ភ្នំពេញ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌល សកម្ម ភាពកម្ចាត់មីនកម្ពុជា(CMAC) នៅថ្ងៃចន្ទទី២២ ខែមករា ឆ្នាំ២០២៤ បានទទួលស្វាគមន៍ និងជួបពិភាក្សាការងារជាមួយគណៈប្រតិភូមកពីតំបន់អាហ្រិ្វកចំនួន៥ប្រទេស នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ។
លោកអគ្គនាយកស៊ីម៉ាក់ បានថ្លែងថា គណៈប្រតិភូមកពីតំបន់អាហ្រិ្វកចំនួន ៥ប្រទេសដែលមានថ្នាក់ដឹកនាំចំនួន០៥រូបរួមមាន៖
១. លោក Mike Rashid Fulla Obaldo អគ្គនាយកអាជ្ញាធរជាតិសកម្មភាពមីន នៃប្រទេសស៊ូដង់ខាងត្បូង
២. លោក Dahir Abdirahman Abdull អគ្គនាយកអាជ្ញាធរគ្រប់គ្រងសំណល់ជាតិផ្ទុះ នៃប្រទេសសូម៉ាលី
៣. ឧត្តមសេនីយ៍ត្រី Tadesse Amelo ប្រធានការិយាល័យសកម្មភាពមីន នៃប្រទេសអេត្យូពី ៤. លោក Khalifa M. Lawan ប្រធាន និងជាលេខាធិការមូនិធិអប់រំសិក្សាធិការ នៃគណៈកម្មាធិការអភិវឌ្ឍន៍ភូមិភាគឦសាន នៃប្រទេសនីហ្សេរីយ៉ា និង
៥. លោក Zarami Musa Muhammad នាយកប្រតិបត្តិ កិច្ចការមនុស្សធម៌ នៃគណៈកម្មាធិការអភិវឌ្ឍន៍ភូមិភាគឦសាន នៃប្រទេសនីហ្សេរីយ៉ា។
គណប្រតិភូនេះ ដឹកនាំដោយលោកស្រី Eric Komukai ទីប្រឹក្សាជាន់ខ្ពស់តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ (JICA) ប្រចាំទីក្រុងតូក្យូ ដើម្បីចូលរួមសិក្ខាសាលារួមគ្នាមួយស្តីពី “ភាពជាម្ចាស់ដ៏រឹងមាំនៃស្ថាប័នជាតិសម្រាប់កិច្ចប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងវិស័យសកម្មភាពមីន” រៀបចំឡើងដោយអង្គភាពស៊ីម៉ាក់សហការជាមួយJICA។
ក្នុងជំនួបនេះដែរ អគ្គនាយកស៊ីម៉ាក់ បានជម្រាបជូនគណៈប្រតិភូអំពីសកម្មភាពការងារស្នូលរបស់អង្គភាពCMAC រចនាសម្ព័ន្ធក្នុងភាពជាម្ចាស់ និងដៃគូក្នុងវិស័យសកម្មភាពមីន ការបោសសម្អាតគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះកម្ពុជា ជាពិសេសគឺការបណ្តុះបណ្តាលលើវិស័យសកម្មភាពមីនជូនដល់ប្រទេសដែលរងផលប៉ះពាល់ដោយសារគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងនោះក៏មានប្រទេសនៅតំបន់អាហ្វ្រិកផងដែរ។ ជាការឆ្លើបតបគណៈប្រតិភូអាជ្ញាធរជាតិនៃតំណាងប្រទេសនីមួយៗបានសម្តែងនូវភាពរីករាយ និងបានទទួលស្គាល់ ព្រមទាំងស្ងើចសរសើរ និងចាប់អារម្មណ៍ជាខ្លាំង ចំពោះសមត្ថភាព ភាពខ្លាំង និងជោគជ័យរបស់អង្គភាពCMACកន្លងមក ជាពិសេសការកសាងសមត្ថភាពរបស់អង្គភាពស៊ីម៉ាក់ក្នុងនាមជាស្ថាប័នជាតិ ការកសាងភាពជាម្ចាស់ និងការចែករំលែកបទពិសោធន៍ ជាមួយបណ្តាប្រទេសផ្សេងៗ ក្នុងវិស័យសកម្មភាពមីនជាពិសេសប្រទេសដែលរងផលប៉ះពាល់ដោយសង្រ្គាមផងដែ។ នៅក្នុងជំនួបពិភាក្សាការងារនេះលោកស្រី Eric Komukai បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំអង្គភាពCMAC ដែលបានគាំទ្រគម្រោងនានារបស់ JICA នៅក្នុងប្រទេសកម្ពុជា ជាពិសេសបានចែករំលែកបទពិសោធន៍ ជំនាញ និងការហ្វឹកហ្វឺនវិស័យសកម្មភាពមីន ដល់បណ្តាប្រទេសដ៍ទៃទៀតដែលរងផលប៉ះពាល់ដោយសារសំណល់យុទ្ធសង្រ្គាម។
សូមជម្រាថា អង្គភាពស៊ីម៉ាក់ សហការជាមួយJICA នឹងរៀបចំសិក្ខាសាលាស្តីពី “ភាពជាម្ចាស់ដ៏រឹងមាំ នៃស្ថាប័នជាតិសម្រាប់កិច្ចប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងវិស័យសកម្មភាពមីន” ជូនដល់ថ្នាក់ដកឹនាំមកពីតំបន់អាហ្រិកដែលមាន៤ប្រទេសខាងលើចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ៕ដោយ៖តារា