ខេត្តតាកែវ ៖ នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នេះក្រុមការងារតាមដានព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សូមធ្វើការបំភ្លឺនិងបដិសេធទាំងស្រុងចំពោះគណនីហ្វេស
ប៊ុកឈ្មោះ NeNe Love ដែលបានផុសនូវខ្លឹមសារវាយប្រហារ ចោទប្រកាន់មកលើលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ ត្រូវជាពូរបស់ជនល្មើស ជាអ្នកការពារនិងបិទសំណុំរឿង ស៊ីលុយរបស់ជនល្មើសដែលបានកាប់ប្អូនប្រុសខ្លួនបណ្តាលឱ្យស្លាប់។
សូមបញ្ជាក់ជូនថា កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ មានករណីឃាតកម្ម នៅចំណុចផ្លូវជាតិលេខ២ ស្ថិតក្នុងឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ បង្កឡើងដោយជនសង្ស័យមួយក្រុមកាប់ទៅលើជនរងគ្រោះឈ្មោះ ប៉ែត កុសលសិទ្ធិ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិបន្ទាយ ឃុំជីខ្មា ស្រុកទ្រាំង បណ្តាលឱ្យស្លាប់ភ្លាមៗ ខណៈកំពុងជិះម៉ូតូតាម។
ក្រោយពេលកើតហេតុ កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តតាកែវ សហការជាមួយកម្លាំងអធិការនគរបាលស្រុកពាក់ព័ន្ធបានចុះធ្វើការស្រាវជ្រាវភ្លាមៗ រហូតដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ទើបឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ផែន រ៉ាឌី ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិក្រពុំឈូក ឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ។ បន្ទាប់ពីសាកសួរ កម្លាំងជំនាញបន្តឃាត់ខ្លួនជនសង្ស័យ០៣នាក់ទៀតនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ រួមមាន ១-ឈ្មោះ សន វណ្ណរ៉ា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់, ទី២-ឈ្មោះ ស៊ឹម ចន្នី ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិអណ្តូងកៀន ឃុំភ្នំដិន ស្រុកគិរីវង់(ជនដៃដល់) និងទី៣-ឈ្មោះ សុខ សេមសេរីវឌ្ឍនៈ ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ។
ក្រោយធ្វើការសាកសួរ ជនសង្ស័យទាំង៤នាក់បានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពកាប់ជនរងគ្រោះប្រាកដមែន ។ មូលហេតុព្រោះក្រុមខ្លួនមានរឿងនៅកន្លែងផ្សេង ពេលជិះមកដល់កន្លែងកើតហេតុឃើញជនរងគ្រោះជិះម្នាក់ឯងក៏កាប់ពីក្រោយតែម្តង។
ករណីនេះ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ បានយកចិត្តទុកដាក់ដឹកនាំបញ្ជាតាមស្រាវជ្រាវរហូតបង្ក្រាបជនសង្ស័យបាន និងបានកសាងសំណុំរឿងតាមនីតិវិធី ទៅសាលាដំបូងខេត្តតាកែវ ដោយមិនមានលម្អៀង ឬមានការបិទបាំងព័ត៌មាន បិទសំណុំរឿងការពារជនល្មើសនោះឡើយ ។
មួយវិញទៀត លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ ក៏មិនមានពាក់ព័ន្ធជាសាច់ញាតិ បងប្អូន ជនល្មើសក្នុងករណីនេះ ដូចការចោទប្រកាន់របស់ម្ចាស់គណនីNeNe Love នោះដែរ។
សេចក្តីបំភ្លឺ និងបដិសេធនេះ ម្ចាស់គណនីNeNe Love ត្រូវកែប្រែខ្លឹមសារ និងធ្វើការបំភ្លឺឆ្លើយតបជាសាធារណៈ ដើម្បីបង្ហាញភាពត្រឹមត្រូវ និងសុំទោសចំពោះលោកឧត្តមសេនីយ៍ទោ ស្នងការ ដែលម្ចាស់គណនីបានចោទប្រកាន់ទាំងបំពាន បំផ្លើសទាំងស្រុងនូវការណ៍ពិត បង្កឱ្យមានការយល់ច្រឡំមកលើការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត ក៏ដូចជាអង្គភាព នៃស្នងការដ្ឋាននគរបាលខេត្តតាកែវទាំងមូល។ លើសពីនេះក៏បង្កឱ្យមានការប្រមាថពីសំណាក់មហាជនលើបណ្តាញសង្គមហ្វេសប៊ុកដែលមិនបានយល់ពីរឿងហេតុច្បាស់លាស់។
ស្នងការដ្ឋាននគរបាលខេត្តតាកែវ សង្ឃឹមថា ម្ចាស់គណនី NeNe Love នឹងសហការជាមួយសមត្ថកិច្ច ដើម្បីជៀសវាងទទួលខុសត្រូវចំពោះមុខច្បាប់ ៕ ដោយ ៖ ភារ៉ា ដង្កោ