ភ្នំពេញ៖ ក្រុមការងារនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤នេះ បានឱ្យដឹងថាក្រសួងព័ត៌មាន និង ខេត្តសៀមរាប បានបញ្ចប់ការប្រកាសទ្រព្យសម្បត្តិ និងបំណុលទាំងស្រុង ១០០%។ នេះបេីយោងតាមប្រភពព័ត៌មានពីអង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា ACU។
អង្គភាពACU បានឱ្យដឹងទៀតថា សម្រាប់វឌ្ឍនភាព គិតត្រឹមដើមសប្ដាហ៍ទី៤ នេះ ការមកប្រកាសទ្រព្យសម្បត្តិ និងបំណុល នៅទូទាំងប្រទេស ដែលបានបញ្ចប់ការប្រកាស ១០០% មានក្រសួង-ស្ថាប័ន និងរាជធានី-ខេត្ត សរុបចំនួន ៣៣។ តាមតុល្យការក្នុងដើមសប្ដាហ៍ទី៤ នេះ ឃើញថា ការបញ្ចប់ការប្រកាសទ្រព្យសម្បត្តិ និងបំណុលមានកំណើន ២៣ ក្រសួង-ស្ថាប័ន រាជធានី-ខេត្ត ដោយធៀបនឹងសប្ដាហ៍ទី១ គឺមានតែ១០ ក្រសួង-ស្ថាប័ន រាជធានី-ខេត្ត តែប៉ុណ្ណោះ ដែលបានបញ្ចប់ការប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួន ១០០%។
បន្ថែមពីនេះ ក្រុមការងារនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានទទួលទិន្នន័យជាបឋម គិតត្រឹមព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤នេះ បានចំនួន ៩៤.៦៦% នៃចំនួនបុគ្គលត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល សរុបចំនួន ១៨,២៧៩ រូប៕ដោយ៖តារា