ទេសរដ្ឋមន្ត្រី គន់ គីម ជំរុញស្ថាប័នពាក់ព័ន្ធ អាជ្ញាធរសមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ចំពោះជីវភាពរស់នៅគ្រួសារអតីតយុទ្ធជន ឱ្យបានល្អថែមទៀត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ÷នាថ្ងៃទី២២ ខែមករា ឆ្នាំ ២០២៤នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានជំរុញដល់អាជ្ញាធរដែនដី សមត្ថកិច្ច មន្ទីរជំនាញពាក់ព័ន្ធសមាគមអតីតយុទ្ធជនកម្ពុជាគ្រប់ជាន់ថ្នាក់ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ ការលំបាក ក្នុងជីវភាពរស់នៅរបស់បងប្អូន ក្រុមគ្រួសារអតីតយុទ្ធជនឱ្យបានល្អប្រសើរថែមទៀត ។

ការថ្លែងបែបនេះរបស់ទេសរដ្ឋមន្ត្រី គន់ គីម បានធ្វើ ឡើងក្នុងពិធីប្រកាសប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តបន្ទាយមានជ័យ គឺលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត ជាប្រធានគណៈកម្មាធិការនិងជាប្រធានគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបន្ទាយមានជ័យ ជំនួសលោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន ដែលត្រូវផ្លាស់ប្តូរភារកិច្ចថ្មី មកជាអនុប្រធានទី១ គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តវិញ ដែលប្រារព្ធធ្វើឡើងនៅសាលប្រជុំ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កាលពីរសៀលអាទិត្យ ១១កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ។

ក្នុងឱកាសនោះទេសរដ្ឋមន្ត្រី គន់ គីម បានស្នើដល់គ្រប់អង្គភាពពាក់ព័ន្ធ អាជ្ញាធរ ដែនដី និង សមាគមអតីតយុទ្ធជនកម្ពុជា គ្រប់លំដាប់ថ្នាក់ក្នុងខេត្ត សូមបន្តខិតខំយកចិត្តទុកដាក់ ពង្រឹង ការអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានដាក់ចេញនាពេលកន្លង មក ឱ្យបានកាន់តែផុលផុស និងមានប្រសិទ្ធភាព ក្នុងគោលដៅការពារសិទ្ធិ និងផលប្រយោជន៍ របស់អតីតយុទ្ធជន ធ្វើយ៉ាងណាជួយលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់ ឱ្យកាកាន់តែល្អប្រសើរឡើងថែមទៀតនោះ ។ ជាពិសេសមេប៉ុស្តិ៍រដ្ឋបាល មេឃុំ សង្កាត់ ត្រូវចាត់មន្ត្រីរបស់ខ្លួនណាម្នាក់ ឱ្យកាន់ការងារអតីតយុទ្ធជន និងក្តាប់ស្ថានភាព ជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន ឱ្យបានច្បាស់លាស់ ដើម្បីធានាថា បងប្អូនយើងទទួលបាននូវការយកចិត្តទុកដាក់ និងភាពកក់ក្តៅពីប្រមុខរាជរដ្ឋាភិបា ល។ ពីព្រោះការលះបង់សាច់ស្រស់ឈាមស្រស់ របស់បងប្អូនអតីតយុទ្ធជន មានគុណបំណាច់មិនអាចកាត់ថ្លៃបានឡើយ ចំពោះប្រជាជនកម្ពុជា ក្នុងបុព្វហេតុស្វែងរកសុខសន្តិភាព ជូនជាតិមាតុភូមិនោះ ។

ទេសរដ្ឋមន្ត្រីបញ្ជាក់ថា ទន្ទឹមនោះ ត្រូវបន្តបង្កើនសកម្ម ភាពក្នុងការជួយឧបត្ថម្ភគាំទ្រដល់បងប្អូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនរបស់យើង ជាពិសេសនៅពេលមានតម្រូវការ និងបញ្ហាដែលត្រូវជួយដោះស្រាយ ព្រម ទាំងត្រូវយកចិត្តទុកដាក់ចាត់ចែង ឆ្លើយតបដោះស្រាយឱ្យបានទាន់ពេលវេលា ។

លោកទេសរដ្ឋមន្ត្រី ក៏បានជំរុញសមាគមអតីតយុទ្ធជនខេត្ត ក្រុង ស្រុក និងឃុំ-សង្កាត់ ព្រមទាំងអាជ្ញាធរដែនដី និងមន្ទីរអង្គភាពដែលមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវឧស្សាហ៍ចុះជួប និងក្ដាប់បញ្ហាតម្រូវការនានារបស់បងប្អូនគ្រួសារអតីតយុទ្ធជន ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលា ជាពិសេសកិច្ចការផ្ដល់សេវាសាធារណៈ សេវាតម្រូវការជូនបងប្អូនឱ្យបានល្អប្រសើរ។ តួយ៉ាងនៅក្នុងការប្រើប្រាស់ប័ណ្ណ ប.ស.ស.ក្នុងការទៅពិនិត្យ និងព្យាបាលជំងឺនៅ តាមមន្ទីរពេទ្យរដ្ឋដោយមិនគិតថ្លៃ និងនៅក្នុងការអនុវត្តគោលនយោបាយ គាំពារសង្គមផ្សេងៗទៀត ដែលជាប្រយោជន៍សម្រាប់បងប្អូនគ្រួសារអតីតយុទ្ធជន ។

ជាមួយនេះក៏លើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តចូលរួមគាំទ្រ និងសហការ ដើម្បីឱ្យសមាគមអតីតយុទ្ធជនគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត អនុវត្តន៍ការងាររបស់ខ្លួនឱ្យកាន់តែល្អប្រសើរ ដើម្បីរួមចំណែកលើកកម្ពស់ តួនាទីរបស់អតីតយុទ្ធជនឱ្យស័ក្កិសមនឹងគុណបំណាច់ របស់អតីតយុទ្ធជន ចំពោះបុព្វហេតុប្រទេសជាតិ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print