ភ្នំពេញ៖ សិល្បករសិល្បការិនីខ្មែរជាច្រើនរូបបានបង្ហាញវត្តមានក្នុងកម្មវិធីបុណ្យសពលោក កែម ឡី ដែលត្រូវឃាតករបាញ់សម្លាប់កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ។ ការចូលរួមគោរពសពអ្នកវិភាគសង្គមពីសំណាក់ក្រុមសិល្បករនេះត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ នេះនៅក្នុងបរិវេណវត្តចាស់។
សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមដែលដឹកនាំដោយ លោក ហេង ឡុង និងសមាគមសិល្បករខ្មែរ មានលោក សុះ ម៉ាច ជាប្រធាន បានដឹកនាំសិល្បករចូលរួមគោរពវិញ្ញាណក្ខន្ធលោក បណ្ឌិត កែម ឡី នៅវត្តចាស់។ លោក ហេង ឡុង បញ្ជាក់ថា ការបាត់បង់លោកបណ្ឌិត កែម ឡី មិនមែនជាការបាត់បង់របស់ខ្មែរណា ឬបុគ្គលណាម្នាក់ទេ គឺជាការបាត់បង់ធនធានមនុស្សដ៏មានតម្លៃរបស់ខ្មែរទាំងមូល។ មនសិកា ឧត្តមគតិ របស់លោកបណ្ឌិតបានចូលរួមបម្រើសង្គមខ្មែរយ៉ាងជាទីមោទនៈ។
ក្នុងមនោសញ្ចេតសង្វេគរូមគ្នារវាងសមាគមទាំងពីរក៏ដូចជាតំណាងសិល្បករកម្ពុជាទូទាំងប្រទេស បាននិងកំពុងបង្ហាញពីសាមគ្គីភាព បេះដូង ឆន្ទៈ និងបេសកម្មជ្រាលជ្រៅក្នុងកិច្ចការងារសង្គម ហើយក៏សូមគោរព និងបួងសួងឲ្យវិញ្ញាណក្ខន្ធលោកបណ្ឌិតបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ៖ វឌ្ឍនា