សម្តេចធិបតី ហ៊ុន ម៉ាណែត​ ថ្លែង​ប្រសាសន៍សំខាន់ៗ​ក្នុងពិធីអបអរសាទរ “ខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ២៤ មករា ១៩៩៩ – ២៤ មករា ២០២៤”

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះ បានមានប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ “ខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ២៤ មករា ១៩៩៩ – ២៤ មករា ២០២៤” ។

សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្ដេច​មហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ មានដូចខាងក្រោម​៖

-សម្តេចធិបតី ថ្លែងរំលឹកថា ការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក កាលពីឆ្នាំ១៩៩៩ គឺមានសារសំខាន់បំផុត ខណៈកងទ័ពជើងគោក បានចូលរួមប្រតិបត្តិការយ៉ាងសកម្ម ក្នុងការប្រមូលផ្គុំកងទ័ពគ្រប់ភាគីទាំងអស់ ចូលរួមក្នុងការអនុវត្តប្រកបដោយជោគជ័យ នូវនយោបាយឈ្នះឈ្នះ រួមទាំងបានការពារនូវយន្តការជាច្រើនទៀត ធ្វើឱ្យកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍៃរហូតដល់សព្វថ្ងៃនេះ។

-សម្ដេចធិបតី​ ថ្លែងបញ្ជាក់ថា រយៈ​ពេល​ ៤៥ឆ្នាំកន្លងមកនេះ បានបង្ហាញឱ្យឃើញច្បាស់ថា កម្ពុជាកំពុងឈានទៅមុខឥតឈប់ឈរ និងត្រឹមត្រូវ។

-សម្ដេចធិបតី​ បានថ្លែង​បន្តថា​ កងទ័ពជាកម្លាំងសំខាន់ ដែលអាចបង្កជាសង្គ្រាម ហើយកងទ័ពក៏អាចបញ្ចប់សង្គ្រាម នាំមកនូវសុខសន្តិភាពផងដែរ។

-សម្តេចធិបតី​ ថ្លែងកោតសរសើរ និងអរគុណដោយស្មោះចំពោះយោធិនទាំងអស់ ដែលបានលះបង់អស់ពីកម្លាំងកាយចិត្ត លះបង់ក្រុមគ្រួសារដែលជានិច្ចកាលតែងតែបានខិតខំព្យាយាមជម្នះឧបសគ្គតូចធំ ប្រកៀកស្មាគ្នាយ៉ាងរឹងមាំ សាមគ្គីភាព ឯកភាពផ្ទៃក្នុង និងសហការបានល្អ ជាមួយបណ្តាគ្រប់កងឯកភាពទូទាំងកងយោធពលខេមរភូមិន្ទ ក្នុងកិច្ចការពារនូវសុខសន្តិភាព អធិបតេយ្យភាព បូរណភាពទឹកដីជាដើមនាពេលកន្លងមក។

-សម្តេចធិបតី ថ្លែង​អំពាវនាវជាថ្មីម្តងទៀត ដល់នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ត្រូវតែការពារនូវសុខសន្តិភាពឲ្យខាងតែបានគ្រប់កាលៈទេសៈទាំងអស់ ខណៈសន្តិភាពនេះហើយ ដែលធានាបាននូវការអភិវឌ្ឍប្រទេសជាតិរបស់យើង។

-សម្ដេចធិបតី ថ្លែង​ថា កំណែទម្រង់កងទ័ព ត្រូវផ្អែកលើស្មារតីជាតិនិយម។ សម្ដេចធិបតី បញ្ជាក់​ថា ធ្វើយ៉ាងណាត្រូវផ្អែកលើស្មារតីពង្រឹងឯករាជ្យ ម្ចាស់ការលើការធ្វើទំនើបកម្មកងទ័ព។

-សម្ដេចធិបតី​ ថ្លែង​ថា ដើម្បីពង្រឹងសមត្ថភាពកងទ័ព ត្រូវពង្រឹងសាលា ដើម្បីពង្រឹងសាលា ត្រូវពង្រឹងយោធាចារ្យ។
-សម្ដេចធិបតី៖ កម្ពុជានឹងកសាងសាលា ហ្វឹកហ្វឺនបន្ថែមទៀត ដោយផ្ដោតលើជំនាញរថក្រោះ, កាំភ្លើងធំ និងការពារអាកាស។

-សម្ដេចធិបតី ថ្លែងថា​ កម្ពុជាមិនមានមហិច្ឆតារំលោភឈ្លានពានគេនោះទេ។ កម្ពុជាធ្វើទំនើបកម្មកងទ័ពដូចប្រទេសនានាដែរ។ នៅក្នុងពិភពលោក នេះ មិនមានច្បាប់ហាមឃាត់ប្រទេសណាមួយ មិនឱ្យធ្វើទំនើបកម្មកងទ័ពនោះឡើយ។

-សម្ដេចធិបតី​ ថ្លែង​ថា​ កងកម្លាំងប្រដាប់អាវុធទាំងអស់ គឺជាកម្លាំងស្នូលដ៏សំខាន់ក្នុងការចូលរួមថែរក្សាបរិយាកាសសន្តិភាព និងការអភិវឌ្ឍជាតិឱ្យកាន់តែរីកចម្រើន។​

-សម្ដេចធិបតី សង្កត់ធ្ងន់ថា ទោះតម្លៃណាក៏ដោយ ត្រូវតែរក្សាការពារសន្តិភាពឱ្យបានជាដាច់ខាត។

