ភ្នំពេញ ៖ បុរសម្នាក់បានយកកាំបិតចុងស្រួចយកទៅអារ ក ខ្លួនឯង ឈាមហូរបាញ់ជោគ តែមិនស្លាប់ ត្រូវបានបងប្អូនប្រជាពលរដ្ឋប្រទះឃើញ រាយការណ៍ទៅសមត្ថកិច្ច អន្តរាគមន៍ហៅរថយន្តសង្គ្រោះ ដឹកយកទៅសង្គ្រោះអាយុជីវិត ដោយសារតែតូចចិត្តប្រពន្ធសុំលែង។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៣និង០៥នាទីរសៀល ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នៅដីវាលមួយកន្លែងក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះឈ្មោះ នៅ ឡឹង ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួលក្នុងភូមិកើតហេតុ មានទូលំនៅភូមិទួលកំរៀង ឃុំថ្មី ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានស្រុកកំណើត ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មានកូនប្រុស១នាក់ អាយុ៦ឆ្នាំ ប្រពន្ធសុំលែងលះគ្នាហើយ ។
បើតាមប្អូនស្រីរបស់ជនរងគ្រោះ បានឱ្យដឹងថា គ្រួសាររបស់គាត់ រស់នៅមិនចុះសម្រុងគ្នា ហើយខាងប្រពន្ធបានសុំលែងលះ ច្រើនខែមកហើយ ទុកកូនប្រុសម្នាក់ឱ្យនៅជាមួយ ។ ប្រភពបន្តទៀតថា តាំងពីប្រពន្ធលែងលះមក ជនរងគ្រោះ ចេះតែមានអារម្មណ៍មិនល្អ ដើរផឹក ខុសពីសព្វដង ហើយរយៈពេល៣ថ្ងៃហើយ ជនរងគ្រោះ ព្យាយាមប៉ងសម្លាប់ខ្លួន តែមិនបានសម្រេច កូនប្រុសតាមមើលរហូត ស្រាប់តែនៅរសៀលថ្ងៃនេះ មុនកើតហេតុ ខណៈដែលបងប្អូន កូនប្រុសមិននៅបន្ទប់ ស្រាប់តែជនរងគ្រោះ ដើរចេញទៅបាត់ រហូតដល់វេលាម៉ោងខាងលើ ផ្អើលពលរដ្ឋ អ្នកភូមិ ប្រទះឃើញ ជនរងគ្រោះយកកូនកាំបិតចុងស្រួច អារ ក ខ្លួនឯង ឈាមហូរបាញ់ ស្រោចជោគ តែនៅមានដង្ហើម ។
ជនរងគ្រោះ ក្រោយពីពលរដ្ឋប្រទះឃើញ ប៉ុនប៉ងស្លាប់ខ្លួនឯង ដេកដួលនៅលើគម្របលូ រាយការណ៍ទៅសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ ហៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ជាមួយបងប្អូន ក្រុមគ្រួសារ៕ដោយ៖សុខាសែនជ័យ