ភ្នំពេញ ៖ តាំងពីជំនាន់សម្តេចតេជោ ហ៊ុន សែន រហូតដល់រាជរដ្ឋាភិបាលបន្តវេនដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត រាល់ពេលទទួលដំណឹងពីដំណើរទស្សនកិច្ចរបស់ប្រមុខដឹកនាំរបស់ខ្លួនទៅក្រៅប្រទេស និស្សិតនិងប្រជាពលរដ្ឋនៅឯនាយសមុទ្រតែងតែចេញសារគាំទ្រយ៉ាងកងរំពង ដោយក្តីអំណរសាទរនិងមោទនភាពជាទីបំផុត។ នេះជាការបញ្ជាក់ពី លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល ។ ពេលសម្តេចនាយករដ្ឋមន្ត្រីអញ្ជើញដល់ និស្សិតនិងប្រជាពលរដ្ឋជាច្រើនពាន់នាក់តែងស្កាត់ទៅទទួលស្វាគមន៍និងជួបជាមួយប្រមុខដឹកនាំប្រទេស។
ជាក់ស្តែង គ្រាន់តែទទួលដំណឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលបានការអញ្ជើញពីលោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង ដើម្បីទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង និស្សិតនិងពលរដ្ឋខ្មែរជាច្រើនដែលរស់នៅអឺរ៉ុបបានចេញឃ្លីបវីដេអូអបអរសាទរជាបន្តបន្ទាប់ដោយទឹកចិត្តរំភើបយ៉ាងក្រៃលែង។ ព្រឹត្តិការណ៍នេះសបញ្ជាក់យ៉ាងច្បាស់ថា មិនត្រឹមតែទទួលបានការគាំទ្រយ៉ាងរឹងមាំពីសំណាក់ប្រជាពលរដ្ឋនៅក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែ រាជរដ្ឋាភិបាលនិងប្រមុខដឹកនាំកម្ពុជាក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋខ្មែរនៅឯនាយសមុទ្រថែមទៀត។
សំឡេងគាំទ្រនេះទៀតសោតមាននិន្នាការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំទាំងក្នុងនិងក្រៅប្រទេស។ ជាក់ស្តែង ក្នុងការបោះឆ្នោតជាតិចុងក្រោយ រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្ររហូតដល់ជាង ៨២%ក្នុងចំណោមអ្នកបោះឆ្នោតជាង ៨៣%ដែលបានទៅចូលរួមបោះឆ្នោត ខណៈដែលចំនួនពលរដ្ឋខ្មែរនៅក្រៅប្រទេសបានងាកមកគាំទ្ររាជរដ្ឋាភិបាលបានកើនឡើងយ៉ាងគំហុកដូចទឹកបាក់ទំនប់។
សុខសន្តិភាព ស្ថិរភាពសង្គម និងនយោបាយ ព្រមទាំងការអភិវឌ្ឍ និងការកាត់បន្ថយភាពក្រីក្រលឿនរហ័ស… សុទ្ធសឹងជាសក្ខីកម្មច្បាស់លាស់មិនអាចប្រកែកបានបញ្ជាក់ពីការដឹកនាំត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាសម្តេចធិបតី ហ៊ុន ម៉ាណែត។
សំឡេងគាំទ្ររបស់ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសដែលបន្តកើនឡើងជាលំដាប់ឥតឈប់ឈរគឺជាឧត្តមភាពដ៏ក្លៀវក្លារបស់រាជរដ្ឋាភិបាល។ ឧត្តមភាពនេះកំពុងលើកស្ទួយមោទនភាពជាតិខ្មែរក៏ដូចជាកិត្យានុភាពរបស់កម្ពុជាឱ្យកាន់តែខ្ពស់ត្រដែតឡើងទាំងនៅក្នុងផ្ទៃប្រទេសនិងលើឆាកអន្តរជាតិ៕
ដោយ ៖ សិលា