រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ឯករាជ្យភាពផ្នែកសេដ្ឋកិច្ចរបស់ប្រជាសហគមន៍ គឺជាភាពជោគជ័យរបស់គម្រោងអភិវឌ្ឍន៍

ចែករំលែក៖

ភ្នំពេញ÷បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងថា ការផ្តល់នូវឯករាជ្យភាពផ្នែកសេដ្ឋកិច្ចជូនដល់ប្រជាសហគមន៍តំបន់ការពារធម្មជាតិ និងការផ្ទេរអំណាចឱ្យទៅអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើអន្តរាគមន៍ភ្លាមៗខណៈមានបទល្មើសធនធានធម្មជាតិកើតឡើងគឺជាភាពជោគ ជ័យ និងនិរន្តភាពរបស់គម្រោងអភិវឌ្ឍន៍ នានា ហើយក៏ជាការរំពឹងទុករបស់អ្នកអនុវត្តគម្រោង និងម្ចាស់ជំនួយផងដែរ។ ការថ្លែងឡើងរបស់លោករដ្ឋមន្រ្តី ធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកបណ្ឌិត ហ្សង់ បាទីស្ទ (Jean-Baptiste) នាយកកម្មវិធីនៃមូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍ ADF នាថ្ងៃទី ២២ មករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន។

លោកបណ្ឌិត ហ្សង់ បាទីស្ទ (Jean-Baptiste) នាយកកម្មវិធីនៃមូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍ ADF បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីអំពីកិច្ចសហប្រតិបត្តិការកន្លងមកក្នុងភាពជាដៃគូរវាងមន្ទីរបរិស្ថានខេត្តសៀមរាប និងមូលនិធិបុរាណវិទ្យានិងអភិវឌ្ឍន៍ ADF និងស្នើសុំការគាំទ្រពីក្រសួងបរិស្ថានលើកិច្ចសហប្រតិបត្តិការបន្ត ដើម្បីរួមចំណែកក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ តាមរយៈការពង្រឹង និងពង្រីកការដាំដើមឈើឡើងវិញ ដែលជាប្រយោជន៍ជូនទៅប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងប្រជាសហគមន៍។

បណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការ និងជំរុញឱ្យមូលនិធិបុរាណវិទ្យានិងអភិវឌ្ឍន៍ ADF បន្តគម្រោងអភិវឌ្ឍន៍ ដើម្បីផ្តល់នូវឯករាជ្យភាពលើផ្នែកសេដ្ឋកិច្ចដល់ប្រជាសហគមន៍ ដែលនេះគឺជាទិសដៅអាទិភាពនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់ទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលធានាចីរភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងការកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។ 

បន្ថែមពីនេះ ចំពោះការផ្ទេរអំណាចទៅឱ្យអាជ្ញាធរមូលដ្ឋានសហការ និងទប់ស្កាត់លើបទល្មើសធនធានធម្មជាតិ មិនមានន័យថា ក្រសួងបរិស្ថានមិនយកចិត្តទុកដាក់ចំពោះបទល្មើសព្រៃឈើនោះទេ គឺក្រសួងបានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ ៤ចំណុចរួមមានៈ ១.ការជំរុញការអនុវត្តច្បាប់១០០% មិនមានការលើក លែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ចុះកិច្ចសន្យា ហើយដោះលែងអ្នកប្រព្រឹត្តបទល្មើស,២.ការសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត នោះគឺអាជ្ញាធរមូលដ្ឋានរាជធានី ខេត្ត ដែលមានតួនាទី ភារកិច្ចគ្រប់គ្រងធនធានធម្មជាតិឱ្យបានស្អិតរមួត, ៣. ការសហការជាមួយគណៈបញ្ជាការដ្ឋានកងរាជអាវុធ ហត្ថលើផ្ទៃប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ បន្ថែមលើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ដែលបានអនុវត្តកន្លងមក និង ៤.ការជំរុញការដាំ និងស្តារព្រៃឈើ សំដៅឱ្យមានការដាំដើមឈើឱ្យច្រើនជាងការកាប់ ដើម្បីបង្កើនការដាំដុះគម្របព្រៃឈើឲ្យបាន៦០% នៅឆ្នាំ២០៥០៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print