ភ្នំពេញ៖ ព្រះសង្ឃមួយអង្គពិតជាបានធ្វើឲ្យប៉ះពាល់ទៅនឹងសាសនាយ៉ាងធ្ងន់ធ្ងរ ខណៈក្នុងនាមជាអន្ទិតអត់សក់ បែរជាលួចមានស្នេហាលួចលាក់ជាមួយនឹងស្រីកំណានអស់រយៈពេលជាងមួយឆ្នាំទើបបែកការណ៍។
ហេតុការណ៍ខាងលើបានកើតឡើង កាលពីល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ នៅផ្ទះជួលចំណុចភូមិអូរដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ក្នុងបទរួមស្នេហាជាក់ស្តែងទើបអាជ្ញាធរសមត្ថកិច្ចចាប់ឃាត់ខ្លួនឲ្យខាងធម្មការ ផ្សឹកនៅវត្តជម្ពូវ័នតែម្តង។
លោកមេភូមិអូរដឹមបានឲ្យដឹងថា ព្រះសង្ឃអង្គនោះ ព្រះនាមជា សុខុម ព្រះជន៣០ព្រះវស្សា បានបួសជាព្រះសង្ឃគង់នៅក្នុងវត្តមួយនៅភូមិទួលលាភ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ប៉ុន្តែបានមកលួចចិញ្ចើមស្រីលួចលាក់នៅក្នុងបន្ទប់ជួលដូចអាសយដ្ឋានខាងលើជាមួយនារីឈ្មោះស្រី ឌី ហៅអាឌី អាយុ៣០ឆ្នាំ។ លោកមេភូមិបន្តថា អ្នកភូមិរួមទាំងអាជ្ញាធរផងដែរ មានការសង្ស័យក៏តាមដានទើបដឹងថា សង្ឃកំហូចអង្គនេះពិតជាបានលួចលាក់ស្រីស្នេហ៍មានស្នេហាមេត្រីនឹងគ្នាយ៉ាងល្អូកល្អើនក្នុងបន្ទប់ជួល ក៏ឃាត់ជាក់ស្តែងនាំខ្លួនទៅកាន់វត្តជម្ពូវ័ន។ លោកមេភូមិបញ្ជាក់ថា ក្រោយពីឃាត់ខ្លួនអន្ទិតអត់សក់រូបនេះផ្សឹករួចមក ខាងមន្ត្រីមន្ទីរធម្មការ អាជ្ញាធរ ព្រះចៅអធិការវត្តជម្ពូវ័នក៏បានទំនាក់ទំនងទៅកាន់ចៅអធិការវត្តសង្ឃអង្គនេះគង់នៅដើម្បីនិមន្តមកធ្វើពិធីផ្សឹកក្នុងវត្តជម្ពូវ័ន។
រឿងរាវស្នេហាឆក់កន្តៀតប្រព្រឹត្តដោយព្រះសង្ឃកំពុងតែធ្វើឲ្យប៉ះពាល់ដល់សាសនា ដូច្នេះអាជ្ញាធរក៏ដូចជាខាងមន្ត្រីធម្មការគួរពិនិត្យពង្រឹងទៅលើបញ្ហាវិន័យសង្ឃ។ ដូចជាករណីនេះ គេឃើញថាស្ត្រីឈ្មោះស្រី ឌី ហៅអាឌី ហាក់មិនមានការខ្មាស់អៀនទាល់តែសោះ និងអ្នកជិតខាង ពិសេសបើស្នេហាអ្នកទាំង២ដល់កំពូលទៅហើយនោះ ហេតុអីក៏មិនពិភាក្សាគ្នារកពវិធីឲ្យថ្លៃថ្នូរផ្សឹករួច មករួមរស់ជាមួយគ្នាទៅវាប្រសើរជាងធ្វើឲ្យប៉ះពាល់សាសនា៕
ដោយ៖ សុខ ខេមរា