ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី អគ្គស្នងការរងនគរបាលជាតិ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នេះ បានបង្ហាញនូវការវាយតម្លៃខ្ពស់ ចំពោះភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ដែលកន្លងមកតែងតែមានកិច្ចសហការល្អជាមួយកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ដើម្បីចូលរួមចំណែកការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈនៅក្នុងសង្គមនាពេលបច្ចុប្បន្ននេះ។
ក្នុងកិច្ចប្រជុំដកពិសោធន៍ការងារសន្ដិសុខឯកជន រវាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន សហគ្រាសគ្រឹះស្ថានប្រើប្រាស់សន្ដិសុខឯកជន, លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី បានគូសបញ្ជាក់ថា ក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន និងសហគ្រាសគ្រឹះស្ថាន កន្លងទៅបានអនុវត្តត្រឹមត្រូវតាមការកំណត់របស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ តែក្នុងនោះក៏មានមួយចំនួននៅចន្លោះប្រហោងផងដែរ ដែលទាមទារឲ្យមានការពិនិត្យយកចិត្តទុកដាក់បន្ដទៀត។
ជាក់ស្ដែង សម្រាប់កិច្ចប្រជុំនៅពេលនេះ គឺធ្វើឡើងដើម្បីពង្រឹង និងបង្កើនកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំក្នុងភាពជាដៃគូ និងស្វែងយល់ឲ្យកាន់តែស៉ីជម្រៅនូវចំណុចខ្លាំង និងចំណុចខ្សោយក្នុងការអនុវត្ត ភារកិច្ច កាតព្វកិច្ចរបស់ក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន សហគ្រាសគ្រឹះស្ថាន ដែលបានអនុវត្តកន្លងមក និងដើម្បីបង្កើនសមត្ថភាព បង្កើនកិច្ចសហការប្រកបដោយប្រសិទ្ធភាព ក្នុងការចូលរួមចំណែកថែរក្សាសន្ដិសុខសង្គម។ នេះបើតាមការលើកឡើងរបស់ លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរង។
ក្នុងន័យនេះ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី បានណែនាំឱ្យបណ្ដាក្រុមហ៊ុន និងសហគ្រាសគ្រឹះស្ថាន បន្ដយកចិត្តទុកដាក់ពិនិត្យឲ្យបានម៉ត់ចត់ក្នុងការជ្រើសរើសភ្នាក់ងារ ជៀសវាងសមាសភាពមិនល្អ សន្តិសុខឲ្យស្របទៅតាមលក្ខខណ្ឌ ជ្រៀតចូលជាភ្នាក់ងារសន្តិសុខឯកជន។ ចំពោះមន្ត្រីនគរបាលដែលចូលនិវត្តន៍ហើយ នៅមានសុខភាពល្អរឹងមាំ និងមានបំណងចង់ចូល ធ្វើការជាមួយសន្តិសុខឯកជន គួរតែលើកទឹកចិត្ត។
បន្ថែមពីនេះ ត្រូវបន្ដលើកកម្ពស់ និងគាំទ្រការបណ្តុះបណ្តាល បំប៉នជំនាញសន្តិសុខឯកជន ដោយចាត់បញ្ជូន ប្រធានតំបន់ ឬអ្នកគ្រប់គ្រង និងកម្លាំងភ្នាក់ងារមកទទួល ការបណ្ដុះបណ្តាល បំប៉នជំនាញពីអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ជាសេនាធិការ និងបន្តចូលរួមកិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់នូវរាល់ព្រឹត្តិការណ៍ជាតិ អន្តរជាតិ តាមសំណើ និងសំណូមរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
លោកបានជំរុញឲ្យបន្តចូលរួមសហការជាមួយសមត្ថកិច្ចក្នុងការបង្ការទប់ស្កាត់បទល្មើស ផ្សេងៗដូចជា ការប្រើប្រាស់អាវុធខុសច្បាប់, ការជួញដូរ ឬប្រើប្រាស់ គ្រឿងញៀន, ចោរកម្ម, ការចាប់ជំរិតជាដើម និងបន្ដចូលរួមសកម្មភាពក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល។
យោងតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បច្ចុប្បន្នភ្នាក់ងារសន្តិសុខឯកជនទូទាំងប្រទេស មានចំនួន៣១,៧៩៦នាក់/២៩,៧០៦នាក់ ប្រៀបធៀបទៅនឹងឆ្នាំ២០២២ កើនឡើង២,០៩០នាក់ ស្មើនឹង៧.០៤% (ស្រី២,៥០៧នាក់/២,៤២៧នាក់ កើនឡើង៨០នាក់ ស្មើនឹង៣.៣០%)។
ក្នុងនោះ ក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជនសរុបចំនួន២៩៨/២៧៥ក្រុមហ៊ុន កើនឡើង២៣ក្រុមហ៊ុន ស្មើនឹង៨.៣៦% មានភ្នាក់ងារសន្តិសុខឯកជនសរុប ១៦,៦៨៧/១៥,៦១៧នាក់ កើនឡើង១,០៧០នាក់ ស្មើនឹង៦.៨៥% (ស្រី២,១៥៩/២,០៧៤នាក់ កើនឡើង៨៥នាក់ ស្មើនឹង ៤.១០%)។ សហគ្រាសគ្រឹះស្ថានជ្រើសរើសភ្នាក់ងារសន្តិសុខឯកជនសរុប ចំនួន១,៩៧៨/១,៩៥៣គ្រឹះស្ថាន កើនឡើង២៥ទីតាំង ស្មើនឹង១.២៨% ភ្នាក់ងារសន្តិសុខឯកជន ចំនួន១៥,១០៩/១៤,០៨៩នាក់ កើនឡើង១,០២០នាក់ ស្មើនឹង៧.២៤% (ស្រី៣៤៨/៣៥៣នាក់ ថយចុះ០៥នាក់ ស្មើនឹង១.៤២% មានគោលដៅ២,១៣៩/២,១១៤ទីតាំង កើនឡើង២៥ទីតាំង ស្មើនឹង១.១៨%។
ដោយឡែក សម្រាប់ការបណ្ដុះបណ្ដាលបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជនវិញ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ ការបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន សរុបចំនួន៥៦វគ្គ សិក្ខាកាមចូលរួមសរុប៩,៨៦៦នាក់ (ស្រី២៣០នាក់) ក្នុងនោះ ភ្នាក់ងារសន្តិសុខឯកជន សរុបចំនួន៩,៦៣៨នាក់ (ស្រី២១១នាក់) និងនគរបាលជាតិ សរុបចំនួន២២៨នាក់ (ស្រី១៩នាក់)៕ដោយ៖តារា