រទះឃើញគ្រាប់មិនទាន់ផ្ទុះសល់ពីសម័យលន់ណុល ប្រាកដមែនកាលពី នៅវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី ១០ ខែមករា ឆ្នាំ២០២៤ នៅចំណុចរីសតកូនកាត់ ស្ថិតនៅភូមិព្រះទន្លេ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង។
ប្រភពបន្តថាប្រជាពលរដ្ឋប្រទះឃើញ មានឈ្មោះ អ៊ុក សំណាង ភេទស្រី អាយុ ៣៨ ឆ្នាំមុខរបរសំអាងការ រស់នៅភូមិ ប្រសូត១ ឃុំកណ្ដៀរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
បើតាមការអះអាងរបស់ឈ្មោះអ៊ុក សំណាងបានប្រាប់សមត្ថកិច្ចថាខ្លួននិងក្រុមគ្រួសារបាន
មកលេងកំសាន្ត នៅចំណុចរីសតកូនកាត់ ស្ថិតនៅភូមិព្រះទន្លេ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង។
ហើយក្រោយមកស្រាប់តែ ប្រទះឃើញក្មេងលេងគ្រាប់មីន(គ្រាប់មិនទាន់ផ្ទុះចំនួន០៩គ្រាប់)ទើបគាត់បានប្រញាប់ប្រញាល រាយការណ៍មកសមត្ថកិច្ចមូលដ្ឋានតែម្ដង។
ក្រោយពីទទួលបានព័ត៌មាន សមត្ថកិច្ច កងរាជអាវុធហត្ថ ក្រុង សហការណ៍ជាមួយ រដ្ឋបាលក្រុង និងកំលាំងនគរបាល ចៅសង្កាត់ លោកមេភូមិ ចុះមកដល់កន្លែងកើតហេតុ ប្រទះឃើញគ្រាប់មីនមិនទាន់ផ្ទុះចំនួន០៩គ្រាប់ពិតប្រាកដមែន ។
បច្ចុប្បន្ន គ្រាប់មីនទាំង០៩គ្រាប់ខាងលើសមត្ថកិច្ចមូលដ្ឋាន បានរក្សាទុកនិងហ៊ុំព័ទ្ធ ដើម្បី រង់ចាំខាងមន្ត្រី ជំនាញសុីម៉ាក ចាត់ការបន្ត៕