សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលស្តីពី “ដំណោះស្រាយលើបញ្ហាតម្លៃសេវា ការប្រើប្រាស់ផ្លូវចូល-ចេញអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងតម្លៃចំណតយានយន្ត”

ចែករំលែក៖

ភ្នំពេញ ៖ ដោយមានការចង្អុលបង្ហាញ និងការយកចិត្តទុកដាក់ខ្ពស់ពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើកង្វល់របស់បងប្អូនប្រជាពលរដ្ឋក្នុងការប្រើប្រាស់ផ្លូវចូល-ចេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងតម្លៃចំណតយានយន្ត សម្តេចធិបតីនាយករដ្ឋមន្ត្រី បាន ណែនាំឱ្យបង្កើតគណៈកម្មការចំពោះកិច្ចជាបន្ទាន់មួយ ដឹកនាំដោយ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលមានការចូលរួមពី លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការ ប្រចាំការទីស្ដីការគណៈរដ្ឋមន្ត្រី លោក គឺ តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អភិបាលរង ខេត្តសៀមរាប តំណាងក្រសួងស្ថាប័នដែលពាក់ព័ន្ធ ដើម្បីចុះទៅពិនិត្យ និងដោះស្រាយបញ្ហានេះជាបន្ទាន់ជូនបង ប្អូនប្រជាពលរដ្ឋ។

បន្ទាប់ពីបានចុះទៅពិនិត្យស្ថានភាពនៅទីតាំងជាក់ស្តែង និងប្រជុំជាមួយក្រុមហ៊ុនវិនិយោគដែលបាន បណ្តាក់ទុនវិនិយោគជាប្រភេទ BOT ទាំងអាកាសយានដ្ឋាន និងផ្លូវ ក្រុមការងារចំពោះកិច្ចបានធ្វើការពិភាក្សា ចរចាបន្ថែម កាលពីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ លើអ្វីដែលបានឯកភាពកាលពីពេលមុន ហើយទទួលបាន លទ្ធផល ដូចខាងក្រោម៖

១. ក្រុមហ៊ុនបានឯកភាពមិនយកថ្លៃចំណតសម្រាប់ ការចូលទៅក្នុងអាកាសយានដ្ឋានអន្តរជា អង្គរ ក្រោមរយៈពេល ១៥នាទី សម្រាប់រថយន្តធុនតូចមិនលើស៧កៅអី និងងាយពេល ៣០នាទី សម្រាប់ប្រភេទរថយន្តផ្សេងៗទៀត។

២. ក្រុមហ៊ុនបានយល់ព្រមបញ្ចុះតម្លៃបន្ថែមទៀត ក្នុងការប្រើប្រាស់ផ្លូវសម្រាប់គ្រប់ប្រភេទយានយន្ត ដែលមានព័ត៌មានលម្អិតដូចមានគោរពជូនភ្ជាប់ក្នុងតារាងខាងក្រោមនេះ សម្រាប់រយៈពេលពីរឆ្នាំ (ឆ្នាំ២០២៤ និងឆ្នាំ២០២៥)។ ចំពោះតម្លៃថ្មីនេះនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១៥ មករា ២០២៤ តទៅ។

៣. អង្គប្រជុំក៏បានឯកភាពគ្នាបង្កើតគណៈកម្មការអន្តរក្រសួងដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងអាជ្ញាធរដែនដី ដើម្បីគ្រប់គ្រងលើផ្លូវនេះទាក់ទងទៅនឹងការជួសជុលថែទាំផ្លូវ និងសុវត្ថិភាពក្នុងការធ្វើដំណើរតាមដងផ្លូវ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print