ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានជំរុញឱ្យសមាគមគ្រឹះស្ថានឧត្តមសិក្សាបច្ចេកទេស និងបណ្តុះបណ្តាលវិជ្ជាជីវៈឯកជន តម្រង់ទិសលើកម្មវិធីសិក្សាដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាលើការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ។
ការជំរុញបែបនេះ បានធ្វើឡើងក្នុងជំនួបសម្តែងការគួរសមរវាងលោក ហេង សួរ និងសមាគមគ្រឹះសស្ថានឧត្តមសិក្សាបច្ចេកទេស និងបណ្តុះបណ្តាលវិជ្ជាជីវៈឯកជនដែលដឹកនាំដោយលោកបណ្ឌិត ណុប នរិន្ទដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃពុធទី២៤ ខែមករា ឆ្នាំ២០២៤នេះ។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់សមាគមពីតួនាទីជាអាទិភាពរបស់ក្រសួងដែលជាសេនាធិការជូនរាជរដ្ឋាភិបាលក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដើម្បីបង្កើតកម្លាំងពលកម្មជំនាញក្នុងទីផ្សារការងារកម្ពុជាដែលកំពុងមានភាពទូលំទូលាយទាមទារឱ្យវិស័យឯកជនជាពិសេសវិទ្យាស្ថានដែលធ្លាប់បណ្តុះបណ្តាលជំនាញឯកទេសចូលរួម។
ជាការឆ្លើយតបសមាគម បានថ្លែងអំណរគុណលោករដ្ឋមន្ត្រី ហើយថាបានយល់យ៉ាងច្បាស់ពីគោលនយោបាយជាអាទិភាពរបស់ក្រសួងក្នុងអាណត្តិទី៧នេះ។
មុននឹងបញ្ចប់ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោករដ្ឋមន្ត្រី បានអះអាងថា ក្រសួងបានត្រៀមខ្លួនរួចជាស្រេចក្នុងការជួយបណ្តុះបណ្តាលគ្រូបង្គោលរបស់វិស័យឯកជនលើជំនាញចាំបាច់ណាមួយដែលសមាគមត្រូវការដើម្បីបំពេញ និងបង្កើនសមត្ថភាពបន្ថែម៕ដោយ៖តារា