ក្រសួងមហាផ្ទៃ ចេញសេចក្តីប្រកាសព័ត៌មានស្តីពី កិច្ចប្រជុំពិនិត្យ វាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២៣ និងចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ២០២៤ រវាងក្រសួងមហាផ្ទៃកម្ពុជា-វៀតណាម

ចែករំលែក៖

ភ្នំពេញ​៖​ តបតាមការអញ្ជើញរបស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក តូ ឡឺម សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងនគរបាល បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងនគរបាលវៀតណាម អញ្ជើញបំពេញទស្សនកិច្ចការងារ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពិនិត្យវាយតម្លៃលទ្ធផលកិច្ចសហ- ប្រតិបត្តិការឆ្នាំ២០២៣ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងនគរបាល នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង មហាផ្ទៃ។

លោកអភិសន្តិបណ្ឌិត ស សុខា បានសម្តែងនូវការស្វាមគមន៍យ៉ាងកក់ក្តៅជូនចំពោះ លោកឧត្តមសេនីយ៍ឯក តូ ឡឹម ក្នុងនាមជាគណៈប្រតិភូជាន់ខ្ពស់ផ្លូវការលើកដំបូង ដែលបានអញ្ជើញមក បំពេញទស្សនកិច្ច ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់ក្រសួងមហាផ្ទៃកម្ពុជា នៅក្នុងអាណត្តិ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ។ លោកអភិសន្តិបណ្ឌិត ស សុខា បានជម្រាបជូនដោយសង្ខេប អំពីស្ថានភាពទូទៅនៃសេដ្ឋកិច្ច នយោបាយ និងសន្តិសុខរបស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេស អំពី គោលដៅអាទិភាពនានារបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលផ្តោតលើមនុស្ស ទឹក ផ្លូវ ភ្លើង និងបច្ចេកវិទ្យា ក្នុងនោះ ក៏បានជម្រាបជូនអំពីសមត្ថកិច្ចពាក់ព័ន្ធនឹងក្រសួង មហាផ្ទៃ ក្នុងការជំរុញអនុវត្តយុទ្ធសាស្ត្របញ្ចកោណឱ្យទទួលបានប្រសិទ្ធផលខ្ពស់ ។

លោកឧត្តមសេនីយ៍ឯក តូ ឡឹម ក៏បានថ្លែងនូវការអបអរសាទរចំពោះ លោកអភិសន្តិបណ្ឌិត នូវការផ្តល់សេចក្តីទុកចិត្តតែងតាំងជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងសូមគាំទ្រ ចំពោះទិសដៅអាទិភាពនានាដែលបានដាក់ចេញនៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ។ ទន្ទឹមនេះឧត្តមសេនីយ៍ឯក តូ ឡឹម ក៏បានសម្តែងនូវការកោតសរសើរចំពោះរាជរដ្ឋាភិបាលអាណត្តិថ្មី ពោរពេញដោយថាមភាពដែល លោក ជឿជាក់ថា នឹងបន្តដឹកនាំនាវាកម្ពុជាសម្រេចបាននូវសមិទ្ធផល សំខាន់ៗ និងលេចធ្លោថែមទៀត ក្នុងបេសកកម្មដើម្បីបុព្វហេតុជាតិ និងប្រជាជន ។

ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគី លោកអភិសន្តិបណ្ឌិត ស សុខា និងលោកឧត្តមសេនីយ៍ឯក តូ ឡឹម បានគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលសម្រេចបានក្នុងឆ្នាំ២០២៣ កន្លងទៅនេះ ជាអាទិ៍ ការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក ការបណ្តុះបណ្តាលធនធានមនុស្ស និងការ ជួយគាំទ្រផ្នែកសម្ភារៈបច្ចេកទេស ។ ភាគីទាំងពីរ ក៏បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ កិច្ចសហការយ៉ាងជិតស្និទ្ធរវាងអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចតាមបណ្តាខេត្តជាប់ព្រំដែន ដែលតែង ជួយគាំទ្រគ្នាទៅវិញទៅមក ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន អំពើជួញដូរ-រត់ពន្ធមនុស្សឆ្លងដែន ការថែរក្សាសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពតាមខ្សែបន្ទាត់ព្រំដែនបានល្អប្រសើរ ដែលរួមចំណែក បង្កលក្ខខណ្ឌសមស្របដល់ការរស់នៅ និងការប្រកបជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ។

