ភ្នំពេញ ៖ សមត្ថកិច្ចបានឃាត់ខ្លួនប្តីប្រពន្ធ០២នាក់ដែលប្រើប្រាស់សារធាតុញៀន បង្ហោះវិដេអូនៅលើបណ្ដាញសង្គម កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល៩យប់ មកសាកសួរ ចាត់ការតាមនីតិវិធី ។ នេះបើយោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។
ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងខណ្ឌចំការមន ធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនស្ត្រីម្នាក់ និងប្តីជាបង្ហោះវិដេអូនេះយកមកអនុវត្តតាមនីតិវិធី។
បច្ចុប្បន្នស្ត្រីដែលប្រើប្រាស់សារធាតុញៀនក្នុងវីដេអូ សមត្ថកិច្ចបានអប់រំ ធ្វើកិច្ចសន្យា ហើយអនុញ្ញាតឱ្យបន្សាបសារធាតុញៀន និងកែប្រែនៅមូលដ្ឋានដោយយោងទៅលើមានកូនតូចអត់មានអ្នកចិញ្ចឹម ចំណែកបុរសជាប្តីឈ្មោះ រស់ សេរីវ៉ាន់និល ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខបេ១៥ ផ្លូវលេខ៤៥៦ សង្កាត់បឹងត្របែក ខណ្ឌចំការមន សមត្ថកិច្ចបានបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី ពីបទសម្រួលឱ្យមានការប្រើប្រាស់សារធាតុញៀន និងបង្កហិង្សា៕
ដោយ ៖ សិលា