ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១២ខែកក្កដា ឆ្នាំ២០១៦កន្លងទៅនគរបាលប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្តព្រះសីហនុបានចុះ បង្ក្រាបទីតាំងផលិតសាប៊ូក្លែងក្លាយមួយ កន្លែងស្ថិតនៅម្តុំទំនប់រលកចាស់ ក្នុងភូមិ៣ សង្កាត់លេខ១ក្រុងខេត្តព្រះសីហនុ ដោយ រឹបអូសគ្រឿងផ្សំជាច្រើនមុខ ។
លោកវរសេនីយ៍ឯក ស៊ុន សុផាត ស្នងការរងនគរបាលខេត្តព្រះសីហនុទទួលផែនកណ្តាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបាន ឲ្យដឹងថាដោយមានការណែនាំពីលោក ឧត្តមសេនីយ៍ទោ ជួន ណារិន្ទស្នងការ នគរបាលខេត្ត ព្រមទាំងមានការចូលរួមពីស្ថាប័នព្រះរាជអាជ្ញាផង នៅរសៀលថ្ងៃ ទី១២ ខែកក្កដា ឆ្នាំ២០១៦ កម្លាំងជំនាញបានចុះបង្ក្រាបនិងឆែកឆេរទីតាំងផលិតសាប៊ូក្លែងក្លាយគ្មានច្បាប់អនុញ្ញាតមួយ កន្លែងដែលមានម្ចាស់ឈ្មោះគួច ឆេងហួរ ភេទប្រុស អាយុ៥៣ឆ្នាំ នៅតំបន់ទំនប់ រលកចាស់ ស្ថិតនៅក្នុងភូមិ១សង្កាត់លេខ៣ ក្រុងព្រះសីហនុ។
ករណីចុះបង្ក្រាបនេះ សមត្ថកិច្ចរឹបអូសគ្រឿងផ្សំជាច្រើនមុខ មានអាល់កុល១ប៊ីដុង,សាប៊ូលាងចានលាយហើយ១០ប៊ីដុង,មេសាប៊ូ៩លីត្រ,មេទឹកលាងកញ្ចក់១០លីត្រ,អាស៊ីតលឿង៧លីត្រមេទឹកខ្មៅ២លីត្រ,កូស្ទីក៨លីត្រ,មេសាប៊ូលាងបង្គន់៧លីត្រ,សាប៊ូលាងដៃ,ម្សៅខាប់១០គីឡូក្រាម,ស៊ុលហ្វាត១០គីឡូក្រាម,មេពពុះ១០គីឡូក្រាម,ម៉្សៅបន្ទន់ខោអាវ ១២គីឡូក្រាម និងគ្រឿង ផ្សំជាច្រើនមុខ ទៀត ។
លោកស៊ុន សុផាតបានបញ្ជាក់ថា គ្រឿងផ្សំទាំងនេះនឹងបញ្ជូនទៅមន្ទីរឧស្សាហកម្មរ៉ែ និងថាមពលដើម្បី ពិសោធមើលគុណ ភាពថា តើការផលិតសាប៊ូទាំងនេះមានការប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ដែរ ឬទេ? ៕
ដោយ៖ ឆ្លាមសមុទ្រ