ទន្ទឹមនេះ លោកអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង លោកឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ក៏បានផ្លាស់ប្តូរយោបល់ទៅវិញទៅមកអំពីបច្ចុប្បន្នភាព និងការវិវត្តនៃសភាពការណ៍សន្តិសុខ និងនយោបាយក្នុងតំបន់ និងសកលលោក ក្នុងនោះក៏បានឯកភាព កត់សម្គាល់លើបញ្ហាប្រឈមមួយចំនួន ដូចជា បទល្មើសគ្រឿងញៀន បទល្មើសជួញដូរមនុស្ស បទល្មើស បច្ចេកវិទ្យា ដែលនៅតែបន្តជះឥទ្ធិពលអវិជ្ជមានដល់ទិដ្ឋភាពសន្តិសុខក្នុងតំបន់ ក៏ដូចជាប្រទេសទាំងពីរ កម្ពុជា-វៀតណាម ។ ផ្អែកលើសភាពការណ៍ប្រែប្រួលនៃសន្តិសុខសកល លោកអភិសន្តិបណ្ឌិត និង លោកឧត្តមសេនីយ៍ឯក តូ ឡឹម បានឯកភាពថា កិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃកម្ពុជា និង ក្រសួងនគរបាលវៀតណាម ជាកត្តាស្នូលមួយក្នុងការបន្តធានាដល់សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព សង្គម ដើម្បីបង្កលក្ខខណ្ឌអំណោយផលដល់ការអភិវឌ្ឍសម្រាប់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ ។

ផ្អែកលើស្មារតីនេះ ដើម្បីបន្តអនុវត្តនូវយន្តការសហប្រតិបត្តិការអនុវត្តច្បាប់កាន់តែសកម្ម និងខ្លាំងក្លាថែមទៀត លោកអភិសន្តិបណ្ឌិត និង លោកឧត្តមសេនីយ៍ឯក តូ ឡឹម បានចុះហត្ថលេខាលើផែនការ សហប្រតិបត្តិការឆ្នាំ២០២៤ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម ព្រមទាំងបាន ឯកភាពយកចិត្តទុកដាក់បន្តអនុវត្តកិច្ចការសំខាន់ៗមួយចំនួន រួមមាន៖

-បង្កើនកិច្ចសហការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ទាំងក្នុងក្របខណ្ឌ ទ្វេភាគី និងតំបន់ ព្រមទាំងការផ្លាស់ប្តូរបទពិសោធន៍ការងារ និងការអភិវឌ្ឍធនធានមនុស្ស សំដៅឆ្លើយតបបានសមស្របទៅនឹងការវិវត្តស្មុគស្មាញនៃបទល្មើស ជាពិសេសបទល្មើសមិន ប្រពៃណីដែលកំពុងមានកើនឡើងយ៉ាងឆាប់រហ័ស ។

-សហការជំរុញការបើកដំណើរការជាផ្លូវការនូវបណ្តាច្រកទ្វារព្រំដែនអន្តរជាតិ ដែលរដ្ឋាភិបាល នៃប្រទេសទាំងពីរបានឯកភាពគ្នាកន្លងមក ដើម្បីឱ្យសមស្របតាមបរិបទរីកចម្រើននៃសេដ្ឋកិច្ច សង្គម និងជំរុញដល់កំណើននៃការផ្លាស់ប្តូរពាណិជ្ជកម្ម ព្រមទាំងការផ្លាស់ប្តូររវាងប្រជាជន និង ប្រជាជន ដែលបន្តមានការកើនឡើងជាលំដាប់ ក៏ដូចជារួមចំណែកលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង ។

...

ក្នុងឱកាសនៃកិច្ចប្រជុំទ្វេភាគីនេះ ក្នុងស្មារតីលើកកម្ពស់ទំនាក់ទំនងរវាងភាគីទាំងពីរ លោកអភិសន្តិបណ្ឌិត បានជម្រាបជូន លោកឧត្តមសេនីយ៍ឯក តូ ឡឹម ផងដែរថា ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លោក នឹងនៅតែបន្តខិតខំពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រសួងនគរបាល នៃ សាធារណរដ្ឋសង្គមនិយមវៀតណាម កាន់តែជិតស្និទ្ធថែមទៀត ផ្អែកលើមូលដ្ឋាននៃសមិទ្ធផល ដែល រាជរដ្ឋាភិបាលអាណត្តិមុន សម្រេចបានដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ជាតិ និងប្រជាជន នៃប្រទេសទាំងពីរ៕ដោយ៖ស​ តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print