ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤នេះ បានបង្ហាញមុខស្រ្តីម្នាក់ ជាបុគ្គលិកក្រុមហ៊ុនកម្ចីតាមអនឡាញ វ៉ង់ វ៉ង់ ដែលមិនមានច្បាប់អនុញ្ញាត្ត ជាសាធារណៈនិងត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់ ក្រោយឃាត់ខ្លួនយកមកសាកសួររហូតបញ្ចប់នីតិវិធី។
ប្រភពដដែលបន្តថា ដោយមានការឯកភាពពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ នន់ កុសល់ ភេទស្រី អាយុ ៤០ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនកម្ចីតាមអនឡាញ វ៉ង់ វ៉ង់ ដែលមិនមានច្បាប់អនុញ្ញាត្ត មានតួនាទីជាអ្នកទារប្រាក់ពីអតិថិជន និងទម្លាក់លុយឲ្យអតិថិជនខ្ចី។
បច្ចុប្បន្ននាយកដ្ឋានបានបញ្ជូនសំណុំរឿងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់នីតិវិធីបន្ត។
ជាមួយគ្នានេះ នាយកដ្ឋានសូមបន្តក្រើនរំលឹកសាធារណៈជនទាំងអស់ថា ការផ្តល់កម្ចីជាអាជីវកម្មជូនប្រជាពលរដ្ឋដោយគ្មានការអនុញ្ញាត គឺជាអំពើខុសច្បាប់មានចែងក្នុងមាត្រា៥១ នៃច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលអាចឈានទៅដល់ការផ្តន្ទាទោសដាក់ពន្ធនាគារ។ ចំពោះទំនាក់ទំនងសិទ្ធិលើបំណុលម្ចាស់បំណុលនៅតែមានសិទ្ធិប្តឹងទាមទារបំណុលពីកូនបំណុលស្របតាមនីតិវិធីនៃច្បាប់ទៅកាន់ស្ថាប័នតុលាការ។
ហេតុដូច្នេះសូមសាធារណ:ជន ជៀសវាងការកម្ចីប្រាក់ក្រៅប្រព័ន្ធដែលធ្វើឲ្យមានហានិភ័យខ្ពស់ដល់សេដ្ឋកិច្ចគ្រួសារ និងឈានដល់ការរងនូវការបរិហាកេរ្តិ៍គ្រប់រូបភាពពីសំណាកក្រុមកម្ចីខុសច្បាប់ទាំងនោះ៕ដោយ៖តារា