-សម្ដេចធិបតី ថ្លែង​ណែនាំឱ្យកងទ័ពបន្តធ្វើកំណែទម្រង់ដោយយកចិត្តទុកដាក់ខ្ពស់លើការរៀបចំរចនាសម្ព័ន្ធដឹកនាំ គ្រប់គ្រង និងការពង្រឹងរបៀបរបបការងារ ក៏ដូចជការកសាងសមត្ថភាពកងទ័ព ដែលជាទិសដៅការងារអាទិភាពក្នុងដំណើរការកំណែទម្រង់កងទ័ព។

-សម្ដេចធិបតី ថ្លែងថា ការហ្វឹកហ្វឺនកងទ័ព គឺត្រូវតែមានការពង្រឹងសមត្ថភាពរបស់សាលា ក៏ដូចជាទីទាំងហ្វឹកហ្វឺនឱ្យស្របតាមស្ដង់ដារ និងជាពិសេសការពង្រឹងសមត្ថភាពយោធាចារ្យឱ្យបានខ្លាំងប្រកបដោយចំណេះជំនាញ។

-សម្ដេចធិបតី​ ថ្លែង​ថា កម្ពុជា មិនមានមហិច្ឆតាក្នុងការឈ្លានពានទៅលើប្រទេសណាមួយឡើយ តែផ្ទុយទៅវិញ កម្ពុជា គ្រាន់តែជាការ ធ្វើទំនើបកម្មលើវិស័យកងទ័ព ដើម្បីពង្រឹងខឿនការពារជាតិរបស់ខ្លួនប៉ុណ្ណោះ។

សូមជម្រាបដែរថា​ នាឱកាស​នោះ​ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់អះអាងថា កងទ័ពជើងគោក ប្តេជ្ញា​ការពារ​ឲ្យ​បាន​ជា​ដាច់ខាតនូវជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជបល្ល័ង ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារ និង​ទប់ស្កាត់រាល់ជនទាំងឡាយណាក៏ដោយ ដែលមានចេតនា​បំផ្លិត​បំផ្លាញ​សុខ​សន្តិភាព​កម្ពុជា ដែលកំពុងមានសព្វថ្ងៃនេះ។

ក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី២៥ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃ​កង​យោធពលខេមរភូមិន្ទ (២៤ មករា ១៩៩៩ – ២៤ មករា ២០២៤) នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានបញ្ជាក់ថា នាយទាហាន នាយទាហានរង ពលទាហានទាំងអស់​នៃ​បញ្ជា​ការដ្ឋាន​កង​ទ័ព​ជើង​គោក នឹងមិនអនុញ្ញាតឲ្យបុគ្គលណា ឬក្រុមណាក៏ដោយ​ដែល​មាន​ចេតនា​ធ្វើ​បដិវត្តន៍​ពណ៌​នោះ នឹងត្រូវកំចាត់ចោលភ្លាមៗ មិនថាកាលៈទេសៈណានោះឡើយ។

ជាមួយគ្នានោះនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានលើកឡើងទៀតថា ក្នុងរយៈពេល​២៥​កន្លង​ម​ក​នេះ ​បញ្ជាការដ្ឋានកងទ័ពជើងគោក ការពារបានយ៉ាងម៉ុតមាំនូវព្រំដែន ការពារសុខសន្តិភាព ការពារ​ជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារ និង​ទប់​ស្កាត់​រាល់​បដិវត្តន៍​ពណ៌ និងការពារគ្រប់បែបយ៉ាងទាំងអស់ដើម្បីសុខសន្តិភាពជូនជាតិ និងប្រជាជនខ្មែរ​ទាំងមូល​។ ក្រៅពីការពារនូវបូរណភាព ទឹកដី និងអធិបតីភាព នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ក៏​បាន​រំលឹក​ផង​ដែរថា កងទ័ពជើងគោកក៏បានចូលរួមយ៉ាងសកម្មផងដែរ ជាមួយរាជរដ្ឋាភិបាល​ក្នុង​ការ​ទប់​ស្កាត់​ការរីករាលដាលនូវមេរោគកូវីដ១៩ ជួយសង្រ្គោះប្រជាពលរដ្ឋ​រង​គ្រោះដោយ​សារ​គ្រោះ​ធម្មជាតិ និងគ្រោះមហន្តរាយនានា និងជួយសកម្មភាពមនុស្សធម៌ជាច្រើនទៀត។

...

នៅ​ចំពោះមុខនៃពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៥ឆ្នាំ ថ្ងៃ​បង្កើត​បញ្ជា​ការដ្ឋាន​កងទ័ព​ជើង​គោក នៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ក៏បានប្តេជ្ញា​បង្កើន​សមត្ថភាព​របស់​ខ្លួន​ឲ្យ​កាន់​តែ​ខ្លាំង​ក្លា​បន្ថែម​ទៀត​ស្រប​ទៅ​តាម​ការ​កែ​ទម្រង់​របស់​អគ្គ​បញ្ជា​ការដ្ឋាន ក្រសួងការពារជាតិ ក៏ដូចជារាជរដ្ឋាភិបាល ដើម្បីការពារនូវអធិបតេយ្យភាព បូរណ​ភាព​ទឹក​ដី ការពារព្រំដែនសន្តិភាព ការពារជាតិ សាសនា ព្រះមហាក្សត្រ ការពា​រ​សុខ​សន្តិភាព​ជូន​ប្រជាពលរដ្ឋ និងប្រទេសជាតិ ដែលកំពុង មាននាពេលបច្ចុប្បន្ននេះ៕ដោយ៖ស​ តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print