ភ្នំពេញ ៖ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ថ្មីៗនេះ មានករណីជនអាណាមិកបានក្លែងបន្លំគណនី ដោយបានប្រើប្រាស់រូបភាពរបស់ ឯកឧត្តម ហ៊ុន ម៉ានី (ជាគណនីសន្ទនាតាមប្រព័ន្ធតេឡេក្រាម) ក្នុងចេតនាក្លែងបន្លំ កុហកបោកប្រាស់ ឬទាញយកប្រយោជន៍ដោយប្រការណាមួយ។ នេះជាការបញ្ជាក់ពី លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួង មុខងារសាធារណះ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤។
លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួង មុខងារសាធារណះ បានថ្លែងថា ៖ ចំពោះករណីនេះ យើងខ្ញុំសូមអំពាវនាវ ឲ្យជនបង្ក បញ្ឈប់នូវទង្វើនេះជាបន្ទាន់ បើពុំនោះទេ ក្រុមការងារ នឹងធ្វើការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីស្វែងរកជនទទួលខុសត្រូវចំពោះមុខច្បាប់ជាក់ជាមិនខាន។
លោកបន្តថា ៖ ឆ្លៀតឱកាសនេះ យើងខ្ញុំសូមក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ដែលប្រើប្រាស់កម្មវិធីបណ្តាញទំនាក់ទំនងសង្គមនានា តាមប្រព័ន្ធអ៊ីនធឺណេត សូមបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចៀសវាង ការក្លាយខ្លួនជាជនរងគ្រោះបច្ចេកវិទ្យា ដែលនាំឱ្យបាត់បង់ផលប្រយោជន៍ និងទ្រព្យសម្បត្តិ ដែលបង្កឡើងដោយសារការប្រើប្រាស់ល្បិចបន្លំ ឬការលួចប្រើប្រាស់បច្ចេកទេសចម្លងមេរោគជាដើម។
អាស្រ័យដូចបានជម្រាបខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន ៕